វត្ត​ប្រាសាទ​ ល្បីខាងចារ​យ័ន្ត​លើ​លុយ និង​បន់ស្រន់​អ្វីៗ​ច្រើន​​បាន​ផល

  • 2016-12-05 10:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​រៀងរាល់​ថ្ងៃសីល និង​ថ្ងៃ​បុណ្យ​ទាន​ធំៗ គឺ​ពុទ្ធបរិស័ទ​ជាច្រើន​បាន​ទៅ​បន់ស្រន់ និង​ធ្វើ​ពិធី​ស្រោច​ទឹក ចារ​យ័ន្ត​លើ​លុយ និង​បន់​ស្រន់​ព្រះ​អង្គ​ធំ​ដើម្បី​សុំ​សេចក្ដី​សុខ រក​ស៊ី​មាន​បាន ហើយ​ខ្លះ​បន់​សុំ​កូន​ ក៏​សម្រេច​បាន​ដូច​បំណង​ជាច្រើន ម៉្លោះ​ហើយ​ទើប​មាន​អ្នក​មក​លាបំណន់ ដោយ​ជាវ​រូប​សំណាក​ពុទ្ធបដិមា​​ជាហូរហែ​មក​តម្កល់​ទុក​នៅ​វត្ត​ប្រាសាទ។ វត្ត​ប្រាសាទ​ស្ថិត​នៅ​ក្នុង​សង្កាត់​ពញា​ពន់ គឺជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ដែល​ទើប​កាត់ចេញ​ពី​ស្រុក​ពញាឮ​ ក្នុង​ខណ្ឌ​សែនសុខ កាល​ពី​ពេល​ថ្មីៗ​នេះ។

*ពុទ្ធបរិស័ទ​ជាច្រើន​បាន​ទៅ​វត្តប្រាសាទ​ដើម្បី​ឲ្យ​ព្រះចៅអិធការ​ប្រោសព្រហ្ម​ និង​ចារយ័ន្ត​លើលុយ*

ព្រះ​ចៅ​អធិការ​វត្ត​ ព្រះ​តេជគុណ សោម ស៊ីម មាន​សង្ឃដីកា​ថា តាមពិត​ទៅ​ជំនឿ​លើ​ពិធី​ស្រោចទឹក ចារ​លុយ​លើ​យ័ន្ត​ ពុំ​មាន​នៅ​ក្នុង​សាសនា​ព្រះពុទ្ធ​នោះ​ទេ ប៉ុន្តែ​ជា​តំណ​ត​តាំង​ពី​ដូនតា​មក ខ្មែរ​កាន់សាសនា​ពីរ គឺ​ព្រះពុទ្ធ​ផង និង ព្រហ្មញ្ញសាសនា​ផង ទើប​កើត​មាន​ទម្លាប់​ស្រោច​ទឹក​លើក​រាសី ឬ​បន់​ស្រន់​រកស៊ី​មាន​បាន​នៅ​ក្នុង​ទីវត្ត​អារាម​ដែល​កាន់សាសនា​ព្រះពុទ្ធ។

*ព្រះចៅអធិការវត្ត ព្រះតេជ​គុណ សោម ស៊ីម*

ព្រះ​តេជគុណ មាន​សង្ឃដីកា​ទៀត​ថា "អាត្មា​ក៏​មិន​ដឹង​ដែរ​ថា​គេ​បន់​អី ហើយ​គេ​ជោគជ័យ​ដូច​ម្ដេច តែ​គេ​ចេះ​តែ​មក​ឲ្យ​អាត្មា​ស្រោច​ទឹក និង​ចារ​ជា​យ័ន្ត​លើ​លុយ ហើយ​ខ្លះ​បន់ស្រន់​នឹង​ព្រះ​ធំ ក៏​រកស៊ី​មាន​បាន​ទៅ ដូច្នេះ​ហើយ​ពុទ្ធបរិស័ទ​ដែល​សម្រេច​បាន​តាម​ការ​ប្រាថ្នា​ ក៏​បាន​មក​លាបំណន់​​ដូចជា​ជាវ​រូប​សំណាក​ពុទ្ធបដិមា ខ្លះ​មាន​ឈឺ​ប្រណិត​ជា​រូប​ផ្សេងៗ មក​តម្កល់​ទុក​នៅ​ក្នុង​វត្ត​នេះ​ទើប​ធ្វើ​ឲ្យ​វត្ត​នេះ​សម្បូរ​គ្រឿង​ជាទី​សក្ការ​"។

ជាក់ស្ដែង​ពេល​ចូល​ផុត​ក្លោង​ទ្វារ​វត្ត គេ​ឃើញ​មាន​រូប​ចម្លាក់​​តូច ​ធំ​ ច្រើន​ម៉ូដ ច្រើន​បែប សាង​ឡើង​អំពី​ថ្ម​ភក់ ឃើញ​មាន​ដាក់​តាំង​ស្អេកស្កះ ពេញ​ប៉ែក​ខាង​ត្បូង​ និង​ខាង​មុខ​​ព្រះវិហារ ដែល​រូប​ចម្លាក់​ទាំង​អស់​នេះ សុទ្ធសឹងតែ​ជា​របស់​ពុទ្ធបរិស័ទ​ដែល​បួងសួង​ប្រាថ្នា​បាន​សម្រេច​ដូច​បំណង​រួច​ហើយ​ជាវ​យក​មក​តម្កល់​នៅ​ក្នុង​ទីអារាម​នេះ។

សូមទស្សនា​វីដេអូ​ខាងក្រោម​នេះ

ដោយសារ​តែ​ការ​ជឿ​លើ​អប្បិយជំនឿ​​ហើយ​បន់ស្រន់​ច្រើន​បាន​សម្រេច ដូច្នេះ​ហើយ​វត្ត​ប្រាសាទ​មួយ​នេះ អាច​ស្រូប​បាន​អ្នក​មក​បន់ស្រន់ ស្រោចទឹក ចារ​យ័ន្ត​លើ​លុយ​ យ៉ាង​តិច​ណាស់​ក៏​មាន​ ១០០ នាក់​ក្នុង​១ថ្ងៃ រៀងរាល់​​ថ្ងៃ​ចុង​សប្ដាហ៍ និង​​ពិសេស​ថ្ងៃសីល អាច​ច្រើន​លើស​នេះ​ជា​ពីរ​ដង​ ទៅ​បី​ដង​ឯណោះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា