ពេជ្រ​ សីហា​ ដឹង​ថា​ខ្លួន​ចាញ់​ព្រោះ​វាយ​ ឡុង​ សុវណ្ណឌឿន​ មិន​ឈឺ​ផង

  • 2016-09-19 17:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់​ដៃ​ ពេជ្រ​ សីហា ​ថា​សម្រាប់​ការ​ចាញ់​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោ​ជល់​របស់​ទូរទស្សន៍​ PNN​ ទម្ងន់​ ៦៩​ គីឡូក្រាម​នេះ​គឺ​ពិត​អស់​ចិត្ត​ហើយ​ព្រោះ​ដឹង​ថា​ខ្លួន​វៃ​ដៃ​គូ​មិន​ឈឺ​បន្តិច​ផង។​

 

 

បើ​តាម​ការ​ឲ្យ​ដឹង​កីឡាករ​មុខ​តាន់​ ពេជ្រ​ សីហា​ ដោយ​សារ​តែ​មាន​ជំងឺ​ផ្ដាសាយ​ទើប​ធ្វើ​ឲ្យ​ជើង​ខ្លាំង​រូប​នេះ​គ្មាន​កម្លាំង​ក្នុង​ការ​ប្រកួត​នោះ​ទេ​ បើ​ទោះ​ខំ​ព្យាយាម​វៃ​យ៉ាង​ក៏​មិន​ធ្វើ​ឲ្យ​កីឡាករ​ ឡុង​ សុវណ្ណឌឿន ​ឈឺ​​ដែរ ។​ ចំពោះ​ការ​ចាញ់​ខ្សែ​ក្រវាត់​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​កីឡាករ​ពូកែ​ប្រើ​ដៃ​រូប​នេះ​ពិត​ជា​អស់​ចិត្ត​ហើយ​ មិន​មាន​អ្វី​តវ៉ា​ឬ​ចាញ់​ដោយ​សារ​ភ្លាត់​ស្នៀត​ដូច​អំឡុង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​​កីឡាករ​ រឿង​ សុភ័ណ្ឌ​ នៅ​ទូរទស្សន៍​ CNC​ នោះ​ទេ។​

 

 

ក្រោយ​បញ្ចប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោ​ជល​រដូវ​កាល​ទី៣​រវាង​កីឡាករ​ ឡុង​ សុវណ្ណឌឿន​និង​ ពេជ្រ​ សីហា​ នៅ​ស្ថានីយ​ទូរទស្សន៍​ PNN​ ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​បើក​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​រដូវ​កាល​ទី៤ ​ក្នុង​ពេល​នោះ​ផង​ដែរ។ ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ​ជា​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៧៥​ គីឡូក្រាម​ដែល​មាន​បេក្ខភាព​ខ្មែរ​៤រូប​និង​ថៃ​៤រូប​។

 

បេក្ខភាព​ដែល​ចូល​រួម​ប្រកួត​បែងចែក​ជា​២​ពូល ដោយ​ពូល​ A ​កីឡាករ​កម្ពុជា​រួម​មាន​ មាស​ ភារម្យ​ សុខ​ ទូច​ ព្រុំ​ សំណាង​ អ៊ុង​ វីរៈ​ ឯ​ពូល B ​ កីឡាករ​ថៃ​វិញ​មាន​ ឌីសេសលេក​ ឡាយផេត​ ណាក់រ៉បដាំ​ តងចេ ឆាយណាធីប​ ។ សម្រាប់​ប្រកួត​សន្សំ​ពិន្ទុ​ទៀត​សោត​កីឡាករ​ខ្មែរ​មិន​ប្រកួត​ប៉ះ​គ្នា​នោះ​ទេ ពួក​គេ​នឹង​ធ្វើ​ការ​ប្រកួត​ឆ្លង​ពូល​ខ្មែរ​ប៉ះ​ថៃ​​នៅ​វគ្គ​សន្សំ​​ពិន្ទុ។ បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​កីឡាករ​ខ្មែរ​និង​កីឡាករ​ថៃ​រូប​ណា​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​មាន​សិទ្ធ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង៕

 

 

 

អត្ថបទ៖​ នួន​ ស៊ីណា

អត្ថបទថ្មី