TNT 135 ផ្លាស់ប្តូរ​បច្ចេកវិទ្យា ក្រោយ​​ពន្យារ​ចេញ​លក់​លើ​ទីផ្សារ​ម្តង​ហើយ​ម្តង​ទៀត

  • 2016-10-17 19:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Benelli បាន​ពន្យារ​ពេល​ក្នុង​ការ​បញ្ចេញ​លក់​ម៉ូតូ TNT 135 លើ​ទីផ្សារ​ម្តង​ហើយ​ម្តង​ទៀត។ យ៉ាង​ណា ការ​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​មួយ​ចំនួន​​ដែល​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម ជា​​មូលហេតុ​សំខាន់​ដែល​ក្រុមហ៊ុន​បាន​​លើក​ឡើង​​ សម្រាប់​ការ​យឺតយ៉ាវ​នេះ​។

 

 

លោក ផេង ដារ៉ា អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Nengshun & Ranqun Motor បាន​​ឲ្យ​ដឹង​ថា TNT 135 បាន​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​មួយ​ចំនួន​ បន្ទាប់​ពី​បាន​តេស្ត​បើកបរ​សាកល្បង​ជាង ១០ ០០០ គីឡូម៉ែត្រ​នៅ​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​ដោយ​រក​ឃើញ​ចំណុច​ខ្វះខាត​​ដែល​ត្រូវ​អភិវឌ្ឍ​បន្ថែម។

 

លោក​ថា TNT 135 បាន​អភិវឌ្ឍ​បន្ថែម​ប្រព័ន្ធ​ស្អំ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​នៃ​ម៉ាស៊ីន ក្នុង​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ។ ចង្កៀង​មុខ​​ដែល​បំពាក់​ដោយ​គុជ​ចំនួន ៤ គ្រាប់ ​ត្រូវ​បាន​ផលិត​ឡើង​ថ្មី​ចេញ​ពី​រោងចក្រ​​ផ្ទាល់​របស់​ក្រុមហ៊ុន Benelli។ ​ចំណែក​សម្បក​កង់​​ក៏​មាន​ការ​​​​ផ្លាស់ប្តូរ​ថ្មី​​ រួម​ទាំង​កែប​​​ក៏​មាន​ការ​កែ​សម្រួល​ថ្មី​ឡើង​វិញ​។

 

 

TNT 135 បាន​អភិវឌ្ឍ​កម្លាំង​ម៉ាស៊ីន​រហូត 135 សេសេ ​ជាមួយ​ការ​បំពាក់​បច្ចេកវិទ្យា EFI ដែល​ជួយ​ម៉ាស៊ីន​​ដំណើរ​ស្ងាត់​និង​មាន​សន្ទុះ​​ខ្លាំង​។ ម៉ូតូ​ដែល​ផលិត​ផ្តោ​ត​លើ​ទីផ្សារ​យុវវ័យ​នេះ​​​ប្រើប្រាស់​​​​ប្រអប់​លេខ ៥ វគ្គ មាន​បំពង់​ស៊ីមាំង​ភ្លោះ​ពីរ។ កម្រិត​នៃ​ការ​ស៊ីសាំង ១ លីត្រ​អាច​បើកបរ​បាន​ចម្ងាយ​ផ្លូវ​​ប្រហែល ៤០ ទៅ ៥០ គីឡូម៉ែត្រ។

 

អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​រូប​នេះ ទទួល​ស្គាល់​ភាព​យឺតយ៉ាវ​ការ​ចេញ​លក់ TNT 135 ម្តង​ហើយ​ម្តង​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទឹកចិត្ត​អ្នក​គាំទ្រ​មួយ​ចំនួន។ ប៉ុន្តែ​ការ​ព្យាយាម​កែប្រែ​ចំណុច​ខ្វះខាត ដើម្បី​នាំ​ស្តង់ដា​ផលិតផល​ម៉ូតូ​​ដែល​អាច​​បំពេញ​តម្រូវការ​ប្រើប្រាស់ និង​ផ្តល់​ការ​ពេញ​ចិត្ត​ដល់​អតិថិជន​​​។

 

 

TNT 135 មាន​បី​ពណ៌​ពណ៌​ខ្មៅ ក្រហម និង​ស​ ហើយ​តម្លៃ​ប្រហែល ២៣០០ ដុល្លារ៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា