អាសន្ន​ហើយ! ជំងឺ​ហ្ស៊ីកា កំពុង​រាតត្បាត​ក្នុង​ទីក្រុង​បាងកក

  • 2016-09-11 17:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុស​ហ្ស៊ីកា (Zika) ២១​ករណី ត្រូវ​គេ​រាយការណ៍​ថា​កើត​មាន​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម Sathon របស់​ទីក្រុង​បាងកក ខណៈ​ដែល​មន្ត្រី​ទទួល​ខុស​ត្រូវ​កំពុង​ឃ្លាំមើល​យ៉ាង​ប្រុងប្រយ័ត្ន​លើ​ករណី​អាច​ឆ្លង​ទៅ​កាន់​បណ្ដា​សង្កាត់​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទីក្រុង​ទាំង​មូល។

 

លោក​វេជ្ជបណ្ឌិត Wantanee Wattana លេខាធិការរង​​របស់​រដ្ឋបាល​ក្រុង​បាងកក (BMA) បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ដែល​ឆ្លង​វីរុស​ទាំង​នោះ ក៏​មាន​ស្ត្រី​ពរ​ពោះ​ម្នាក់​ផង​ដែរ ដែល​ប្ដី​របស់​នាង​ទើប​ត្រឡប់​មក​ពី​សិង្ហបុរី។ នេះ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ថៃ កាល​ពី​ថ្ងៃ​សៅរ៍ ម្សិល​មិញ​នេះ។

 

 

ស្ត្រី​នោះ មាន​អាការ​ក្ដៅ​ខ្លួន​ខ្លាំង ឡើង​កន្ទួល ឈឺ​សន្លាក់​ឆ្អឹង និង​ភ្នែក​ឡើង​ក្រហម។ នាង​ឆ្លង​វីរុស​នេះ ពេល​ដែល​គភ៌​មាន​អាយុ ៣៧ សប្ដាហ៍​ទៅ​ហើយ តែ​ពេល​នោះ នាង​បាន​សម្រាល​កូន ខណៈ​ម្ដាយ និង​កូន មាន​សុវត្ថិភាព​ទាំង​អស់។

 

សង្កាត់ Sathon ស្ថិត​នៅ​ជាប់​សង្កាត់ Bang Kholaem, Bang Rak, Khlong Toei, Pathumwan និង Yannawa នៃ​ទីក្រុង​បាងកក។ អ្នក​ឆ្លង​វីរុស ត្រូវ​គេ​ណែនាំ​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ ៣០ ថ្ងៃ។

 

អាជ្ញាធរ​ថៃ​បាន​រាយការណ៍​ថ្មីៗ​នេះ​ថា ករណី​ឆ្លង​វីរុស​ប្រមាណ​ជា ២០ ករណី មាន​នៅ​ខេត្ត Bung Kan, Chanthaburi, Chiang Mai និង Phetchabun ។

 

ហ្ស៊ីកា ជា​វីរុស​ចម្លង​តាម​មូស​ខ្លា​ញី ដែល​រក​ឃើញ​ដំបូង​​លើ​សត្វ​ស្វានៅ​ប្រទេស Uganda នៃ​ទ្វីប​អាហ្វ្រិក ក្នុង​ឆ្នាំ​១៩៤៧ និង​​លើ​មនុស្ស​នៅ​ឆ្នាំ ១៩៥២ នៅ Uganda និង​សាធារណរដ្ឋ តង់ហ្សានី។ ហ្ស៊ីកា ឆ្លង​តាម​រយៈ​មូស​ខ្លាញី​មានផ្ទុកវីរុស ហ្ស៊ីកា និង​ជា​ជំងឺ​ឆ្លង​ពី​ម្ដាយ​ទៅ​ទារក​ក្នុង​ផ្ទៃ។ ​​ក្រោយ​រីករាលដាល​ខ្លាំង​នៃ​​ជំងឺ​នេះ គេ​សង្កេត​ឃើញ​ថា ទារក​កើតដែល​​មក​មាន​ក្បាល​តូច ទន់​ដៃជើង កូន​ស្លាប់​ក្នុង​ផ្ទៃ។ ហ្ស៊ីកា ជា​​ធម្មតា​បង្ក​ឱ្យ​មាន​ជំងឺ​​ស្រាល​មិន​ធ្ងន់ធ្ងរ ដែល​ចេញ​រោគសញ្ញា​នៅ​រយៈ​ពេល​ពីរ​ឬ​បី​ថ្ងៃ ក្រោយ​មូស​ខ្លា​ផ្ទុក​វីរុស​ខាំ។ អ្នក​ឆ្លង​ជំងឺនេះ មាន​រោគសញ្ញាគ្រុនក្ដៅ​តិចៗ ឈឺក្បាល កន្ទួល​ក្រហម​​លើ​ស្បែក។ អ្នក​ខ្លះ​ក្រហម​ភ្នែក ឈឺ​សាច់​ដុំ ឈឺ​សន្លាក់ និង​អស់​កម្លាំង ហើយ​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២ ទៅ ៧ ថ្ងៃ ដោយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ថ្នាំ​បំបាត់​ការឈឺចាប់ និង​ផឹកទឹក សម្រាក​ឱ្យ​​បាន​ច្រើន។ ប៉ុន្តែ​បើ​រោគសញ្ញា​វិវត្ត​កាន់​តែ​អាក្រក់ អ្នក​ជំងឺ​ត្រូវ​ស្វែងរក​ការ​ផ្ដល់​ប្រឹក្សា​វេជ្ជសាស្ត្រ ប៉ុន្តែ​បច្ចុប្បន្ន គ្មាន​ការ​ព្យាបាល​ជាក់លាក់​ ឬ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ឡើយ។

 

ដោយ៖ សុផាត ប្រភព និង​រូបភាព៖ Bangkok Post

អត្ថបទថ្មី