ស្ងាត់ៗ បារ៉ាក់ អូបាម៉ា ទិញ​ផ្ទះ​ថ្មី​មួយ​ខ្នង តម្លៃ​រាប់​លាន​ដុល្លារ

  • 2017-06-01 08:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង អតីត​ជំទាវ​ទី១ លោកស្រី Michelle បាន​ទិញ​ផ្ទះ​ថ្មី​មួយ​ខ្នង នៅ​ក្នុង​រដ្ឋ​ធានី Washington សហរដ្ឋអាមេរិក ដែល​អ្នក​ទាំង ២ ធ្លាប់​បាន​ជួល​នា​ពេល​កន្លង​មក ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៨,១ លាន​ដុល្លារ កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ។

ផ្ទះ​ថ្មី​របស់​លោក អូបាម៉ា នៅ​ក្នុងរដ្ឋធានី Washington

អ្នក​នាំ​ពាក្យ​របស់​លោក អូបាម៉ា គឺ លោក Kevin Lewis បាន​បញ្ជាក់​បន្ថែម​លើ​ការ​ទិញ​ផ្ទះ​នេះ​ថា «លោក និង​លោក​ស្រី អូបាម៉ា នឹង​ស្នាក់​នៅ​ក្នុង​រដ្ឋធានី Washington យ៉ាង​ហោច​ណាស់ ២ ឆ្នាំ​កន្លះ​ទៀត ដូច្នេះ​វា​ត្រឹមត្រូវ​ណាស់​សម្រាប់​អ្នក​ទាំង ២ ក្នុង​ការ​ទិញ​យក​ផ្ទះ​នោះ ជា​ជាង​បន្ត​ការ​ជួល​រយៈ​ពេល​យូរ​ទៀត»។

បើ​តាម​ប្រភព​ជិតស្និទ្ធ​មួយ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក អូបាម៉ា នឹង​បន្ត​កាន់កាប់​ផ្ទះ​របស់​លោក នៅ​ក្នុង​ទីក្រុង Chicago ដដែល បើ​ទោះ​បី​ជា​ទិញ​ផ្ទះ​ថ្មី​នេះ​ក៏​ដោយ។

ផ្ទះ​ចាស់​របស់​លោក អូបាម៉ា នៅ​ក្នុង​ទីក្រុង Chicago

គួរ​បញ្ជាក់​ថា លោក អូបាម៉ា បាន​សម្រេចចិត្ត​ស្នាក់​នៅ​ក្នុង រដ្ឋធានី Washington បន្ទាប់​ពី​ចាកចេញ​ពី​សេតវិមាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា កន្លង​ទៅ​នេះ រហូត​ដល់​កូន​ស្រី​ពៅ អាយុ ១៥ ឆ្នាំ ឈ្មោះ Sasha រៀន​ចប់​ថ្នាក់​វិទ្យាល័យ។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា ផ្ទះ​ទំហំ ៧៦០ ម៉ែត្រ​ការ៉េ​នោះ លោក អូបាម៉ា បាន​ទិញ​ពី​អតីត​លេខាធិការ​នៃ​សេតវិមាន លោក Joe Lockhart និង​ភរិយា គឺ​លោក​ស្រី Giovanna Gray Lockhart៕

ប្រភព៖ Suntimes   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី