ក្តៅៗ! មេរោគមរណៈ Ebola ផ្ទុះឡើងសារជាថ្មី នៅក្នុងប្រទេស...
- 2017-05-13 03:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! មេរោគមរណៈ Ebola ផ្ទុះឡើងសារជាថ្មី នៅក្នុងប្រទេស...
ចន្លោះមិនឃើញ
អង្គការសុខភាពពិភពលោក World Health Organization ឬហៅកាត់ថា WHO បានប្រកាសថា មេរោគមរណៈ Ebola បានផ្ទុះឡើងសារជាថ្មីម្ដងទៀតហើយ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (Democratic Republic of Congo) ដែលជាប្រទេសមួយ ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកកណ្ដាល។
បើតាមការអះអាងរបស់ WHO បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ បន្ទាប់ពីឆ្លងមេរោគមរណៈ Ebola នៅភាគឦសានប្រទេសនេះ។
គួររំលឹកឲ្យដឹងថា មនុស្សប្រមាណជាជាង ១១ ០០០នាក់បានស្លាប់ ដោយសារមេរោគមរណៈ Ebola នៅអាហ្វ្រិកខាងលិច ក្នុងឆ្នាំ២០១៤-២០១៥ ដោយចំនួនមនុស្សស្លាប់ច្រើនបំផុត គឺនៅក្នុងប្រទេស ហ្គីណេ (Guinea) , សេរ៉ាឡេអូន (Sierra Leone) និង លីបេរីយ៉ា (Liberia)។ ការផ្ទុះឡើងចុងក្រោយបង្អស់ នៃមេរោគមរណៈ Ebola គឺនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ កាលឆ្នាំ២០១៤ ដោយបានសម្លាប់មនុស្សជាង ៤០នាក់។
អេបូឡា មានប្រវត្តិយ៉ាងណា?
អេបូឡា(Ebola) គឺជាមេរោគមរណៈមួយ ដែលអាចឆក់យកជីវិតមនុស្សយ៉ាងឆាប់រហ័ស និងសាហាវបំផុត។ មេរោគនេះផ្ទុះឡើងដំបូងនៅឆ្នាំ១៩៧៦ នៅទីតាំងពីរកន្លែងផ្សេងគ្នា។ ទីតាំងទីមួយ គឺកើតឡើងនៅក្នុងភូមិមួយក្បែរទន្លេ Ebola (យកធ្វើជាឈ្មោះមេរោគ) នៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំណែកឯទីតាំងទីពីរ គឺនៅតំបន់ដាច់ស្រយាលមួយនៃសាធារណរដ្ឋស៊ូដង់។ មកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញវ៉ាក់សាំងការពារមេរោគនេះទេ ប៉ុន្តែមានវិធីមួយចំនួនដែលអាចបង្ការការឆ្លងបាន។
អ្នកផ្ទុកមេរោគអេបូឡា មានរោគសញ្ញាអ្វីខ្លះ?
មុនដំបូងអ្នកជំងឺនឹងទទួលរងនូវអាការៈគ្រុនភ្លាមៗដោយមិនដឹងមូលហេតុ បន្ទាប់មកចាប់ផ្ដើមចុះទន់ខ្សោយខ្លាំង ឈឺចាប់សាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ក្រោយមកវាក៏វិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរដោយមានការក្អួតចង្អោរ រាគ និងមានកន្ទួលក្រហមជាច្រើនគួរអោយខ្លាច។ ក្រៅពីនេះ អេបូឡានឹងធ្វើឲ្យតម្រងនោម ថ្លើមចុះខ្សោយ ហើយករណីមួយចំនួនអាចមានការហូរឈាមនៅតាមអវយវៈផ្សេងៗ ទាំងក្នុងទាំងក្រៅ។ ចាប់ពីពេលឆ្លងមេរោគនេះរហូតដល់ចេញរោគសញ្ញា មានរយៈពេលចន្លោះពី ២ ទៅ ២១ ថ្ងៃប៉ុណ្ណោះ។
អេបូឡា ឆ្លងដោយរបៀបណា?
មេរោគនេះអាចឆ្លងបានតាមឈាម ទឹកមាត់ កម្អួត លាមក រួមទាំងសារធាតុរាវទាំងឡាយដែលមាននៅលើខ្លួនមនុស្សនិងសត្វ ដែលផ្ទុកមេរោគនេះ។ នៅពេលដែលនរណាម្នាក់នៅក្នុងសហគមន៍មានផ្ទុកមេរោគអេបូឡា ការរីករាលដាលនឹងកើតឡើងយ៉ាងឆាប់រហ័ស ពីមនុស្សម្នាក់ទៅមនុស្សតាមរយៈភ្នាសកោសិកាស្បែកដែលខូច ទឹករងៃដែលកើតចេញពីដំបៅ និងសារធាតុរាវផ្សេងៗទៀត។ សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកជំងឺ គឺជាប្រភពមេរោគដ៏គ្រោះថ្នាក់បំផុត។ ប្រជាជននៅអាហ្វ្រិកមួយចំនួនឆ្លងមេរោគអេបូឡាតាមរយៈសត្វព្រៃ ដូចជាសត្វស្វាហ្គោរីឡា និងជ្រឹង ដែលជាប្រភពនៃមេរោគដំបូងបំផុត។ ការប៉ះពាល់ និងការបរិភោគសាច់សត្វព្រៃដែលមានផ្ទុកមេរោគអេបូឡា សុទ្ធតែអាចចម្លងមកខ្លួនយើងបានទាំងអស់។
ធ្វើយ៉ាងណាទើបអាចការពារខ្លួនពីអេបូឡាបាន?
១. រក្សាអនាម័យជាប្រចាំ
វិធីបង្ការមេរោគអេបូឡា ក៏ដូចជាមេរោគផ្សេងៗទៀតដែរ សំខាន់បំផុតគឺត្រូវលាងសម្អាតដៃឲ្យបានស្អាតបំផុត ដោយប្រើប្រាស់សាប៊ូនិងទឹក ឫទឹកលាងសម្អាតដៃដែលមានសារជាតិអាល់កុល។ ២. ជៀសវាងទៅតំបន់ដែលផ្ទុះមេរោគ
មុនពេលធ្វើដំណើរទៅទ្វីបអាហ្វ្រិក ត្រូវស្វែងរកព័ត៌មានពីតំបន់ដែលមានការរីករាលដាលមេរោគប្រភេទនេះ ដោយអាចរកបានតាមរយៈគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(សូមចុចទីនេះ) ដែលនឹងបង្ហាញលោកអ្នកពីតំបន់ផ្ទុះឡើងនៃមេរោគអេបូឡា។
៣. ជៀសវាងការទាក់ទងជាមួយមនុស្សដែលឆ្លងជំងឺនេះ
ត្រូវនៅដាច់ឆ្ងាយពីមនុស្សដែលទទួលរងការវាយប្រហារដោយអេបូឡា ព្រោះមេរោគនេះងាយឆ្លងបំផុតតាមរយៈការប៉ះពាល់ដោយផ្ទាល់លើរាងកាយរបស់អ្នកជំងឺ។
៤. សាកសពមនុស្សដែលស្លាប់ដោយមេរោគអេបូឡាក៏នៅតែឆ្លងដែរ ដូចនេះមិនត្រូវប៉ះពាល់ជាដាច់ខាត សូម្បីសម្ភារៈដែលអ្នកជំងឺនោះប្រើប្រាស់ក៏ដោយ។
៥. ប្រសិនបើអ្នកត្រូវទៅជិតអ្នកជំងឺ គួរប្រើសំលៀកបំពាក់ការពារជិតៗ ពាក់ស្រោមដៃ ពាក់ម៉ាស និងរបាំងការពារភ្នែក។
៦. ជៀសវាងការប្រើប្រាស់ម្ជុលដែលប្រើរួច និងសម្ភារៈវេជ្ជសាស្ត្រដែលមិនទាន់បានលាងសម្អាតមេរោគ។ ៧. ជៀសវាងទទួលទានសាច់សត្វព្រៃ ឫសាច់ឆៅ