ប្រធានាធិបតីកេនយ៉ា ចុះទស្សនកិច្ច​ស្ពាន​មិត្ត​ភាព​ចិន ស្រាប់​តែ ១១​ថ្ងៃក្រោយ​ស្ពាន​បាក់រលំ

  • 2017-07-03 03:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រយៈពេល​ប៉ុន្មាន​ទសវត្ស​​ចុង​ក្រោយ ​ប្រទេស​ចិន​បាន​ព្យាយាម​សាងសង់​ស្ពាន​មិត្ត​ភាព​​ជា​មួយ​បណ្ដា​​ប្រទេស​ជា​ច្រើន​នៅ​អាហ្វ្រិក ​ក្នុង​នោះ​ស្ពាន​នៅ​ប្រទេស​កេនយ៉ា​ មួយ​​បាន​បាក់​​រលំ ខណៈ​មិន​ទាន់​បញ្ចប់​ការ​សាង​សង់​នៅ​ឡើយ។

​រដ្ឋាភិបាល​ប្រទេស​​កេនយ៉ា ​បាន​ប្រកាស​ផ្អាក​ការ​សាងសង់​ស្ពាន Sigiri ​បន្ទាប់​ពី​មនុស្ស ២៨​នាក់​ បាន​របួស​ដែល​ភាគ​ច្រើន​ជា​កម្មករ​ ក្រោយ​ស្ពាន​​បាក់​ជា​កំណាត់​ៗ​កាល​ពី​សប្ដាហ៍​មុន។

ស្ពាន​នេះ​មាន​ប្រវែង ១០០​ម៉ែត្រ ស្ថិត​នៅ​​ភាគ​ខាង​លិច​ប្រទេស​កេនយ៉ា ​ត្រូវ​បាន​សាង​សង់​​ឡើង​ដោយ​ក្រុមហ៊ុន​ចិន China Overseas Engineering Co ​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​ហ៊ុន​រថភ្លើង​ចិន China Railway។

ក្រុម​ហ៊ុន​ចិន​មិន​ទាន់​មាន​វិធានការ​ចំពោះ​​ការ​បាក់​រលំ​ទេ ​ប៉ុន្តែ​អះអាង​ថា នឹង​សង​ជំងឺ​ចិត្ត​ដល់​កម្មករ។ ​មន្ត្រី​កេនយ៉ា ​បាន​បញ្ជូន​ក្រុម​វិស្វករ​​ជាន់​ខ្ពស់​​មួយ​ក្រុម​ទៅ​​ស្វែង​រក​មើល​មូលហេតុ​​ធ្វើ​ឲ្យ​ស្ពាន​បាក់​ដែល​គ្រោង​នឹង​សម្ពោធ​នៅ​​ខែ​ក្រោយ​​នេះ​។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ គឺ​ការ​បាក់​រលំ ​កើត​ឡើង​នៅ​រយៈពេល​ត្រឹម​តែ ១១​ថ្ងៃ​ បន្ទាប់​ពី​ប្រធានាធិបតី​កេនយ៉ា លោក Uhuru Kenyatta ​បាន​ចុះ​ទៅ​ទស្សនកិច្ច និង​ជា​ផ្នែក​មួយ​នៃ​​យុទ្ធនាការ​ឃោសនា​រក​សំឡេង​​ឆ្នោត​សម្រាប់​​ការ​បោះ​ឆ្នោត​នៅ​ខែ​សីហា​​ខាង​មុខ។ ស្ពាន​នេះ​សម្រាប់​ឆ្លង​ទន្លេ River Nzioia ​ដោយ​​ចំណាយ​ប្រាក់​​សាង​សង់​ប្រមាណ​ ១១,៥​លាន​ដុល្លារ​អាមេរិក។

ការ​សង់​ស្ពាន Sigiri ​គឺ​ក្រោយ​កើត​មាន​ឧបទ្ទវហេតុ​លិច​ទូក​ក្នុង​ទន្លេ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ១១​នាក់ កាល​​ពី​ឆ្នាំ​ ២០១៤៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ ឡេង ភារុណ