P10 ចេញ​យប់​មិញ​មាន​អី​ខុស​ពី P9 អត់?

  • 2017-02-27 02:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​សមាជ​​ទូរសព្ទ​ពិភពលោក​កាល​ពី​យប់​មិញ​ Huawei បាន​បញ្ចេញ​ស្មាតហ្វូន​លំដាប់​កំពូល​របស់​ខ្លួន​ម៉ូដែល​ P10 និង P10 Plus ដែល​មាន​ចំណុច​ថ្មីៗ​មួយ​ចំនួន​ខុស​ប្លែក​ពី P9 និង P9 Plus។ ខាង​ក្រោម​នេះ​នឹង​ប្រៀប​ធៀប​ត្រួស​រវាង​ P9/P9 Plus និង P10/P10 Plus៖

#ការ​រចនា ​៖

P10/P10 Plus ​មាន​ការ​រចនា​រូបរាង​ខុស​ប្លែក​ពី​ P9/P9 Plus ​ដោយ​មាន​​ចំណុច​​ជ្រុង​ទាំង​បួន​​មាន​រាង​កោង​ស្រដៀង​ទៅ​នឹង​ iPhone 6 ដែរ ខុស​ពី​ P9/P9 Plus មាន​រាង​ជ្រុង។ លើស​ពី​នេះ​នៅ​ផ្នែក​ខាង​ក្រោយ​របស់​ P10 ក៏​មាន​ខ្សែ​អង់តែន​ស្រដៀង​នឹង iPhone 7 ទៀត​ផង។

ចំណុច​ខុស​ប្លែក​មួយ​ទៀត​គឺ​ទ្រនាប់​ស្កេន​ក្រយៅដៃ​បាន​ប្ដូរ​ពី​ផ្នែក​ខាង​ក្រោយ​មក​នៅ​ផ្នែក​ខាង​មុខ​វិញ​លើ P10/P10 Plus។ Huawei ក៏​បាន​បន្ថែម​ពណ៌​លេច​ៗ​ចំនួន​ពីរ​លើ​ P10 រួម​មាន​​ពណ៌​ខៀវ​ និង​ពណ៌​បៃតង រួម​ជា​មួយ​ពណ៌​ខ្មៅ​, មាស​, ផ្កាឈូក និង ពណ៌​ប្រាក់។

#អេក្រង់ ៖

​​​​​​​​​​​​​P10 ​មាន​ទំហំ​អេក្រង់​ ៥,២ អ៊ីញ​ ធំ​ជាង​ P9 ​តែ​​ ០,១ អ៊ីញ​ប៉ុណ្ណោះ​ ហើយ​ P10 Plus និង P9 Plus គឺ​មាន​អេក្រង់ ៥,៥ អ៊ីញ​​ដូច​គ្នា។ P9/P9 Plus និង P10 សុទ្ធ​តែ​មាន​អេក្រង់​កម្រិត​ Full HD (1080x1920) ដូច​គ្នា ​លើក​លែង​តែ​ P10 Plus មាន​កម្រិត​ Quad HD (2560x1440) អាច​បង្ហាញ​រូបភាព​បាន​​​ដិត​​ និង ច្បាស់​ជាង។

#កាមេរ៉ា ៖

ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​លើ​ P10 ទាំង​ពីរ​ប្រភេទ​​បាន​អាប់ដេត​ថ្មី​​ដោយ​​កាមេរ៉ា​​ធម្មតា​​មាន​កម្រិត​ ១២ MP និង ​កាមេរ៉ា​សម្រាប់​ថត​រូប​ ស-ខ្មៅ​ មាន​កម្រិត​ ២០ MP ឯ​ណោះ។ ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នេះ​ផលិត​ឡើង​ដោយ​ Leica ដែល​មាន​ Aperture f/2.0 អាច​ចាប់​យក​រូបភាព​បាន​ល្អ​ក្នុង​ទី​ងងឹត។ ចំណែក​ឯ​កាមេរ៉ា​មុខ​នៅ​តែ​មាន​កម្រិត​ ៨ MP ដដែល។

#ម៉ាស៊ីន​ ៖

បន្ទះ​ឈីប​ថ្មី​ដែល​បំពាក់​លើ​ P10/P10 Plus គឺ​ជា​ម៉ូដែល​ Kirin 960 ផលិត​ឡើង​ដោយ​ Huawei ផ្ទាល់​ដែល​មាន​ទំហំ​ RAM 4 GB សម្រាប់​ P10 និង P10 Plus មាន​ជម្រើស​ RAM 4 GB និង 6 GB។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ​ចាប់​ពី​ 64 GB និង​មាន​រន្ធ​សម្រាប់​បន្ថែម​ទំហំ​បាន។

#ប្រព័ន្ធ​ប្រតិបត្តិការ ៖

ទាំង​ P10/P10 Plus មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat មក​ស្រាប់​ដោយ​ប្រើ​ប្រាស់​ UI Huawei Emotion ជំនាន់​ 5.1 របស់​ Huawei។

#ថ្ម ៖

ថាមពល​ថ្ម​មាន​ទំហំ​កាន់​តែ​ធំ​ជាង​មុន​ដោយ​ P10 មាន​ទំហំ​ ៣២០០ mAh អ្នក​ប្រើ​ធម្មតា​អាច​ប្រើ​បាន​ ១,៨ ថ្ងៃ​សម្រាប់​ការ​សាក​បំពេញ​ម្ដង ឯ​អ្នក​ប្រើ​ប្រាស់​​លើស​ពី​ធម្មតា​អាច​ប្រើ​បាន​ ១,៣ ថ្ងៃ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ Huawei។ ចំណែក​ឯ​ P10 Plus មាន​ទំហំ​ ៣៧៥០ mAh ​ហើយ​ទាំង​ពីរ​ម៉ូដែល​សុទ្ធ​តែ​មាន​​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​បាន​លឿន​ Huawei Super Charge។

#តម្លៃ ៖

ស្មាតហ្វូន​ម៉ូដែល​ទាំង​ពីរ​នឹង​មាន​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​ចាប់​ពី​ខែ​មីនា​​ខាង​មុខ​នេះ​ត​ទៅ​ដោយ​​តម្លៃ​មាន​ដូច​ខាង​ក្រោម៖

  • P10 អង្គ​ផ្ទុក​ 64 GB និង​ RAM ​ 4 GB តម្លៃ​​ប្រមាណ​** ៦៨៧ ដុល្លារ**
  • P10 Plus អង្គ​ផ្ទុក​ 64 GB និង​ RAM ​ 4 GB តម្លៃ​​ប្រមាណ​** ៧៤០ ដុល្លារ**
  • ​​P10 Plus អង្គ​ផ្ទុក​ 128 GB និង​ RAM ​ 6 GB តម្លៃ​​ប្រមាណ​** ៨៤៥ ដុល្លារ**

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម