យុវជន​ក្មេងៗ ប្រជែង​គ្នា​បង្កើត​កម្មវិធី​ដាក់​លើ Play Store រហូត​ទទួល​បាន​ជយលាភី

  • 2016-10-31 17:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ខ្មែរ​ជា​ច្រើន​ក្រុម បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​បង្កើត​កម្មវិធី​ដាក់​លើ Play Store យ៉ាង​ស្វិតស្វាញ​ក្នុង​ព្រឹត្តិការណ៍​​បច្ចេកវិទ្យា​​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Google ឆ្នាំ ២០១៦ (GDG DevFest Phnom Penh 2016) រហូត​ទទួល​បាន​ជយលាភី​ប្រចាំ​ក្រុម​រៀង​ខ្លួន។

 

 

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ មាន​កម្មវិធី​​មួយ​​មានឈ្មោះ​ថា Hack+Marathon ឬ​ដែល​ហៅ​កាត់​ថា Hack​athon​ (ហែកថុន) តម្រូវ​ឲ្យ​​អ្នក​ចូលរួម​ប្រជែង​សមត្ថភាព​គ្នា​លើ​ការ​បង្កើត App លើ​ទូរសព្ទ​ដៃ​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្រោម​ប្រធានបទ "ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ទៅ​លើ​ដៃ​គូ​ស្វាមី ឬ​ដៃ​គូ​ស្និទ្ធស្នាល"

 

ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់ មាន​តែ​បី​ក្រុម​ប៉ុណ្ណោះ ក្នុង​ចំណោម​ក្រុម​ចូល​រួម​រហូត​ដល់ ៧ ក្រុម ​ក្នុង​នោះ​មាន​ក្រុម DevFWo(Development for Women) បាន​បង្កើត​កម្មវិធី​ឈ្មោះ​ថា Saffy ជា​ដែល​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ នៅ​ក្នុង​ការ​ប្រកួត។ ក្រុម Mr.Robot បាន​បង្កើត​កម្មវិធី​ឈ្មោះ​ថា Woman Assistant ​ចំណាត់​ថ្នាក់​លេខ ២ និង​ក្រុម CDev Group បាន​បង្កើត​កម្មវិធី​ឈ្មោះ​ថា Change ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ។

 

ចំពោះ​ប្រាក់​រង្វាន់​ក្នុង​ការ​ប្រកួតប្រជែង ក្រុម​​ចំណាត់​ថ្នាក់​លេខ១ ទទួល​បាន​ទឹកប្រាក់ ១២ ០០០០០រៀល ក្រុម​ចំណាត់​ថ្នាក់​លេខ ២ ទទួល​បាន​ទឹកប្រាក់ ៨ ០០០០០រៀល និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ទទួល​បាន​ទឹកប្រាក់ ៤ ០០០០០រៀល។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី App ដែល​បាន​ឈ្នះ Sabay នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ។

 

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ផ្ដោត​ចម្បង​លើ​បច្ចេកវិទ្យា​នានា​របស់ Google មាន​ដូចជា Android, App Engine, Google Maps, Drive ជា​ដើម​នៅ​ក្នុង​មជ្ឃមណ្ឌលសហប្រតិបត្តិការ​កម្ពុជា-កូរ៉េ(CKCC) ដែល​កម្មវិធី​នេះ​​បង្កើត​ឡើង​តាំង​​ពី​ឆ្នាំ២០០៨ នៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ជួបជុំ​ជាមួយ​នឹង​អ្នក​អភិវឌ្ឍ​ក្នុង​តំបន់ (Local Developer) និង​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​មក​សិក្សា បង្រៀន បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅមក និង​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​ជាង ១០០ នៅ​ទូទាំង​ពិភពលោក ដោយ​មាន​កិច្ចសហការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google ៕

 

 
 

អត្ថបទ៖ រក្សា

រូបភាពផ្តល់​ឲ្យ៖ ckcc