ល្អាងភ្នំប្រាក់ ប្រៀបដូចដាននាគដ៏អាថ៌កំបាំងនៅស្ទឹងត្រែង គ្មាននរណាដឹង
- 2016-12-21 02:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អាងភ្នំប្រាក់ ប្រៀបដូចដាននាគដ៏អាថ៌កំបាំងនៅស្ទឹងត្រែង គ្មាននរណាដឹង
ចន្លោះមិនឃើញ
ល្អាងភ្នំប្រាក់ ដែលស្ថិតចម្ងាយ៣គីឡូម៉ែត្រ ពីភូមិវឿនសៀន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅតែជាចម្ងល់ស្រាយមិនចេញ របស់អ្នកភូមិ និងភ្ញៀវទេសចរ ដែលបានទៅទស្សនា ពីមូលហេតុនៃការកកើតរបស់វា។
លោក យ៉េន ម៉ី ប្រធានសហគមន៍អេកូទេសចរណ៍តំបន់អូរស្វាយ បានថ្លែងប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា រហូតមកទល់ពេលនេះ ពុំទាន់មាននរណាម្នាក់ដឹងពីមូលហេតុ នៃការកកើតល្អាងនេះនៅឡើយទេ មិនដឹងថា វាកើតដោយធម្មជាតិ ឬក៏មនុស្សជាអ្នកដាប់ថ្មធ្វើ។ វាមានប្រវែងរាប់រយម៉ែត្រដែលជ្រោះក្នុងថ្មជម្រៅជាងមួយដែល និងបត់បែនប្រៀបដូចជាដានពស់ ឬនាគវៀរដូច្នោះដែរ។ បុរសវ័យ ៥២ឆ្នាំ បានបន្តថា៖ «តាំងពីខ្ញុំធំឡើង ឆ្លងកាត់សម័យសង្គ្រាមមកដល់ពេលនេះ ខ្ញុំក៏ឃើញល្អាងភ្នំប្រាក់បែបនេះរហូតមក ហើយពេលសួរចាស់ៗ ក៏ពួកគាត់មិនដឹងដូចគ្នា"។
វីដេអូបង្ហាញពីភ្នំប្រាក់
អ្នកស្រី ហម ចាន់ថន អ្នកនាំភ្ញៀវទេសចរណ៍នៅរមណីយដ្ឋានអូរស្វាយ ក៏បានលើកឡើងផងដែរថា អ្នកស្រីក៏មិនបានដឹងពីប្រវត្តិនៃការកកើតល្អាងភ្នំប្រាក់នេះដូចគ្នា។ ល្អាងភ្នំប្រាក់នេះស្ថិតនៅកណ្តាលព្រៃសហគមន៍ដែលក្លាយជាតំបន់ដ៏អស្ចារ្យសម្រាប់បោះជំរំកម្សាន្ត។ រហូតដល់ពេលនេះ មានភ្ញៀវទេសចរតិចតួចបំផុតបានទៅដល់ទីនោះ រួមទាំងភ្ញៀវបរទេស២ឬ៣នាក់ ក៏ធ្លាប់ទៅផ្ដិតរូបភាពដែរ ហើយក៏មិនដឹងមូលហេតុ។ រីឯឯកសារក៏គ្មានផងដែរ ដូច្នេះហើយទើបវា នៅតែចម្ងល់មួយ រហូតដល់សព្វថ្ងៃ។
ល្អាងភ្នំប្រាក់ ស្ថិតនៅជើងភ្នំប្រាក់ មានចម្ងាយប្រហែល១៨គីឡូម៉ែត្រ ពីឃុំអូរស្វាយ។ ដើម្បីទៅដល់ល្អាងភ្នំមួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយជិះទូកតាមដៃទន្លេមេគង្គ រយៈពេលប្រហែល១ម៉ោង ទើបដល់ភូមិវឿនសៀន រួចបន្តធ្វើដំណើរដោយថ្មើរជើង ឬជិះគោយន្តចូលទៅព្រៃ៣គីឡូម៉ែត្រទៀត៕