Miss Grand Cambodia រួម​ជាមួយ​កុមារ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Kodomo ចែក​រំលែក​ក្ដី​ស្រឡាញ់

  • 2016-09-21 17:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​ជយលាភី Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា រួម​ជាមួយ​ប្អូន​ៗ​កុមារ​៨នាក់​ផ្សេង​ទៀត​ បាន​ធ្វើ​សកម្មភាព​សប្បុរសធម៌​រួម​គ្នា​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋដោយ​ការ​ចែក​រំលែក​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​ទៅ​កុមារ​របស់​អង្គការ​ដែល​សុទ្ធ​សឹង​ជា កុមារ​ក្រីក្រ។

 

 

កញ្ញា ហេង ចន្ថា Miss Grand Cambodia 2016 ចែក​អំណោយ​ជូន​កុមារ​អង្គការ "​លើក​ស្ទួយ​ប្រជាពលរដ្ឋ"

 

សកម្មភាព​ចម្បង​​ៗដើម្បី​ចែក​រំលែង​ក្ដី​ស្រឡាញ់ មាន​ដូច​ជា​បញ្ចេញ​សមត្ថភាព​របស់​ប្អូន​ៗ​កុមារ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Kodomo ទាំង​៨​រូប រួម​ទាំង​ការ​ចែក​ចែក​ផលិតផល​សម្រាប់​កូន​ក្មេង​ជូន​កុមារ​របស់​អង្គការ​ផង។

 

នេះ​ជា​សកម្មភាព​ថ្មី​មួយ​របស់​កញ្ញា ហេង ចន្ថា Miss Grand Cambodia 2016 ដែល​ត្រៀម​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​ក្រោយ។ យុវតី​វ័យ ២១ បញ្ជាក់​ថា នាង​ធ្លាប់​តែ​ធ្វើ​​ក្នុង​លក្ខខណៈ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម​គ្រួសារ ប៉ុន្តែ​លើក​នេះ គឺ​ក្នុង​នាម​ការងារ។

 

ដូច្នេះ​ហើយ​នាង​សប្បាយ​ចិត្ត​សម្រាប់​កិច្ចការ​នេះ ព្រោះ​នាង​ជឿ​ថា កុមារ​នឹង​ទទួល​បាន​ភាព​កក់ក្ដៅ ក្នុង​ពេល​ពួក​គេ​ទាំង​អស់​ ភាគ​ច្រើន​ជា​កុមារ​ក្រីក្រ និង​កំព្រា​ថែម​ទៀត។ ងាក​មក​លោក មែ វិចិត្របុត្រ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន BKA Entertainmentដែល​ដឹកនាំ​សកម្មភាព​ខាង​លើ បាន​បញ្ជាក់​ថា ធ្វើ​​បែប​នេះ ដើម្បី​បណ្ដុះ​ក្ដី​ស្រឡាញ់​​ក្នុង​ចិត្ត​របស់​កុមារ​កម្ពុជា​ក្រោម​ប្រធាន​បទ 3L(3L Charity(Love.Live.Laugh)"។

 

 

"គោល​ដៅ​របស់​យើង គឺ​ចែក​រំលែក​​ក្ដី​ស្រឡាញ់ ការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព ជាមួយ​នឹង​ស្នាម​ញញឹម រីករាយ​ និង​ក្ដី​សង្ឃឹម"។ ប្អូន​ៗ​កុមារ​ខ្ទង់​១០០​នាក់​ក្នុង​ចំណោម ៦៨០​នាក់ បាន​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយ​ការកម្សាន្ត ផ្ដល់​ពី Miss Grand Cambodia និង​កុមារ​ទាំង​៨​រូប​របស់​កម្មវិធី​ខាង​លើ។

 

អ្នកស្រី នួន ភិមាន នាយិកា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ បញ្ជាក់​ថា ក្រៅ​ពី​ទទួល​យក​ការងារ​ ក៏​ជា​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេង​ៗ​ កុមារ​ត្រូវ​ការ​ការ​លេង​សប្បាយ​ថែម​ទៀត។ ដូច្នេះ​ហើយ​សម្រាប់​សកម្មភាព​នាំ​មក​ជូន​នៅ​ព្រឹក​នេះ ដោយ​ក្រុម​ការងារ​ខាង​លើ អ្នក​ស្រី​ពិត​ជា​មាន​ក្ដី​សោមនស្ស​មែន​ទែន។

 

"មើល​ទៅ​ពួក​គេ​សប្បាយ​ណាស់ ហើយ​យើង​ចង់​ឲ្យ​ពួក​គាត់​ដូច្នេះ ពី​មុន​គាត់​ធ្លាប់​តែ​រើស​សម្រាម សុំ​ទាន តែ​ឥឡូវ​បាន​រៀន មាន​ញុំា​បាយ​គ្រប់​គ្រាន់ ហើយ​បាន​សប្បាយ​រីក​រាយ​ទៀត។ អីចឹង​ហើយ​ខ្ញុំ​សូម​អរគុណ​មែន​ទែន!"។

 

 

អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ(PIO) មាន​ទាំង​អស់​៣​សាខា គឺ​សាខា​ធំ​ស្ទឹង​មានជ័យ បុរីកីឡា និង​សាខា​បុរី​សន្តិភាព។ តាម​អ្នក​ស្រី​នាយិកា កុមារ​ក្នុង​អង្គការ​របស់​អ្នក​ស្រី​សរុប​ទាំង​៣​សាខា មាន​ចំនួន ១៤០០នាក់ ក្នុង​នោះ​កុមារី​ប្រមាណ​ជាង ៨០នាក់។ ពួក​គេ​ទាំង​អស់ សុទ្ធ​ជា​អតីត​កុមារ​រស់​លើ​គំនរ​សម្រាម និង​សុំ​ទាន​គេ។

 

ដោយ​ឡែក​កុមារ​របស់ Kodomo ទាំង​៨​រូប​វិញ តាម​អ្នក​គ្រប់​គ្រង​ខាង​លើ​បញ្ជាក់​ថា បន្ទាប់​ពី​សកម្មភាព​ព្រឹក​មិញ​នេះ ពួក​គេ​នឹង​​ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត នៅ​ថ្ងៃ​ទី​២២ កញ្ញា ខាង​មុខ​នេះ ដើម្បី​ប្រជែង​យក​ជយលាភី។ កម្មវិធី​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ MyTV ផង៕

 

 

 

 

 

 

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី