Prahok TV ផ្ដាំ​ទៅ​អ្នក​ដឹកនាំ​រឿង​ខ្លះ​ថា «កុំ​គិត​ថា អ្នក​មើល​ល្ងង់​ពេក» និង «កុំ​គិត​ពី​ចំណេញ​ពេក»

  • 2017-02-06 08:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កុំ​គិត​ថា អ្នក​មើល​ល្ងង់​ពេក​ឲ្យ​សោះ"។ នេះ​ជា​សម្ដី​របស់​អ្នក​គ្រប់គ្រង Prahok TV ផ្ដាំ​ដល់​ផលិត​ករ​ភាព​យន្ត​កម្ពុជា​មួយ​ចំនួន នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ Sabay អំពី​វិស័យ​ភាពយន្ត​ខ្មែរ និង​រឿង​ភាគ​ថ្មី​ដែល Prahok TV ត្រៀម​ចេញ​នៅ​ថ្ងៃ ១៤ កុម្ភៈ ចំ​ថ្ងៃ Valentine's Day តែ​ម្ដង។

លោក Kenny អ្នក​គ្រប់​គ្រង​ទូទៅ Prahok TV បន្ត​ថា ផលិតករ​ខ្មែរ​មួយ​ចំនួន​តែង​មាន​លេស​មិន​ចេះ​អស់ ពេល​ផលិត​កុន​មិន​សូវ​ល្អ និង​មិន​សូវ​មាន​គុណភាព ដោយ​ខ្លះ​ថា មក​ពី​ពេល​ខ្លី លុយ​តិច បញ្ហា​បច្ចេកទេស បើ​ទោះ​ជាក់​ស្ដែង​ផលិតកម្ម​មួយ​ចំនួន​បាន​ប្រើ​សម្ភារៈ​ថត​កប់​ស៊េរី​ក៏​ដោយ។ ការ​ពិត "មក​ពី​ពួកគេ​គិត​រឿង​ចំណេញ​ពេក"។

លោក Kenny អ្នក​គ្រប់​គ្រង​ទូទៅ Prahok TV

យ៉ាង​ណា​ក៏​ដោយ អ្នក​គ្រប់គ្រង និង​ជា​ផលិតករ​រូប​នេះ បាន​អះអាង​ថា ផលិត​ករ​ខ្មែរ​ទាំង​នោះ​មួយ​ចំនួន មាន​សមត្ថភាព​អាច​ផលិត​ភាពយន្ត​កាន់​តែ​ល្អ​ប្រសើរ​ទៅ​ទៀត បើ​ពួកគេ​មាន​ឆន្ទៈ និង​ដាក់​ចិត្ត​ដាក់​កាយ ហើយ​មិន​យក​ពាក្យ "ចំណេញ​ខ្លាំង" ដាក់​នៅ​ពី​មុខ។ ហើយ​ផលិតករ​ខ្មែរ​មួយ​ចំនួន​ទៀត​ក៏​កំពុង​ខំ​ផលិត​រឿង​ដែល​មាន​គុណភាព​កាន់​តែ​ល្អ​ប្រសើរ​ដែរ។

ជាក់​ស្ដែង Prahok TV នឹង​ចេញ​ផ្សាយ​រឿង​ភាគ​ថ្មី «កាហ្វេ​ឡាតេ» ដើម្បី​ដាស់​ផលិត​ករ​ផ្សេងៗ​ដែល​គិត​តែ​ពី​ចំណេញ​ឲ្យ​ភ្ញាក់​ខ្លួន និង​ឲ្យ​ដឹង​ថា មាន​អ្នក​ផ្សេង​ទៀត អាច​ផលិត​កុន​បាន​ល្អ​ជាង ដែល​មិន​សូវ​គិត​ពី​ចំណេញ​ខ្លាំង។ ផលិតករ​រូប​នេះ បន្ត។

«កាហ្វេ​ឡាតេ» ជា​ភាព​យន្ត​ថ្មី​បែប Web-drama ដែល​ផលិត​ដោយ​ Prahok TV ជាមួយ​នឹង​ផ្នត់​គំនិត​ថ្មី​បែប​យុវវ័យ ហើយ​គុណភាព​ខ្ពស់។ រឿង​នេះ​គ្រោង​នឹង​ត្រូវ​គេ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​ នៅ​លើ​ផេក​ហ្វេសប៊ុក និង YouTube Channel របស់ Prahok TV៕

អត្ថបទ៖ លី សុផាត

អត្ថបទថ្មី