Benelli ជំរុញ​ទីផ្សារ​ម៉ូតូ មិន​ផ្ដោតលើ​ការ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​

  • 2016-11-15 08:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Benelli ដែល​ជា​យីហោ​ម៉ូតូ​ដ៏​ល្បី​មួយ​របស់​អ៊ីតាលី​ មើល​ឃើញ​ពី​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​​អ្នក​គាំទ្រ​ សំខាន់​ជាជាង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ ដើម្បី​ជំរុញ​ទីផ្សារ​លក់​ម៉ូតូ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។

លោក Dante Ricardo Bustos នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Benelli ប្រចាំ​តំបន់​អាស៊ី អាហ្វ្រិក​និង​អាមេរិក​​លើក​ឡើង​ក្នុង​ឱកាស​សម្ពោធ​ហាង​ថ្មី​នៅ​ខេត្ត​សៀមរាប​ថា ​Benelli មិន​​​​ប្រើ​​ប្រាស់​ការ​ផ្សាយ​ពាណិជ្ជកម្ម​​​ដើម្បី​ជំរុញ​​​​​ទីផ្សារ​ម៉ូតូ​ Benelli ទោះ​បី​ក្នុង​ស្ថានភាព​ដែល​​​មាន​ការ​ប្រកួត​ប្រជែង​ម៉ាក​យីហោ​​ម៉ូតូ​ក្រុមហ៊ុន​ដទៃ​ទៀត​​ដែល​បាន​ឈរ​ជើង​ជា​ច្រើន​ឆ្នាំ។ ​

លោក​ថា៖ "ខុស​ពី​ក្រុមហ៊ុន​ប្រកួតប្រជែង​មួយ​ចំនួន​ទៀត យើង​ចង់​អតិថិជន​បាន​ស្វែង​យល់​​ពី​ផលិតផល​ម៉ូតូ​របស់​យើង​​ដោយ​ផ្ទាល់​​ ជាជាង​ការ​ឃោសនា​ផ្សព្វផ្សាយ​ដែល​​ពលរដ្ឋ​ភាគច្រើន​យល់​ថា​តែង​តែ​មាន​ការ​​បំផ្លើស​ហួស​ការពិត​"។

ម៉ូតូ Benelli មាន​ប្រវត្តិ​ជាង ១០០ ឆ្នាំ ហើយ​​ពលរដ្ឋ​ទូទាំង​ពិភពលោក​ស្គាល់​ពី​យីហោ​ម៉ូតូ​នេះ។

លោក​​ថា Benelli ទើប​ហក់​ចូល​ទីផ្សារ​កម្ពុជា​​បាន​ជាង ៣ ឆ្នាំ។ ពលរដ្ឋ​មិន​ទាន់​ស្គាល់​ច្រើន ប៉ុន្តែ​ការ​បង្កើត​ទំនាក់ទំនង​​ជាមួយ​អ្នក​គាំទ្រ នឹង​នាំ​ឲ្យអតិិថជន​ចាប់ផ្តើម​​ស្គាល់​​ផលិតផល​​ម៉ូតូ​ Benelli បន្តិច​ម្តងៗ ទោះ​បី​វា​អាច​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ក៏​ដោយ។

លោក​ក៏​លើក​ពី​ជោគជ័យ​នៃ​ម៉ូតូ TNT 135 ជា​ម៉ូតូ​ Mini-Bike ដំបូង​ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ជាមួយ​ការ​រចនា​រូបរាង​ថ្មី​ប្លែក បច្ចេកវិទ្យា​ទំនើប​​​​​ដែល​ផ្តោត​លើ​ទីផ្សារ​ក្នុង​តំបន់​អាស៊ី។

លោក​ថា TNT 135 ​មាន​ការ​គាំទ្រ​​ច្រើន​ទាំង​ពលរដ្ឋ​កម្ពុជា​និង​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​ ដោយសារការ​រចនា​រូបរាង​របស់​វា​ប្លែក​​ខុស​ពី​គេ​​និង​បច្ចេកវិទ្យា​ទំនើប​ជាង​គូ​ប្រកួតប្រជែង ​​ហើយ​តម្លៃ​អាច​និយាយ​បាន​ថា​ទាប​ជាង​គូ​ប្រកួតប្រជែង ទោះ​បី​វា​មាន​សមត្ថភាព​ខ្លាំង​ជាង​ក៏​ដោយ។

លោក​លីន ឆាវណេង អគ្គនាយក​ក្រុមហ៊ុន Nengshun &Ranqun ប្រាប់​ថា តាម​រយៈ​ការ​​រៀបចំ​​ឲ្យ​មាន​កម្មវិធិ​ជួបជុំ​រវាង​​អ្នកគាំទ្រ​ ​គោលដៅ​ដើម្បី​​ឲ្យ​​​អតិថិជន​​បាន​ជួប​ ​សាកសួរ​ និង​​បញ្ចេញ​យោបល់​​​​ផ្សេងៗ​ពី​ម៉ូតូ​ Benelli ​និង​គូប្រកួតប្រជែង​​ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​ចាប់ផ្តើម​​​ស្គាល់​ពី​ម៉ូតូ​ជា​ប្រេន​របស់​អ៊ីតាលី​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ក៏​យកចិត្តទុកដាក់​ក្នុង​ការ​​ផ្តល់​សេវាកម្ម​​ដល់​ប្រសើរ​ដល់​​អតិិថជនក្រៅ​ពី​ការ​ស្វែង​រក​​ចំណេញ​ ដើម្បី​ជំរុញ​យីហោ​ម៉ូតូ​ថ្មី​ Benelli ​ទទួល​បាន​ការ​គាំទ្រ​​​​​ពី​អតិិថជន​ថ្មីៗ​បន្ថែម​ទៀត​​។

លោកអះអាង​​ថា នៅ​ពេល​​អតិថិជន​ចាប់ផ្តើម​​ស្គាល់​ ពួកគេ​នឹង​ផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់ ​និង​មិន​យូរ​មិន​ឆាប់ យីហោ​ម៉ូតូ​ថ្មី​​នេះ​នឹង​ចាប់ផ្តើម​ជ្រាប​លើ​ទីផ្សារ។

បន្ទាប់​ពី​បាន​បើក​​នាំ​ចូល​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ ក្រុមហ៊ុន Benelli Keeway បាន​ឈាន​ទៅ​ពង្រីក​សាខា​លក់​ម៉ូតូ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​​ ដែល​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ជួយ​ពង្រីក​យីហោ​នេះ​នៅ​ខេត្ត​ដែល​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​នោះ។

ចុចអាន៖ TNT 135 ម៉ូដែល​ថ្មី​មួយ​ទៀត​ចេញ​មុខ​ប្រជែង MSX

អត្ថបទ៖ ប៊ុណ្ណារ៉ា