រឿងពិតគួរឲ្យភ្ញាក់ផ្អើល ទាំង១០ ពីសត្វឆ្មា ដែលអ្នកមិនធ្លាប់ដឹង ពីមុនមក

  • 2017-06-17 03:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា សត្វ​ឆ្មា មាន​សមត្ថភាព​ខ្លាំង ក្នុង​ការ​សម្គាល់​សំឡេង​ម្ចាស់​របស់​ពួកវា ប៉ុន្តែ​គ្រាន់​តែ​ពួកវា​ធ្វើ​ជា​មិន​អើពើ​ជាមួយ​យើង។

ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​ពិត​តូច​មួយ​នៃ​សត្វ​ឆ្មា ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ប៉ុណ្ណោះ ហើយ​អ្នក​នឹង​ភ្ញាក់ផ្អើល​ខ្លាំង នៅ​ពេល​បាន​ដឹង​ការ​ពិត​ទាំង ១០ ពី​សត្វ​ឆ្មា​នៅ​ខាង​ក្រោម​នេះ៖

#១ សត្វ​ឆ្មា​មួយ​ក្បាល មាន​ឈ្មោះ​ថា Masha បាន​ជួយ​ជីវិត​ទារក​ម្នាក់។ សត្វ​ឆ្មា​រោម​វែង ពូជ Red Tabby នេះ បាន​រក​ឃើញ​ទារក​ដែល​គេ​បោះបង់ចោល​ម្នាក់ នៅ​ក្នុង​ប្រអប់​មួយ ខណៈ​កំពុង​មាន​ព្រិល​ធ្លាក់ ហើយ​ក៏​បាន​ហក់​ឡើង​លើ​ប្រអប់​នោះ ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ទារក និង​ស្រែក​ម៉េវ ដើម្បី​ហៅ​អ្នក​ដំណើរ។

#២ សត្វ​ឆ្មា ពាំ​សាកសព​សត្វ​ទៅ​ឲ្យ​អ្នក ព្រោះ​ពួកវា​គិត​ថា​អ្នក​គ្រាន់​តែ​ជា សត្វ​ឆ្មា​ដែល​មាន​សភាព​ទ្រុឌទ្រោម មិន​អាច​រស់​ដោយ​ខ្លួន​ឯង​បាន​ប៉ុណ្ណោះ។ ពួក​វា​ធ្វើ​បែប​នេះ ហាក់​បី​ដូច​ជា ការ​ជូន​កាដូ​ដល់​អ្នក​អីចឹង។

#៣ នៅ​ពេល​ដែល​សត្វ​ឆ្មា​បិទ​ភ្នែក​របស់​វា​យឺតៗ និង​បើក​វិញ​ម្ដង​ទៀត ឬ​ព្រិច​ភ្នែក​ដាក់​អ្នក នោះ​មាន​ន័យ​ថា ពួកវា​ជឿជាក់​លើ​អ្នក និង​ស្គាល់​អ្នក​ថា​ជា​មិត្ត​របស់​វា។

#៤ ទីជម្រក​ជាច្រើន មិន​អនុញ្ញាត​ឲ្យ​យក​សត្វ​ឆ្មា​សម្បុរ​ខ្មៅ​មក​ចិញ្ចឹម​ឡើយ នៅ​អំឡុង​ពិធីបុណ្យ Halloween ព្រោះ​ខ្លាច​ថា ពួក​វា​នឹង​ធ្វើ​ពលីកម្ម ឬ​ទទួល​ទារុណកម្ម។

#៥ នៅ​ក្នុង​ឆ្នាំ ១៨៧៩ សត្វ​ឆ្មា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​នាំ​សារ នៅ​ក្នុង​ប្រទេស​បែលហ្សិក ប៉ុន្តែ​ត្រូវ​បរាជ័យ។

#៦ រដ្ឋាភិបាល​អង់គ្លេស មាន​មុខ​តំណែង​មួយ​ហៅ​ថា «Chief Mouser to the Cabinet Office» ដែល​អាច​ផ្ដល់​ឲ្យ​តែ​សត្វ​ឆ្មា​ប៉ុណ្ណោះ។

#៧ សត្វ​ឆ្មា​ពេញ​វ័យ ស្រែក​ម៉េវ ដើម្បី​ទាក់ទង​ជា​មួយ​មនុស្ស។

#៨ សត្វ​ឆ្មា​ចាស់​បំផុត​លើ​ពិភពលោក មាន​អាយុ ៣៨ ឆ្នាំ និង ៣៤ ឆ្នាំ ដោយ​មាន​ម្ចាស់​តែ​មួយ ហើយ​ស៊ី​អាហារ​ដូចជា សាច់​ជ្រូក​បី​ជាន់ ស៊ុត ខាត់ណា និង កាហ្វេ។

#៩ ខួរ​ក្បាល​របស់​សត្វ​ឆ្មា ដូច​ទៅ​នឹង​ខួរក្បាល​របស់​មនុស្ស ៩០ ភាគរយ ហើយ​ដូច​ខ្លាំង​ទៅ​នឹង​ខួរក្បាល​របស់​សត្វ​សុនខ។

#១០ អ្នក​បើក​ទូក​ក្ដោង ឬ​កម្មករ​នាវា បាន​ចាត់​ទុក​សត្វ​ឆ្មា​សម្បុរ​ខ្មៅ​ថា​ជា សំណាងល្អ និង​នាំ​យក​វា​ទៅ​ជាមួយ ដោយ​សង្ឃឹម​ថា​នឹង​មាន​សុវត្ថិភាព​ក្នុង​ដំណើរ​តាម​សមុទ្រ៕

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី