តិចនិករើសសម្លៀកបំពាក់ឲ្យត្រូវសម្រាប់ខែក្ដៅ ពាក់ហើយត្រជាក់មិនស្អុះស្អាប់
- 2017-04-11 06:52:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិករើសសម្លៀកបំពាក់ឲ្យត្រូវសម្រាប់ខែក្ដៅ ពាក់ហើយត្រជាក់មិនស្អុះស្អាប់
ចន្លោះមិនឃើញ
ការស្លៀកពាក់នៅខែក្ដៅ ជាពិសេសខែមេសា ឬខែចែត្រ ដែលជាខែក្ដៅបំផុតនេះ មិនមែនចេះតែស្លៀកពាក់ឲ្យតែបានៗនោះទេ ព្រោះបើជ្រើសរើសសំលៀកបំពាក់មិនត្រឹមត្រូវ ធ្វើឲ្យមានអារម្មណ៍ស្អុះស្អាប់ មួម៉ៅរំខានដល់ការងារ ការរកស៊ី រៀនសូត្រ ឬការដើរលេងទៀតផង។
ថ្ងៃនេះ Sabay នឹងលើកយកគំរូសំលៀកបំពាក់ខ្លះៗមកបង្ហាញជូនប្រិយមិត្តសម្រាប់នៅផ្ទះ កន្លែងធ្វើការ ឬដើរលេង ជាដើម។
នៅផ្ទះ៖ ថ្ងៃសម្រាកពីការងារ និងពីរៀន ជាពេលមួយដែលប្រិយមិត្តមានពេលលំហែអារម្មណ៍នៅផ្ទះ ដូច្នេះការស្លៀកពាក់មិនចាំបាច់ ត្រឹមត្រូវដូចនៅកន្លែងធ្វើការនោះទេ តែត្រូវច្បាស់ថាស្រួលសម្រាប់ខ្លួនឯង។
បើតាមអ្នកជំនាញផ្នែកឌីហ្សាញ កញ្ញា អោកចាន់ សេរីរ័ត្ន បានឲ្យដឹងថា សម្រាប់ខែក្ដៅនេះប្រភេទអាវយឺតរលុងៗ មិនថា (ខ្លី ឬវែង) ជាជម្រើសល្អបំផុត ព្រោះវាមានសភាពទន់ ងាយស្រួលស្លៀក និងបត់បែន។
នៅកន្លែងធ្វើការ៖ សម្រាប់កន្លែងធ្វើការ ចាំបាច់ណាស់បុគ្គលិកគួរស្លៀកពាក់ឲ្យបានត្រឹមត្រូវសមរម្យទៅតាមគោលការណ៍របស់ក្រុមហ៊ុន។ យ៉ាងនេះក្តី អ្នកឌីហ្សាញវ័យ ២៤ ឆ្នាំរូបនេះ បាន ណែនាំម៉ូដមួយចំនួនដែលជាប្រភេទសាច់កំណាត់ ឆ្នូត ឬ ក្រឡា ជាជម្រើសល្អសម្រាប់រដូវក្ដៅនេះ។
កញ្ញា បន្តទៀតថា សាច់កំណាត់ឆ្នូត ជាប្រភេទម៉ូដដែលទាន់សម័យបំផុតក្នុងឆ្នាំ២០១៧ សម្រាប់ទូទាំងពិភពលោក។ វាធ្លាប់ជាម៉ូដដែលទាន់សម័យអស់ជាច្រើនសតវត្ស ហើយវាក៏ក្លាយជាម៉ូដដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ២០១៧ និង ២០១៨ ខាងមុខនេះ។ ជាក់ស្ដែង សម្រាប់រដូវក្ដៅនេះ មិនគួររំលង ដោយសារសាច់កំណាត់ឆ្នូត ផ្ដល់នូវភាពស្រស់ស្អាត ទាក់ទាញ និងថ្លៃថ្នូរ។
ចេញក្រៅ ឬដើរលេង៖ ក្រោយចប់ម៉ោងការងារ ឬសម្រាកពីការរកស៊ី ប្រិយមិត្តខ្លះតែងចំណាយពេលជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្ដិ ចេញទៅដើរលេង ស្រូបយកខ្យល់អាកាសនៅក្រៅ តាមរមណីយដ្ឋាន ជិត ឬឆ្ងាយ អាស្រ័យលើចំណង់ចំណូលចិត្ត។
ក្នុងនោះ ការស្លៀកពាក់រឹតតែសំខាន់ កាលណាស្លៀកសំលៀកបំពាក់ដែលមើលទៅមានភាពរញ៉េរញ៉ៃខ្លាំង ក្រាស់ ចង្អៀត ច្បាស់ជាពិបាកបន្តិច ដោយសារនេះជាខែក្ដៅស្រាប់ចឹង គួរជ្រើសរើសសំលៀកបំពាក់បែបណាដែលទទួលបានផាសុកភាព។
សេរីរ័ត្ន ដែលនិស្សិតឆ្នាំទី៣ ផ្នែកឌីហ្សាញ នៅសាកលវិទ្យាល័យលីមកុកវីង បានណែនាំជម្រើសល្អមួយ គឺអាចជ្រើសរើសបានជាមួយនឹងពណ៌ដែលភ្លឺឆើត ឬសាច់ផ្កា។ ពណ៌ គឺសំខាន់ណាស់ វាក៏ជាភាពលេចធ្លោបំផុតសម្រាប់រដូវក្តៅ។ ដូច្នេះ កញ្ញា បានណែនាំមិត្តនារីៗឲ្យប្រើប្រាស់ពណ៌ឆើតៗ ភ្លឺ ដើម្បីបង្កើតភាពផ្លាស់ប្ដូរក្នុងរដូវកាលនេះ ជាពិសេសវានឹងជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ភ្លឺថ្លា និងជាចំណាប់អារម្មណ៍ដ៏លេចធ្លោមួយក្នុងទីសាធារណៈផងដែរ។
សម្រាប់សាច់កំណាត់ផ្កា ស្រីស្អាតរូបនេះ អះអាងថា វាជាសម្លៀកបំពាក់ដ៏លេចធ្លោមួយសម្រាប់ រដូវក្ដៅ មិនតែប៉ុណ្ណោះ វាបានជួយឲ្យអារម្មណ៍ ស្រស់ស្រាយ បែបធម្មជាតិ និងភាពក្មេងវ័យ។ ជាក់ស្តែង សម្រាប់ការជ្រើសរើសសាច់កំណាត់ គឺជាជម្រើសរបស់អ្នក តែវាអាស្រ័យទៅលើការចូលចិត្តផ្ទាល់របស់អ្នកផងដែរ។
គេងយប់ គេងថ្ងៃ៖ ខែក្ដៅពិតជាពិបាក បើសិនមិនមានវិធីសាស្ត្រត្រឹមត្រូវ ពិតជារំខានដល់ដំណេកជាក់ជាមិនខាន។ ដូច្នេះ ចូរជ្រើសរើសខោអាវណាដែលគិតថាត្រឹមត្រូវ និងងាយស្រួលក្នុងការគេង។ សេរីរ័ត្ន បានណែនាំ រ៉ូបស្តើងៗ និងអាវឈុតដែលមិនចង្អៀតជាប់សាច់ សាច់កំណាត់រលុងៗ នៅពេលគេង ព្រោះវាផ្ដល់នូវភាពត្រជាក់ និងងាយស្រួលក្នុងការធ្វើចលនានៅរដូវក្ដៅនេះ។ បើសិន ជាអ្នកមិនចូលចិត្ត រ៉ូប អាចប្រើប្រាស់ ខោអាវឈុត ដែលធ្វើពីកំណាត់ត្រជាក់បានដូចគ្នា៕