ឡុង សុវណ្ណឌឿន «ចាញ់ឬឈ្នះខ្សែក្រវាត់អាទិត្យនេះក៏មិនទៅណាចោលប្រដាល់»
- 2016-09-18 13:57:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង សុវណ្ណឌឿន «ចាញ់ឬឈ្នះខ្សែក្រវាត់អាទិត្យនេះក៏មិនទៅណាចោលប្រដាល់»
ចន្លោះមិនឃើញ
កីឡាករចប់បរិញ្ញាបត្រទីផ្សារ ឡុង សុវណ្ណឌឿន មិនថាឈ្នះឬចាញ់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ភេសជ្ជៈគោជល់របស់ទូរទស្សន៍ PNN ចុងសប្ដាហ៍នេះទេក៏មិនបោះបង់ប្រដាល់គុនខ្មែរចោលដែរ។
ឡុង សុវណ្ណឌឿន
កីឡាករនិងពិធីកររួបសង្ហារម្នាក់នេះបានឲ្យ Sabay ដឹងពីគោលជំហររបស់ខ្លួនចំពោះប្រដាល់គុនខ្មែរថាចាញ់ឬឈ្នះ ជើងខ្លាំង ពេជ្រ សីហា នៅវគ្គផ្ដាច់ព្រ័ត្រភេសជ្ជៈគោជល់ទម្ងន់៦៩កីឡូក្រាមក៏ដោយ ក៏ខ្លួនមិនទៅណាចោលប្រដាល់គុនខ្មែរទេ។ បើទោះជាមានវ័យរាងជ្រេបន្តិចមែនពិត តែទឹកចិត្តនៅតែមានហើយឲ្យតែនៅមានកម្លាំងអាចឡើងប្រកួតបាន កីឡាកររូបនេះនៅតែបន្តអាជីពឈឺខ្លួននេះដដែល។
នៅពេលខាងមុខពិធីករប្រដាល់រូបនេះចង់យកចំណេះពីការសិក្សាផ្នែកបរិញ្ញាបត្ររបស់ខ្លួនបូកផ្សំជាមួយបទពិសោធន៍ខាងផ្នែកប្រដាល់នេះ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយដើម្បីជួយពង្រីកផ្សព្វផ្សាយវិស័យគុនខ្មែរឲ្យគេស្គាល់កាន់តែច្រើននិងរីកចំរើនជាងនេះទៅទៀត។
នៅថ្ងៃផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យទី១៨ សីហានេះនោះដែរ ទស្សនិកជននឹងប្លែកភ្នែក ចម្លែកអារម្មណ៍ ព្រោះមានរឿងរ៉ាវពិសេសៗ ៣ ជុំវិញគុនខ្មែរ។
ទី១ ហើយសំខាន់បំផុតនោះ គឺសង្វៀនរបស់ភីអិនអិន នឹងកក្រើកខុសពីសព្វមួយដង ដ្បិតអ្នកលេងគុនខ្មែរលំដាប់កំពូលពីររូប នឹងធ្វើព្យុះធ្វើភ្លៀង ពោលគឺ ពេជ្រ សីហា និង ឡុង សុវណ្ណឌឿន ត្រូវប្រជែងគ្នាដណ្ដើមខ្សែក្រវាត់ របស់កម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ ប្រភេទទម្ងន់៦៩ គ.ក អមដោយទឹកប្រាក់ជើងឯក ២០លានរៀល។
រឿងទី២ គឺអ្នកស្នងគុនខ្មែរពន្លកថ្មីកំពុងល្បី២រូប ក៏នឹងត្រូវតតាំងជាមួយអ្នកប្រដាល់មកពីថៃ គឺ ព្រឿង សុជាតិ ស្វាគមន៍ ភិតដាំ ដួងចៃផរ។ រីឯ ពេជ្រ ប៊ុនឆេន ត្រូវសាកកម្លាំងនឹង សាមស៊ីង លូកឈុនប្រាថាន។
ចុងក្រោយហើយអស្ចារ្យបំផុតនោះ គឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រម៉ារ៉ាតុនទម្ងន់៦០គីឡូក្រាមប្រចាំខែ រវាង ខុន បូឡា និង ចាន់ សច្ចា ដូចគ្នានេះ រិទ្ធិ មុន្នី ត្រូវប៉ះគ្នាជាមួយ ផាន់ សារុន ដើម្បីដណ្ដើមបេក្ខភាពវ៉ៃជាមួយបរទេស ដែលភីអិនអិនបណ្តុះចេញពីការជម្រុះប្រចាំសប្តាហ៍នាពេលកន្លងមក៕
អត្ថបទ៖ នួន ស៊ីណា