អូបាម៉ា ទៅអ៊ីតាលី មានយន្តហោះចម្បាំង៦គ្រឿងតាមការពារ និងស្នាក់នៅវីឡាឯកជនថ្លៃកប់ក្តោង
- 2017-05-23 03:27:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូបាម៉ា ទៅអ៊ីតាលី មានយន្តហោះចម្បាំង៦គ្រឿងតាមការពារ និងស្នាក់នៅវីឡាឯកជនថ្លៃកប់ក្តោង
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទៅដល់តំបន់ Tuscany នៃប្រទេសអ៊ីតាលី ដោយធ្វើដំណើរតាមយន្តហោះឯកជនមួយគ្រឿង និងអមដំណើរដោយ យន្តហោះចម្បាំង ប្រភេទ Eurofighter Fourth Wing ចំនួន ៦ គ្រឿង និង ក្បួនរថយន្ត ចំនួន ១៣ គ្រឿង កាលពីថ្ងៃសុក្រ កន្លងទៅនេះ នៅក្នុងដំណើរទស្សនកិច្ចពិភពលោករបស់លោក។
លោក អូបាម៉ា និងអតីតជំទាវទី១ Michelle Obama បានស្នាក់នៅវិឡាឯកជនមួយ រយៈពេល ៥ យប់ ដោយក្នុងមួយយប់ៗ មានតម្លៃរហូតដល់ទៅ ១៥ ០០០ ដុល្លារ ឯណោះ។ ទោះជាយ៉ាងណា អ្នកទាំង២ ទំនងជាមិនចំណាយលើថ្លៃស្នាក់នៅឡើយ ដោយសារតែវិឡាឯកជនខាងលើ គឺជាកម្មសិទ្ធិរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទៅកាន់អ៊ីតាលី នៃអតីតប្រធានាធិបតីអាមេរិក អូបាម៉ា គឺ លោក John Philips។
គួរបញ្ជាក់ថា លោក អូបាម៉ា និង លោកស្រី Michelle ត្រូវបានធានាសុវត្ថិភាព និងឯកជនភាព នៅក្នុងវិឡាខាងលើ ដែលមានចម្ងាយមួយគីឡូម៉ែត្រ ពីផ្លូវថ្នល់។ ជាមួយគ្នានេះដែរ អាជ្ញាធរអ៊ីតាលី បានដាក់ការហាមប្រាមចំពោះការបរបាញ់សត្វជ្រូកព្រៃ ដើម្បីជៀសវាងការបាញ់ត្រូវអតីតប្រធានាធិបតីរូបនេះដោយចៃដន្យ។ យ៉ាងណាមិញ ពួកគេទាំង២ ត្រូវបានគេរំពឹងថា នឹងចាកចេញពីប្រទេសអ៊ីតាលីវិញ នៅថ្ងៃទី២៤ នេះ៕