ជឿអត់ថាមានឪពុកល្អ កូនស្រីកម្រយកប្តីខុសណាស់
- 2017-06-15 09:08:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿអត់ថាមានឪពុកល្អ កូនស្រីកម្រយកប្តីខុសណាស់
ចន្លោះមិនឃើញ
ស្ត្រីម្នាក់រាប់ទុកថាមានសំណាងមួយជីវិតបើបានកើតក្នុងគ្រួសារដែលពោរពេញដោយភាពកក់ក្តៅ ពិសេសគឺមានឪពុកដ៏ល្អ ដែលមានការទទួលខុសត្រូវខ្ពស់ និង យកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។
រៀបរាប់ទាំងមោទនភាពនិងក្តីស្រលាញ់ពីឪពុកខ្លួន កូនស្រីវ័យ ២៧ឆ្នាំម្នាក់ ឈ្មោះ នីតា បានប្រាប់ Sabay ថា៖ «ខ្ញុំចាប់ទុកប៉ាដូចជាវីរបុរសម្នាក់ ជាស្នេហាគ្រាដំបូង ជាឧត្ដមឪពុក ជាកំពូលបុរស ព្រោះតាំងពីតូចរហូតដល់ធំប៉ាស្រលាញ់មើលថែខ្ញុំនិងបងស្រីដោយក្តីស្រលាញ់ និងយកចិត្តទុកដាក់បំផុត។ នៅជាមួយប៉ាទាំងពីតូចដល់ធំធ្វើឲ្យខ្ញុំបានដៅច្បាស់ថាបុរសបែបណាដែលគួរយកជាគូអនាគត »។
កញ្ញាបន្តថា៖ «ខ្ញុំចេះតែគិតច្រើនម្នាក់ឯងថា តើខ្ញុំអាចមានសំណាងដូចម៉ាក់ខ្ញុំឬអត់ទេដែលមានប្តីល្អបែបនេះ។ ប៉ា គឺជាបុរសម្នាក់មានសមត្ថភាព ចំណេះ ជំនាញអាចទំនុកបម្រុងគ្រួសារឲ្យរស់នៅបានស្រួល ចេះផ្ដល់ភាពកក់ក្ដៅ និង លេងជាមួយកូន។ ពិសេសប៉ាតែងផ្ដល់អាទិភាពដល់គ្រួសារ និងចំណាយយ៉ាងច្រើនអប់រំប្រដៅកូនដោយផ្ទាល់» ។
ក្នុងលោកនេះគ្មានអ្វីដែលសមប្រាថ្នាគ្រប់យ៉ាងឡើយ ទោះទីបំផុតនីតាបានរកឃើញបុរសដ៏ល្អម្នាក់តាមបំណង តែគួរឲ្យស្ដាយលោកឪពុកមិនបាននៅឃើញថ្ងៃជ័យរបស់កូនស្រីសំណព្វចិត្តនេះឡើយ។ នៅពាក់កណ្ដាលឆ្នាំ២០១៤ ឪពុកនីតាបានលាចាកលោកដោយជំងឺ ទាំងនីតាមិនទាន់បានណែនាំបុរសដែលខ្លួនប៉ងរៀបការជាមួយឲ្យលោកឪពុកបានស្គាល់ផង។
ក្នុងឆ្នាំ២០១៥ នីតាបានសម្រេចចិត្តរៀបការ ហើយបច្ចុប្បន្ននាងបានក្លាយជាម្ដាយក្មេងស្រីគួរឲ្យស្រលាញ់អាយុ៦និងមានជីវិតគ្រួសារដ៏កក់ក្ដៅមួយ។
នីតាបានរៀបរាប់ទាំងក្តុកក្តួលចិត្តថា៖ «ខ្ញុំចង់ឲ្យប៉ាដឹងថាពេលនេះខ្ញុំពិតជាអាចរកឃើញបុរសម្នាក់ដែលល្អដូចប៉ាអីចឹង។ សកម្មភាពរបស់ប្ដីខ្ញុំជាច្រើនតែងធ្វើឲ្យខ្ញុំនឹកឃើញប៉ា។ ពិសេសក្រោយពេលយើងក្លាយជាឪពុកម្ដាយគេ ខ្ញុំកាន់តែច្បាស់ថាខ្ញុំសម្រេចចិត្តមិនខុស។ គាត់តែងជួយមើលថែកូន គាត់ងើបកណ្ដាលយប់ឆុងទឹកដោះគោឲ្យកូន ងូតទឹកឲ្យកូន និង មិនដែលបណ្ដោយឲ្យខ្ញុំធ្វើការងារធ្ងន់ឡើយក្រោយសម្រាលកូន»។
នីតាក៏ចង់ផ្ដាំផ្ញើពាក្យពេចន៍ខ្លះទៅកាន់មិត្តអ្នកអាន៖ «ខ្ញុំជឿជាក់ថាគ្រួសារទាំងអស់មានស្ថានភាពមិនដូចគ្នាទេ។ តែសូមចងចាំថា បើទោះជាឪពុកអ្នកមិនបានផ្តល់ភាពកក់ក្ដៅដែលអ្នកចង់បានក៏ដោយ អ្នកគួរធ្វើជាឪពុកម្ដាយដ៏ល្អជាចំពោះកូន។ ហើយកុំភ្លេចថាត្រូវធ្វើបុណ្យទាន់ខែភ្លឺ អំពើល្អរបស់អ្នកចំពោះម្ដាយឪពុកថ្ងៃនេះ ជាគំរូល្អដល់កូនរបស់អ្នកទៅថ្ងៃក្រោយ»៕