រឿង​ភាគ​រ៉ូមែនទិក​ថ្មី​បែប Web-drama «កាហ្វេ​ឡាតេ» ចេញ​ផ្សាយ​ផ្លូវ​ការ ថ្ងៃ​មិញ​នេះ

  • 2017-02-15 08:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កាហ្វេ​ឡាតេ» ភាពយន្ត​ភាគ​ជា​ស៊េរី​បែប Web-drama ថ្មី ទើប​ចេញ​ផ្សាយ​ភាគ​១ ផ្លូវ​ការ​ក្ដៅៗ​នៅ​ថ្ងៃ​មិញ​នេះ​តែ​ម្ដង នៅ​លើ​ផេក​ហ្វេសប៊ុក Prahok TV បន្ទាប់​ពី​សម្ពោធ​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ ក្នុង​កម្មវិធី Big Love Pop-Up Cinema នៅ​កោះ​ពេជ្រ។

ក្នុង​វគ្គ​១ ដែល​មាន​ចំណង​ជើង​ថា «សម្រស់ និង ខួរក្បាល» អ្នក​ទស្សនា​នឹង​ដឹង​ពី​ដើម​កំណើត​របស់​កាហ្វេ ព្រម​ទាំង​ស្គាល់​តួ​អង្គ​ជា​ច្រើន​ក្នុង​សាច់​រឿង​នេះ។ ក្នុង​នោះ អ្នក​នឹង​ដឹង​ពី​រឿង​រ៉ាវ​របស់​តួ​ឯក​ស្រី​ឈ្មោះ នី ណា ដែល​ជា​មនុស្ស​ស្រលាញ់​សម្រស់​ជាង​អ្វីៗ​ទាំង​អស់។

ចង់​សាច់​រឿង​យ៉ាង​ម៉េច សូម​មើល​វីដេអូ​ខាង​ក្រោម៖

ភាគ​២ នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ លើ​ផេក Prahok TV ខណៈ Prahok TV នឹង​ត្រូវ​ចេញផ្សាយ​ ១ សប្ដាហ៍ ២ ភាគ រាល់​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍។

«កាហ្វេ​ឡាតេ» សរុប​មាន ៣០ ភាគ ​ចែក​ជា​វគ្គ​ផ្សេងៗ​គ្នា ដោយ​មាន​លោក ប៊ើរី ដើរ​តួ​ឯក​ឈ្មោះ ហ្វីល។ ហ្វីល ជា​ទេវតា​អផ្សុក​ខ្លាំង រួច​ក៏​សម្រេច​ចិត្ត​មក​លេង​ឋាន​មនុស្ស។ របស់​ទី​១ ដែល​ហ្វីល​សាក​នៅ​ឋាន​មនុស្ស គឺ​កាហ្វេ​ឡាតេ ហើយ​ក៏​ចូល​ចិត្ត​ខ្លាំង។ ហ្វីល​ក៏​សម្រេច​នៅ​ឋាន​មនុស្ស រួច​បើក​ហាង​កាហ្វេ គ្រាន់​តែ​សម្រាប់​កម្សាន្ត​ប៉ុណ្ណោះ។ មនុស្ស​ជា​ច្រើន​ទៅ​ហាង​កាហ្វេ ដើម្បី​ជួប​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ ជជែក​ពី​នេះ​ពី​នោះ ចែក​រំលែក​ភាព​រីករាយ ប៉ុន្តែ​ក៏​មាន​អ្នក​ដែល​ចែក​រំលែក​ក្តី​ទុក្ខ​ព្រួយ​ដែរ។ ហ្វីល​ចាប់​អារម្មណ៍​ថា​មនុស្ស​មួយ​ចំនួន​តែង​ប្រាថ្នា​ចង់​បាន​អ្វី​មួយ​ខ្លាំង​ហួស​ហេតុ ទោះ​បី​ជា​រឿង​នោះ​ជា​រឿង​មិន​ត្រឹម​ត្រូវ ឬ​ខុស​សីលធម៌​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​ចង់​ធ្វើ​មិន​ខ្វល់​ថា​ប៉ះ​ពាល់​ដល់​អ្នកណា​ខ្លះ ឬ​ក៏​ពួកគេ​ត្រូវ​លះបង់​អ្វី​មួយ​នោះ​ទេ។

ហ្វីល​សម្រេច​ចិត្ត​ផ្ដល់​បទពិសោធន៍​ដល់​ពួកគេ​ដោយ​ជួយ​សម្រេច​ក្ដី​ប្រាថ្នា​នោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​បែរ​ជា​ចង់​បាន​ថែម។ ហ្វីល យល់​ថា មនុស្ស​ម្នាក់​ពេល​ចង់​បាន​អ្វី​មួយ​ខ្លាំង​ហួស​ហេតុ​ពេក ប្រៀប​ដូច​ជា​ឃុំ​ខ្លួន​ឯង​ក្នុង​គុក​ដែល​មាន​តែ​បង្អួច​តូច​មួយ​មើល​មិន​ឃើញ​រឿង​ផ្សេង។ ជួន​កាល គេ​ចង់​បាន​របស់​អ្វី​មួយ ហើយ​គិត​ថា​វា​សំខាន់ តែ​ពេល​ទទួល​បាន​របស់​នោះ​ទើប​ដឹង​ថា​វា​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​ជួន​កាល​វា​អាច​នឹង​ហួស​ពេល​ត្រឡប់​ក្រោយ។ ហ្វីល ចាប់​ផ្ដើម​ជួយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដោយ​ប្រើ​វិធី​ខុសៗ​គ្នា៕

អត្ថបទ៖ សុផាត

អត្ថបទថ្មី