ឆ្ងល់អត់! ម៉េចបានជាមានត្រីនៅលើភ្នំ?
- 2016-12-06 03:11:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់អត់! ម៉េចបានជាមានត្រីនៅលើភ្នំ?
ចន្លោះមិនឃើញ
ម្ដងម្កាល ពេលដែលយើងដើរលំហែកាយតាមព្រៃជ្រៅ រឺ ភ្នំធំៗដែលមានសំណើមខ្ពស់ ហើយពោរពេញទៅដោយព្រៃព្រឹក្សាលតាវល្លិដុះណែនណាន់តាន់តាប់លើគ្នា យើងអាចសង្កេតឃើញមានកូនថ្លុក រឺត្រពាំងតូចៗ ដែលមានទឹកថ្លាឈ្វេង និង រុក្ខជាតិតូចៗដុះតាមមាត់ទឹកផងដែរ។ បើយើងសង្កេតអោយបានច្បាស់ យើងនឹងឃើញមានកូនត្រីតូចៗដែលកំពុងហែលលេងក្នុងទឹកត្រជាក់ស្រឹមៗនោះទៀតផង។ មិនតែប៉ុណ្ណោះ នៅតាមដើមឈើធំៗដែលមានក្រហូងអាចដក់ទឹកបានខួបប្រាំងខួបវស្សា ក៍អាចមានកូនត្រី តូចៗរស់នៅក្នុងទឹកនោះផងដែរ។ ចម្ងល់គឺថា តើត្រីទាំងនោះអាចឡើងទៅលើភ្នំ រឺ ដើមឈើដោយរបៀបណា?
បើយោងតាមសៀវភៅ "មួយសែនបញ្ហា" របស់សាស្ត្រាចារ្យ ប្រាជ្ញ ជុំបានបកស្រាយថា ជាការពិត មូលហេតុទាំងនេះគឺបណ្ដាលមកពីបាតុភូតធម្មជាតិមួយ ដែលឧស្សាហ៍ កើតឡើងនៅលើផែនដីយើង ដែលគេអោយឈ្មោះថា “បាតុភូតខ្យល់កួច រឺ ព្យុះកំបុតត្បូង”។ នៅពេលដែលបាតុភូតខ្យល់កួចនេះកកើតឡើងនៅឯសមុទ្រ រឺ មហាសមុទ្រ កម្លាំងខ្យល់ដ៏មហិមាបានត្របាញ់នាំយករបស់ជាច្រើន មិនថាបំណែកទូកនេសាទ របស់របរលើកប៉ាល់ដឹកទំនិញ ទឹកសមុទ្ររាប់សិបម៉ែត្រគីប និងភាវៈមានជីវិតមួយចំនួន ដូចជាត្រីតូច ធំជាដើម។
វាបានឆក់យករបស់ទាំងអស់នេះទៅលើអាកាស រួចបោកបក់ទៅ កាន់ទីជិត រឺ ឆ្ងាយទៅតាមកម្លាំងខ្យល់។ ប៉ុន្តែ កាលណាកម្លាំងព្យុះទាំងនោះថយចុះអានុភាពរបស់វាបន្តិចម្ដងៗ ទាំងរបស់របរ ទាំងភាវៈមានជីវិត និង ទឹកភ្លៀងជាច្រើន ត្រូវបានធ្លាក់ត្រឡប់មកកាន់ផែនដីវិញ។ ចំណែកឯមួយភាគក៏បានធ្លាក់ចុះទៅតាមព្រៃភ្នំនានា ដែលបង្កើតបានជាកូនថ្លុក រឺ ត្រពាំងតូចៗ នៅតាមជ្រលងភ្នំ និង ទឹកដក់លើក្រហូងដើមឈើ ដែលមិនជ្រាបទឹកនោះឯង។
ពិសេសដោយសារតែលក្ខខ័ណ្ឌអំណោយផល ព្រមទាំងមានសត្វល្អិតតូចៗជាចំណីអាហារផង ទើបកូនត្រីទាំងនោះអាចចិញ្ចឹមជីវិត និង បង្កកំណើតជាបន្តបន្ទាប់នៅលើភ្នំ និង ដើមឈើទាំងនោះបាន។