អ្នកប្រដាល់ល្បី៥រូបប្រាប់ពីគោលដៅក្នុងថ្ងៃបិណ្ឌភ្ជុំធំ
- 2016-09-28 20:29:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ល្បី៥រូបប្រាប់ពីគោលដៅក្នុងថ្ងៃបិណ្ឌភ្ជុំធំ
ចន្លោះមិនឃើញ
ពិធីបុណ្យកាន់បិណ្ឌបានប្រព្រឹត្តជាច្រើនថ្ងៃហើយ ខណៈពិធីបុណ្យភ្ជុំបិណ្ឌដែលគ្រប់គ្នាហៅថា ភ្ជុំធំក៏កាន់តែខិតជិតចូលមកដល់ដែរ។ ប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនាបាននាំគ្នាទៅវត្តដើម្បីធ្វើបុណ្យកុសលឧទ្ទិសមគ្គផលជូនបុព្វការីជនដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។ អ្នកប្រដាល់កម្ពុជាល្បីឈ្មោះ៥រូបបានប្រាប់ពីគម្រោងទៅវត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
កីឡាករចាស់វស្សា សេន ប៊ុនថេន បានប្រាប់ថា លោក និងភរិយានឹងទៅលេងឪពុកម្ដាយនៅខេត្តរតនគីរីដើម្បីទៅវត្តជុំគ្នានៅវត្តភ្នំស្វាយក្នុងខេត្តនោះតែម្តង។
អ្នកលេងជង្គង់ ឡុង សុភី ថា រូបគេ និងគ្រួសារនឹងទៅលេងខេត្តស្វាយរៀងដែលជាស្រុកកំណើតខាងភរិយាហើយនៅថ្ងៃឆ្លងធំនឹងទៅវត្តប៉ាយាបនៅខេត្តស្វាយរៀងនេះតែម្ដង។
ពិធីករ និងជាអ្នកប្រដាល់ ឡុង សុវណ្ណឌឿន ប្រាប់ថា រូបគេនិងគ្រួសារនឹងទៅស្រុកកំណើតនៅឯស្រុកកោះធំ ខេត្តកណ្ដាល ហើយគ្រោងនឹងទៅវត្តកោះទាវក្នុងថ្ងៃបុណ្យចុងក្រោយផងដែរ។
ចំណែកអ្នកប្រដាល់ក្រមុំតែងខ្លួន អ៊ុំ ចំរើន វិញឲ្យដឹងដែរថា រូបគេនឹងទៅលេងផ្ទះមិត្តភក្ត្រនៅខេត្តកំពង់ចាមហើយត្រលប់មកភូមិតាឡី ខណ្ឌដង្កោ រាជធានីភ្នំពេញវិញដើម្បីទៅវត្តហាលដែលជាស្រុកកំណើតជីតាផងដែរ។
អតីតជើងខ្លាំងមកពីក្លឹបឆ័ត្រយោង៩១១ ឡៅ ស៊ីណាត ប្រាប់ដឹងថា លោកចង់ទៅលេងស្រុកកំណើតខាងប្រពន្ធដែរ ប៉ុន្តែដោយរបួសជើងមិនទាន់ជាសះស្បើយនៅឡើយ ដូច្នេះមិនអាចធ្វើដំណើរផ្លូវឆ្ងាយបានឡើយ។ រូបគេ និងគ្រួសារនឹងទៅវត្តភ្នំក្នុងថ្ងៃភ្ជុំធំនៅខេត្តកំពង់ស្ពឺដែលជាស្រុកកំណើតតែម្តង។
អត្ថបទ៖ នួន ស៊ីណា