ហានិភ័យនឹកស្មានមិនដល់នៃជំងឺស្រ្តេស បើមានរោគសញ្ញាទាំងនេះគួរព្យាលបាលបន្ទាន់
- 2017-01-05 23:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហានិភ័យនឹកស្មានមិនដល់នៃជំងឺស្រ្តេស បើមានរោគសញ្ញាទាំងនេះគួរព្យាលបាលបន្ទាន់
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសដោយផ្ទាល់ជាមួយលោក បណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការ TPO បានឱ្យដឹងថា ស្រ្តេសគឺជាបម្រែបម្រួលអារម្មណ៍ នៅពេលមនុស្សជួបប្រទះហេតុការណ៍អ្វីមួយលើសពីការទ្រាំទ្របាន ធ្វើឱ្យតានតឹងអារម្មណ៍ ឧទាហរណ៍ការធ្វើដំណើរមានបញ្ហាកកស្ទះចរាចរណ៍ មានជម្លោះកន្លែងធ្វើការជាដើមសុទ្ធតែបង្កឱ្យមានបញ្ហាស្រ្តេស។ លោកបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ថាអ្នកដែលមានបញ្ហាស្រ្តេសនេះជាទូទៅមានប្រតិកម្ម៤ចំណុច៖
១. រាងកាយ
លោកបណ្ឌិត ឯកទេសជំងឺផ្លូវចិត្ត ដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ ញ៉ូវសោវែល និងសាកលវិទ្យាល័យម៉ូណាស់ នៃប្រទេសអូស្ត្រាលី បានប្រាប់ថា ជាទូទៅអ្នកដែលមានបញ្ហាស្រ្តេសនេះ អាចធ្វើឱ្យមានបញ្ហាមួយចំនួនទៅលើរាងកាយផងដែរ។ ក្នុងនោះរួមមាន ឈឺក្បាល រោយកញ្ចឹងក តឹងណែនថប់ដង្ហើម ញ៉ាំមិនឆ្ងាញ់ ហូបមិនបានសម្រាន្តមិនលក់ធ្វើឱ្យជាតិអាស៊ីដឡើងបង្កជាការឈឺក្រពះ មានអាការៈឈឺចាប់ក្នុងសាច់ដុំ និងឈឺចាប់កន្លែងផ្សេងទៀតនៃរាងកាយ។
២. ផ្លូវចិត្ត
លើសពីចំណុចខាងលើនេះទៀត បញ្ហាស្រ្តេសនេះ បង្កឱ្យមានអារម្មណ៍មិនស្រួលនៅមិនសុខតក់ក្រហល់ ខឹងច្រើន ភ័យច្រើន ព្រួយច្រើន ដែលមិនធ្លាប់ជួបប្រទះ។ កត្តាទាំងអស់នេះ គឺជាមូលហេតុចម្បងនាំឱ្យមនុស្សកើតជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន។
៣. ការគិត
នៅត្រង់ចំណុចនេះ លោកបណ្ឌិត ឈឹម សុធារ៉ា បាននិយាយថា៖ "បាទកាលណាមនុស្សមានបញ្ហាស្រ្តេសក្នុងខ្លួន គឺការគិតប្រែប្រួល លែងគិតវិជ្ជមាន មើលអ្វីៗជុំវិញខ្លួនសុទ្ធតែអវិជ្ជមាន"។ លោកបន្តទៀតថា ស្រ្តេសនេះធ្វើឱ្យមនុស្សលែងមានអារម្មណ៍សប្បាយ មានអារម្មណ៍ទើសភ្នែក លែងនិយាយច្រើនភ្លេចភ្លាំង ឧទាហរណ៍ថា ពីមុនពេលទៅដល់កន្លែងធ្វើការ ធ្លាប់និយាយពាក្យសួស្ដីទៅកាន់អ្នកជុំវិញខ្លួន ប៉ុន្តែពេលមានបញ្ហាស្រ្តេសនេះហើយ លែងចង់និយាយស្ដីរកអ្នកណាទាំងអស់។
៤. អាកប្បកិរិយា
ចំពោះចំណុចលោកបណ្ឌិតបានប្រាប់ថា អ្នកដែលមានបញ្ហាស្រ្តេសនេះ នឹងធ្វើឱ្យមានបម្រែបម្រួលអាកប្បកិរិយា ដូចជា រាងច្រងេងច្រងាង បិទបើកទ្វារខ្លាំងៗ តែងគេចចេញពីគេ បើកម៉ូតូបង្ហោះជាដើម។
វិធីសាស្ត្រព្យាបាល
ដើម្បីអាចព្យាបាលជំងឺនេះបាន លោក បណ្ឌិត ឈឹម សុធារ៉ា បានប្រាប់ពីវិធីព្យាបាលដោយខ្លួនឯងដូចខាងក្រោម៖
រកប្រភពនៃបញ្ហា៖
ដើម្បីកុំឱ្យក្លាយជាអ្នកដែលមានបញ្ហាស្រ្តេស គួររកឫសគល់នៃបញ្ហានោះ បន្ទាប់មករកវិធីដោះស្រាយទៅតាមដំណើរ។ ឧទាហរណ៍ថា មានបញ្ហានៅកន្លែងការងារត្រូវពិភាក្សាជាមួយប្រធានរបស់ខ្លួនហើយរួមគ្នាដោះស្រាយបញ្ហានោះ កុំកប់ទុកក្នុងអារម្មណ៍។
កុំធ្វើខ្លួនឱ្យក្លាយជាមនុស្សខ្ជិល៖
មនុស្សដែលមានបញ្ហានេះច្រើនមានអារម្មណ៍ខ្ជិលលែងចង់ធ្វើអ្វីទាំងអស់ ដូចនេះកុំបណ្ដោយត្រូវជម្នះធ្លាប់ធ្វើអ្វីត្រូវធ្វើបន្តទៀតកុំទម្លាក់ដៃ។
ធ្វើអ្វីៗឱ្យទៀងទាត់៖
ចំណុចនេះមានន័យថា ទម្លាប់ធ្វើអ្វីម៉ោងណាត្រូវធ្វើឱ្យទៀង ដូចជាញ៉ាំបាយម៉ោងណា ចូលគេងម៉ោងណា ហាត់ប្រាណម៉ោងណា ទៅរៀន ទៅធ្វើការម៉ោងណា គឺត្រូវធ្វើឱ្យទៀងទាត់។ លំហាត់ប្រាណដកដង្ហើមជ្រៅៗ៖
គួរឧស្សាហ៍ធ្វើលំហាត់ប្រាណ តាមរយៈការដង្ហើមវែងៗ ដើម្បីធ្វើឱ្យអុកស៊ីហ្សែនដើរស្មើល្អ នាំឱ្យមានអារម្មណ៍ធូរស្បើយ។
ធ្វើអ្វីឱ្យមានតុល្យភាព៖
ត្រូវចេះបែងចែកកិច្ចការ ពេលវេលា ការកម្សាន្ត ការជួបជុំ ដើរលេង ត្រូវបែងចែកឱ្យស្មើគ្នា ត្រូវមានពេលវេលាសម្រាប់ខ្លួនឯង គ្រួសារ មិត្តភក្ដិ មនុស្សជាទីស្រឡាញ់៕
ទស្សនាវីដេអូ៖