យុទ្ធសាស្ត្រ​បញ្ជ្រាប​ការ​អាន​ដល់​យុវវ័យ​​​កម្ពុជា​​ពី​ លោក​ សុខ​ ឡាក់

  • 2017-03-13 03:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ​ គេ​សង្កេត​ឃើញ​ថា​ការ​អាន​សៀវភៅ​​នៅ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា​ ហាក់​មាន​កម្រិត​ទាប​នៅ​ឡើយ​​។​ ​ដូច​នេះ​ដើម្បី​លើក​កម្ពស់​ដល់​ការ​អាន​អោយ​មាន​ភាព​ល្អ​ប្រសើរ​ លោក​ សុខ​ ឡាក់​ដែល​ជា​សហ​ស្ថាបនិក​នៃ​បណ្ណាល័យ​បញ្ញវន្ត​បាន​ណែ​នាំ​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​សម្រាប់​​បញ្ជ្រាប​ការ​អាន​ដល់​យុវវ័យ​​កម្ពុជា​ដូច​ខាង​ក្រោម​៖​​​​​

១​ ​យុទ្ធនាការ​ផ្សព្វផ្សាយ

ជា​ការ​ពិត​ណាស់​​ ​យុវវ័យ​ភាគ​ច្រើន​ដែល​ពុំ​ចាប់​អារម្មណ៍​នឹង​ការ​អាន​​ ក៏​ព្រោះ​តែ​​ពួក​គេ​មិន​បាន​​យល់​ដឹង​ពី​សារប្រយោជន៍​ដ៏​ធំ​ធេង​​​នៃ​សៀវភៅ​។​ ដូច​នេះ​​​ ​ការ​ផ្សព្វ​ផ្សាយ​​អោយ​បាន​ទូលំ​ទូលាយ​ពី​សារសំខាន់​នៃ​​ការ​​អាន​សៀវភៅ​​គឺ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​មុន​គេ​។​ គេ​អាច​​មាន​ជា​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​​ ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​ និង មាន​ជា​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​​ជា​ដើម​។​ ​មិន​តែ​ប៉ុណ្ណោះ​ គេ​ត្រូវ​ពន្យល់​ទៅ​កាន់​យុវវ័យ​​ថា​ បុគ្គល​ជោគ​ជ័យ​ភាគ​ច្រើន​ ​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ ហើយ​ប្រទេស​​ដែល​​រីក​ចម្រើន​ខ្លាំង​ក៏​ដោយសារ​តែ​ ប្រជាជន​​គេ​ពូកែ​អាន​សៀវភៅ​ផង​ដែរ​។​​​​​​​

២​ ​បង្កើត​ជា​ក្រុម​អាន

ជា​ធម្មតា​ពេល​អាន​សៀវភៅ​ម្នាក់​ឯង​គឺ​​តែង​មាន​អារម្មណ៍​ឯកោ​។​ ដូច​នេះ​ដើម្បី​អោយ​ការ​អាន​សៀវភៅ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ គេ​អាច​បង្កើត​ជា​ការ​អាន​សៀវភៅ​​ជា​ក្រុម​​ឡើង​។​ ​លើស​ពី​នេះ​ទៀត​ ការ​អាន​ជា​ក្រុម​ក៏​អាច​ជួយ​អោយ​ពួក​គេ​ទទួល​បាន​​ការ​រាប់​អាន​គ្នា និង បង្កើន​ចំណង​មិត្ត​ភាព​​​ទៀត​ផង​។​​

៣​ បង្កើត​ជា​កម្មវិធី​​ប្រកួត​សង្ខេប​សៀវភៅ​

លោក​សុខ​ ឡាក់​បាន​លើក​ឡើង​ថា​ តាម​ការ​សង្កេត​របស់​លោក​គឺ​យុវវ័យ​ខ្មែរ​បច្ចុប្បន្ន​មាន​ទំនោរ​ក្នុង​ការ​មើល​ភាព​យន្ត​។​ ដូច​នេះ​ប្រសិន​បើ​បង្កើត​អោយ​មាន​កម្មវិធី​ប្រកួត​សង្ខេប​សៀវភៅ​​មួយ​ ដោយ​មាន​​​ផ្ដល់​​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​​ដូច​ជា​​សំបុត្រ​កុន​​​​​​ជា​ដើម​ ​នោះ​ពួក​គេ​នឹង​ចាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​។​ ទី​មួយ​គឺ​ទទួល​បាន​ការ​​ចេះ​ដឹង​ ហើយ​ទី២​គឺ​ទទួល​បាន​​​​អារម្មណ៍​សប្បាយ​រីក​រាយ​​​​ចំពោះ​លទ្ធផល​នៃ​ការ​អាន​​។​​​​​

៤​ ​ជួយ​ណែនាំ​សៀវភៅ​អោយ​គ្នា​

​​ការ​បញ្ជ្រាប​នៃ​​ការ​​អាន​​​គឺ​ត្រូវ​ធ្វើ​តាំង​ពី​ក្មេង​មក​ម្ល៉េះ​ ​ដោយ​ឪពុក​ម្ដាយ​​គ្រប់​រូប​គួរ​តែ​​ទម្លាប់​អោយ​កូន​ៗ​​អាន​សៀវភៅ​​អោយ​បាន​ច្រើន​ និង ចាប់​ផ្ដើម​ស្រលាញ់​សៀវភៅ​តាំង​ពី​តូច​មក​។​ ​ចំណែក​ឯ​​​មិត្ត​ភក្តិ​​ ​ក៏​អាច​ណែនាំ​សៀវភៅ​​ល្អ​ៗ​​​ដែល​ខ្លួន​បាន​អាន​ ​ទៅ​កាន់​មិត្ត​ភក្តិ​​ដទៃ​ទៀត​របស់​ខ្លួន​​​ផង​ដែរ​​។​​

អត្ថបទ៖ ចន្ថា