ដោយសារ​ពុកមាត់​ធ្វើ​ឲ្យ លាង ឧត្ដម មាន​ទីផ្សារ​ដល់​ថ្នាក់​ហ្នឹង

  • 2017-04-03 08:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កំពុងតែ​ឡើង​កូដ​​ខាង​តួ​ឪពុក លោក លាង ឧត្ដម បាន​ថ្លែង​ឲ្យ​ដឹង ​កត្តា​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ទីផ្សារ​ច្រើន​ស្ទើរ​មិន​មាន​ពេល​សម្រាក ក៏​ដោយសារតែ​ពុក​មាត់ អ្នក​​ដឹក​នាំ​ភាគ​ច្រើន​ពេញ​ចិត្ត​ ​ជ្រើស​ឲ្យ​សម្ដែង​តួ​ឪពុក។

លោក លាង ឧត្ដម បាន​ចូល​សិល្បៈ​ជាង​១២ឆ្នាំ​មក​ហើយ ដោយ​​អាជីព​​សិល្បៈ​​ដំបូង​របស់​លោក គឺ​ជា​តារា​ចម្រៀង។ ជាង១​ឆ្នាំ​​ចុង​ក្រោយ​នេះ លោក​បាន​ហក់​មក​ចូល​ជា​តារា​សម្ដែង បន្ទាប់​​ពី​ប្រលូក​លើ​វិធី​នេះ​ភ្លាម ទីផ្សារ​តារា​​រូប​នេះ ចាប់​ផ្ដើម​ឡើង​​តែ​ខ្លាំង​ឡើង​ៗ​តែ​ម្ដង។ តាម​ការ​បញ្ជាក់​ពី សាមី​ខ្លួន តារា​វ័យ៣៨ឆ្នាំ​រូប​នេះ ធ្លាប់​បាន​សម្ដែង​ភាពយន្ត​មិន​តិច​ជាង​២០​​​ទៅ​៣០ រឿង​ឡើយ។

លោក លាង ឧត្ដម បាន​លើក​យក​​តែ​ភាពយន្ត​ល្បី​ៗ​​​ធ្លាប់​សម្ដែង ក្នុង​នោះ​មាន​ដូច រឿង"លាក់​ស្នេហ៍​ក្នុង​បេះដូង” "សម្បត្តិ​​បុរស” "ផ្កា​រីក​ក្នុង​ចិត្ត” "បំណុល​ស្នេហ៍” "វរសេនីយ៍​កំពូល​ស្នេហ៍” "ហង្ស​បាក់​ស្លាប” ជា​ដើម។ លោក​ថា ភាពយន្ត​បាន​​រៀប​​រាប់​ខាង​លើ គឺ​ខ្លួន​សម្ដែង​តែ​ ឪពុក​ស្ទើរ​តែ​ទាំង​អស់ ព្រោះ​ការ​​សម្ដែង​ឪពុក​នេះ អ្នក​ដឹក​នាំ​ភាគ​ច្រើន​ពេញ​ចិត្ត​លោក​តែ​ម្ដង។

​ឧត្ដម​បាន​រំលឹក ពី​មូលហេតុ​ដំបូង​ដែល​នាំ​ឲ្យ​លោក​បាន​សម្ដែង​ជា​​តួ​ឪពុក។ លោក​ថា កាល​ណោះ មាន​អ្នក​ដឹក​នាំ​សម្ដែង​ម្នាក់ បាន​ហៅ​ខ្លួន​ទៅ​ធ្វើតេស្ត ដោយ​​​ឲ្យ​លោក​ពាក់​ពុក​មាត់ សម្ដែង​ឲ្យ​មើល។ ដោយ​មាន​ទេពកោសល្យ​សិល្បៈ​ខ្លះ​ៗ​​ផង​នោះ ដូច​នេះ​ការ​សម្ដែង មិន​ជា​រឿង​ពិបាក​សម្រាប់​លោក​ឡើយ ឧត្ដម ធ្វើ​បាន​យ៉ាង​ល្អ ក្រោយ​មក​ក៏​មាន​ឱកាស​បាន​សម្ដែង​តួ​ឪពុក​ជា​បន្តបន្ទាប់ ដោយ​ប្រើ​ពុកមាត់​រហូត។

លោក លាង ឧត្ដម បាន​ឲ្យ​ដឹង​បន្ថែម​ថា បច្ចុប្បន្ន​មាន​ផលិតកម្ម​ច្រើន​ណាស់​បាន​ទាក់​ទង​ខ្លួន​ឲ្យ​ថត​រឿង​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​​ខ្លួន​​មិន​ទាន់​ទទួល ព្រោះ​រាល់​នៅ​ជាប់​កុងត្រា​ថត​រឿង​ឲ្យ​ផលិតកម្ម ២ទៅ៣ រឿង​ក្នុង​ដៃ​មិន​ទាន់​​​ចប់។ ការ​ចង់​បាន​​លោក​ទៅ​សម្ដែង ពី​បណ្ដា​ផលិតកម្ម​ទាំង​​នោះ ឧត្ដម​ថា មិន​ខុស​ពី​ផលិតកម្ម​មុន​ៗ​ឡើយ គឺ​ចង់​ឲ្យ​​លោក​សម្ដែង​តែ​តួ​ឪពុក​ប៉ុណ្ណោះ។

ដោយសារតែ ទីផ្សារ​សម្ដែង​កាន់​តែ​មមាញឹក​បែប​នេះ ធ្វើ​ឲ្យ​​លោក មិន​សូវ​ជា​ទទួល​ការងារ​ច្រៀង​ឡើយ។ ប៉ុន្តែ​បែប​ក្ដី ឧត្ដម ប្រាប់​ថា មិន​បោះ​បង់​ចោល​អាជីព​ជា​តារា​ចម្រៀង​ឡើយ ជា​រឿយៗ​លោក​នៅ​តែ​ឆ្លៀត​ទៅ​ច្រៀង​ការងារ​គេ​ម្ដង​ម្កាល​​ដែរ ចៀស​វាង​ដាច់​​ម៉ូយ៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី