៥ បទ​និយាយ​​ពី​​ឪពុក​​​​ល្បី​​​ពីរោះ​​ដល់​ច្រៀង​​តាម​មិន​ដឹង​ខ្លួន​​ ​(វីដេអូ)

  • 2017-06-14 13:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​រំលឹក​គុណ​ឪពុក​កំពុង​ខិត​ជិត​មក​ដល់​ហើយ​ គឺ​នៅ​ថ្ងៃ​ អាទិត្យ ទី ១៨ មិថុនា​ខាង​មុខ​នេះ។ ទោះ​បី​នេះ​មិន​មែន​ជា​វប្បធម៌​របស់​ខ្មែរយើង តែគ្រប់គ្នា​សុទ្ធ​តែមាន​​ឪពុក​ គ្រាន់​តែ​ទំនាក់​ទំនង និង​របៀប​បង្ហាញ​ក្ដី​ស្រលាញ់​រវាង​ឪពុក​​កូន​អាច​ខុស​ប្លែក​គ្នា​ទៅ​តាម​ជាតិសាសន៍ និង​ទំនៀម​ទម្លាប់ប្រពៃណី​។ គ្រួសារ​ខ្លះ​ឪពុក​និង​កូន​អាច​មាន​ទំនាក់​ទំនង​ផ្អែម​ល្ហែម​ស្និត​ស្នាល​ខ្លាំង​ ខ្លះ​ក៏​មិន​សូវ​ជិត​ស្និត  ខ្លះ​ទៀត​ដាច់​ឆ្ងាយ​តែ​ម្ដង​ដោយ​ហេតុ​ផល​ណា​មួយ។

យ៉ាង​ណា​ក៏ដោយ​គុណ​តម្លៃ​ឪពុក​នៅ​តែ​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ​ដើម្បី​បំពេញ​សុភមង្គល​គ្រួសារ​ពេញលេចញមួយ​ ។ ដូច្នេះ​​បុរស​គ្រប់​រូ​ប​គួរ​ចង​ចាំ​ថា បើ​ទោះ​ជា​ខ្លួន​​មិន​បាន​ទទួល​ភាព​កក់​ក្ដៅ​ពី​ឪពុក​​ ក៏​ត្រូវ​ធ្វើជា​ឪពុក​​​ល្អ​ជា​គំរូ​ដល់​​កូន​ៗ​​ដែរ។

ថ្ងៃនេះ​ Sabay បាន​រក​ឃើញ ៥បទ ដែល​បង្កប់​អត្ថន័យ​ជ្រាល​ជ្រៅ​ពីរៀប​រាប់​ពី​រឿង​​រ៉ាវ​​ឪពុក បើ​បាន​ស្ដាប់​ហើយ​ដឹង​តែ​រំជួលចិត្ត​អាច​ដល់​ថ្នាក់​​ស្រក់​ទឹក​ភ្នែក​ទៀតផង​។

តោះ!​ មក​ស្គាល់​បទ​ពីរោះ​រណ្ដំ ៥  បទ នេះ ​៖

១.លោក​ឪពុក-ច្រៀង​ដោយ​លោក​ ព្រាប សុវត្ថិ

បទ​ចម្រៀង​នេះ​ និយាយ​ពី​អារម្មណ៍​របស់​កូន​ប្រុស​ម្នាក់​ដែល​ធ្លាប់​ទទួល​បាន​ភាព​កក់​ក្ដៅ និង ក្ដី​ស្រលាញ់​ពី​ឪពុក តែ​នៅ​ពេល​នេះ​ឪពុក​បាន​ឃ្លាត​ទៅ​ឆ្ងាយ​ហើយ​ ។ គ្រប់​ឃ្លា​នៅ​ក្នុង​បទ​នេះ​សុទ្ធតែ​មាន​អត្ថន័យ​ជ្រាលជ្រៅ ដែល​បង្ហាញ​ពី​ទំនាក់​ទំនង​យ៉ាង​ស្និត​ស្នាល​រវាង​ឪពុក និង​ កូន  ។  

  **២.Dear Father-ច្រៀង​ដោយ​  ក្រុមចម្រៀង SmalWorld SmallBand**

ទោះជា​បង្កប់​អត្ថន័យ​ស្រដៀង​គ្នា​នឹង​បទ​ខាង​លើ តែ​របៀប​រៀប​រាប់​អារម្មណ៍​​​ដែល​នឹក​ដល់​លោក​ឪពុក​គឺ​ផ្សេង​គ្នា​ទាំង​ស្រុង​។​ នេះ​ជា​បទ​ចម្រៀង​បែប​យុវវ័យ​​ជំនាន់​ថ្មី កាន់តែ​ពិសេស​នោះ​បទ​នេះ​និយាយ​ពី​អារម្មណ៍​​ពិត​របស់​អ្នក​ចម្រៀង​ម្នាក់​ក្នុង​ក្រុម​គឺ ម៉ម ពេជ្យរិទ្ធនេះ​តែម្តង ដូច្នេះ​​បើ​ដឹង​រឿង​គាត់​និង​ឪពុក​​គឺ​ស្ដាប់​បទ​នេះ​ទៅ​ពីរោះ​ថ្វេរ​ដង​​​  

៣.ប៉ា​ -ច្រៀង​ដោយ​ លោក​ ទ្រី សក្តា បទ​នេះ​ពិត​ជា​ផ្អែម​ល្ហែម ចាក់​ដោត​អារម្មណ៍ បង្កប់​ទៅ​​ដោយ​​ភាព​កក់​ក្ដៅ​ រៀប​រាប់​ពី​សេចក្ដី​ស្រលាញ់ ការ​លះ​បង់​របស់​លោក​ឪពុក​ចំពោះ​កូន ។ ឃ្លា​ដែល​រំជួល​ចិត្ត​មួយ​​ក្នុង​បទ​នេះ គឺ «ក្តី​ស្រលាញ់​មួយ​ដែល​មិន​ចេះ​សាប​សូន្យ​គឺ ប៉ា​តែង​ផ្ដល់​​ឲ្យ​កូន​មុនគេ​ ....»

  ៤.លោក​ប៉ា​ -ច្រៀង​ដោយ​ វណ្ណ ចេស្តា និង​ ពន្លឺ​

បទ​នេះ​ជា​ប្រភេទ​បទ Rap រៀប​រាប់​ពី​អនុស្សាវរីយ៍​ជា​ច្រើន​មិន​អាច​បំភ្លេច​បាន​របស់​កូន​ជាមួយ​លោក​ឪពុក​ជាទី​ស្រលាញ់​។ របៀប​រៀប​រាប់​គឺ​ក្បោះ​ក្បាយ​អាច​ឲ្យ​អ្នក​ស្ដាប់​ស្រមៃ​ឃើញ​រូបភាព​ដ៏​កក់​ក្តៅ​រវាង​ឪពុក​និង​កូន ហើយ​ឃ្លា​ដែល​រំជួល​ចិត្ត​បំផុត​នោះ គឺ «លោកប៉ា​វិល​វិញ.... »

  ៥.ឈាម​ឱពុក​- ច្រៀង​ដោយ​ ខេម​   ខុស​ប្លែក​គ្នា​ខ្លាំង​ពី​ប្រភេទ​បទ​ខាង​លើ នេះ​ជា​បទ​បែប​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​រៀប​រាប់​ពី​ទុក្ខសោក​ឪពុក​ម្នាក់​ដែល​មាន​កូន​ស្រី​មាន​ជំងឺ​ជាប់​ខ្លួន​​ពី​កំណើត​ ឃ្លា​ដែល​រំជួល​ចិត្ត​បំផុត​នោះ​គឺ​ « កូន​ស្រី​ឪពុក​ទុក​ស្មើ​ជីវិត ​ ...»ស

តើ​អ្នក​ពេញ​ចិ​ត្ត​​បទ​មួយ​ណា​​ជាង​គេ ​?

អត្ថបទ៖ លីដា