ហង្ស ស៊ឺន៖ ៣ចំណុចតឹងរ៉ឹងពីក្រោយភាពជោគជ័យរបស់សិស្សឆត្រយោង៩១១
- 2016-12-26 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង្ស ស៊ឺន៖ ៣ចំណុចតឹងរ៉ឹងពីក្រោយភាពជោគជ័យរបស់សិស្សឆត្រយោង៩១១
ចន្លោះមិនឃើញ
គ្រូប្រដាល់គុនខ្មែរដែលជោគជ័យនិងបណ្ដុះបណ្ដាលកីឡាករជំនាន់ក្រោយជាច្រើនប្រចាំក្លឹបឆត្រយោង៩១១ ហង្ស ស៊ឺន ថាកីឡាករមិនមែនចេះតែបង្រៀនឲ្យវ៉ៃនោះទេ ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវទើបគ្រប់គ្រងនិងធ្វើឲ្យកីឡាករមានសមត្ថភាពគ្រប់គ្រាន់។
លោកគ្រូជើងចាស់ ហង្ស ស៊ឺន លើកឡើងថា មានច្បាប់ ៣ចំណុចធំៗដែលប្រើសម្រាប់បង្ហាត់និងគ្រប់គ្រងកូនសិស្សរបស់លោក។ ដែលច្បាប់ទាំងនេះបានធ្វើឲ្យកីឡាកររបស់ក្លឹបមានសមត្ថភាពនិងស្នាដៃជាច្រើនក្នុងវិស័យប្រដាល់គុនខ្មែរ។
ទី១ គោរពច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ ពេលម៉ោងហាត់រៀនគឺម៉ោងហាត់រៀន ម៉ោងសម្រាកគឺម៉ោងសម្រាក។ ទី២ លោកចាត់ចែងការហាត់តាមក្បូនខ្នាតនិងច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនចេះតែបង្ហាត់នោះទេ មើលពីសមត្ថភាពកម្រិតយល់ដឹងដែលសិស្សចាប់យកនិងហាត់ក្បាច់និមួយៗឲ្យស្ទាត់ជំនាញសិនទើបបន្តក្បាច់ដទៃទៀត។ ទី៣ ការផ្ដល់ចិត្តសាស្ត្រដល់កីឡាករ ពន្យល់សិស្សឲ្យយល់ពីអ្វីដែលខ្លួនចាប់យកនិងត្រូវធ្វើឲ្យអស់លទ្ធភាព។កិត្តិយសជារឿងសំខាន់ពេលឈប់ប្រកួតក៏នៅមានអ្នកគាំទ្រដែរ។
គ្រូរបស់ ឡៅ ស៊ីណាត លើកឡើងទៀតថាក្រៅពីច្បាប់ទាំង៣ខាងលើនៅមានចំណុចរួមផ្សំមួយចំនួនទៀតដែរ ដូចជាត្រូវពង្រឹងស្មារតីពួកគេជារៀងរាល់ថ្ងៃ មិនត្រូវតឹងរ៉ឹងមុននិងធូរស្រាលក្រោយនោះទេជាហេតុធ្វើឲ្យសិស្សកាចពេលក្រោយ។ រឿងមួយទៀតនោះកុំធ្វើឲ្យសិស្សបាក់ទឹកចិត្តឲ្យសោះដូចជាលុយកាករបស់ពួកគេនៅពេលឡើងប្រកួតមិនត្រូវប៉ះពាល់នោះទេព្រោះពួកគេពិបាកណាស់ទម្រាំបានលុយទាំងនេះ។ កូនសិស្សនឹកឃើញពីគុណតម្លៃរបស់គ្រូនិងក្លឹប ក៏នឹកឃើញទៅបើមិននឹកឃើញទេក៏ហីទៅ កុំទៅកៀបសង្កត់គ្នានោះអី។
គ្រូជើងចាស់ម្នាក់នេះបានបណ្ដុះបណ្ដាលកីឡាករឲ្យមានកេរ្តិ៍ឈ្មោះជាច្រើនដូចជា ឡៅ ស៊ីណាត ឡៅ ចិត្រា ព្រុំ សំណាង ហើយថ្មីៗនេះកូនសិស្សរបស់លោក គឺ ឡៅ ចន្រ្ទា និងកីឡាករ អ៊ុង វីរៈ ទើបឈ្នះខ្សែក្រវាត់២ផ្សេងៗគ្នាមួយនៅ PNN និងទៀតនៅ BTV៕