រឿង​​ខ្លី​​​«វិល​មក​ផ្ទះ»កំពុង​​ដាស់​​តឿន​​​កូន​​ឈប់​​ឲ្យ​ឪ​ចាំ​មើល​​ផ្លូវ​​ទៀត​ (វីដេអូ)

  • 2017-06-18 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស​ម័យនេះ តើ​មាន​យុវ​វ័យ​ដែល​សុខចិត្ត​លះបង់​ការ​ដើរលេង​ជួប​ជុំ​មិត្ត​ភ័​ក្ត ទៅ​ញុំា​បាយ​ជុំ​ជាមួយ​គ្រួសារ​ទេ ? ពិសេស​គ្រួសារ​ដែល​មានតែ​ឪពុក​ចាស់​ឈឺ​ដេក​នៅ​ពេទ្យ​ត្រ​មង់​ត្រមោច​ម្នាក់ឯង​អង្គុយ​ទ​ន្ទឹ​ង​រង់ចាំ​កូន​ប្រុស​សំ​ណ​ព្វ​ចិត្ត​មក​សួរ​សុខ​ទុក​ខ្លួន​ជា​រៀ​ង​រាល់ថ្ងៃ​។ នេះ​គឺជា​ស្ថានភាព​ក្នុង​រឿង​វីដេអូ​ខ្លី​រយៈពេល ៦​នាទី​មាន​ចំណង​ជើងថា វិល​មក​ផ្ទះ​(Back Home) ដែល​បាន​ដាក់​បង្ហោះ​លើ​បណ្តាញ​ស​ង្គ​មកាល​ពី​ម្សិល​មិ​ញ​នេះ​។

​សាច់រឿង​ខ្លី​មែនពិត តែ​បាន​កន្ត្រាក់​អារម្មណ៍​អ្នកទស្សនា​មិន​តិច​ទេ ពិសេស​ត្រង់​ឈុត​បង្ហាញ​ពី​ការ​លំបាក​របស់​ឪពុក​ដែល​ប្រឹង​ធ្វើការ​ជា​កម្មករ​សំ​ណង់​ដើម្បី​ទំ​នុ​ក​បម្រុង​កូន​ប្រុស​ឲ្យ​បាន​រៀ​ន​សូត្រ​រហូតដល់​ចប់ និង​មាន​អនាគត​ល្អ​។​

​ឈុត​ចាក់​ដោត​បោះដូង​បំផុត​មួយ​ទៀ​ត​នោះ គឺ​នៅ​នាទីចុងក្រោយ​ដែល​បង្ហាញ​ពី​ពេលវេលា​ផ្អែមល្ហែម​របស់​ឪពុក​កូន​កាលពី​កូន​នៅ​តូច​។ រស់នៅ​ជុំគ្នា​រាល់ថ្ងៃ​ហាក់​ពោរពេញ​ដោយ​សេចក្តីសុខ​ទោះ​នៅផ្ទះ​ឈើ​តូចចង្អៀត​មែនពិត ក៏​មិនបាច់​ត្រូវ​​ខ្វល់​ចិត្ត​​ចាំ​មើល​ផ្លូវ​កូន​រាល់​ថ្ងៃ​ដែរ ។​

​ចង់ដឹងថា​ទី​បំផុត​កូនប្រុស​វិល​រក​ឪពុក ឬ​អត់ តោះ​! មើល​វីដេអូ ៖​

​ ​លោក ឡេង ភារុណ អ្នកនិពន្ធ និង ដឹកនាំ​រឿង «​វិល​មក​ផ្ទះ​» បាន​ឲ្យ​ដឹងថា​៖​ ​«​នេះ​ជារឿង​ពិត​របស់​មិត្ត​ខ្ញុំ​ម្នាក់​ដែល ដែល​តាមពិតទៅ​ឪពុក​គេ​លែង​នៅក្នុង​លោក​នេះ​ទៀតហើយ​។ គួរ​ឲ្យ​សោកសៅ​បំផុត​នោះ​សូម្បី​ដ​ណ្ហើ​ម​ចុងក្រោយ​របស់​ឪពុក ក៏​គេ​មិន​មក​មិនទាន់​ដែរ​»​។

​លោក​បន្តថា​៖«​កាល​នោះ​ដោយសារតែ​គេ​រវល់​ធ្វើការ​ខ្លាំង ហើយ​ក៏​តែងតែ​ជុំគ្នា​ជាមួយ​ពួកម៉ាក​ស៊ីផឹក​កាត់​ស្ត្រេ​ស​ស្ទើរ​រាលថ្ងៃ​។ គិតតែ​ស្ត្រេ​ស​របស់​ខ្លួនឯង ភ្លេច​គិតពី​អារម្មណ៍​របស់​ឪពុក​ដែល​តែងតែ​អង្គុយ​រង់ចាំ​នៅផ្ទះ​រាប់​ម៉ោង ណាមួយ​បារម្ភ​ពិ​កូន​ខ្លាច​ជួប​ហេតុការណ៍​អាក្រក់​អី​ទៀត​»​។​

​ពេល​នេះមិត្តរប​ស់លោក​ពិតជា​ស្តាយ​ក្រោយ និង​នឹកនា​ដល់​ឪពុក​ខ្លួន​យ៉ាងខ្លាំង តែ​ឪពុក​ចាស់​ដែល​បាន​ឈឺ​ចែក​ឋាន​ទៅ​មិន​វិលត្រលប់​វិញ​ឡើយ​។ ដូច្នេះ​ហើយ​ទើប​មិត្ត​របស់​លោក​ចង់​ឲ្យ​មាន​វីដេអូ​នេះ​ដើម្បី​ដាស់​អារម្មណ៍​​កូនៗ​ទាំងអស់​ដែល​កំពុងតែ​វក់ធ្វើការ ឬ ដើរលេង តែងតែ​ចូល​ផ្ទះ​យឺត​ដូច​ខ្លួន​កាលពីមុន ឲ្យ​ប្រញាប់​ភ្ញាក់រ​លឹកបាន​ទាន់ពេលវេលា កុំឲ្យ​យឺត​ពេល​ដូច​រូបគេ ដូច​ពាក្យ​ថា​«​ទោះរក​លុ​យបានច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏​មិនអាច​ទិញ​ភាពកក់ក្តៅ​ដែល​ប៉ា​ធ្លាប់​ផ្តល់​ឲ្យ​កូន​បានឡើយ​»​៕

​ ​

អត្ថបទ​៖ លីដា