Oppo R11 រាង​ស្អាត​ដូច​ iPhone 7 Plus Red ចុះ​តម្លៃ​ និង កម្លាំង​វិញ?

  • 2017-08-14 02:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ស្មានហ្វូន​ Oppo R11 ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ ដោយ​សារ​វា​មាន​រូបរាង​ស្អាត​​ទាក់​ភ្នែក​ដូច​ជា​ iPhone 7 Plus Red ​យ៉ាង​អ៊ីចឹង។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​លម្អិត​រវាង​ R11 និង 7 Plus Red ដោយ​ចង់​ដឹង​ថា​មាន​ចំណុច​ខុស​គ្នា​យ៉ាង​ណា៖

@ ការ​រចនា​រូបរាង ៖

ចំណុច​ដែល​ធ្វើ​ឲ្យ​ R11 និង 7 Plus Red ទាក់​ភ្នែក​ខ្លាំង​បំផុត​គឺ​ការ​រចនា​រូបរាង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​នេះ​ឯង។ R11 បើ​មើល​មួយ​ភ្លែត​ទៅ​មាន​រូបរាង​ស្រដៀង​នឹង​ 7 Plus Red មែន​ទែន​ ជា​ពិសេស​ត្រង់​កាមេរ៉ា​ភ្លោះ​ និង ​ការ​បំពាក់​ទីតាំង​​ខ្សែ​អង់តែន។

Oppo R11 ​មាន​វិមាត្រ​ ១៥៤,៥x៧៤,៨x ៦,៨ ម.ម និង​ មាន​ទម្ងន់​ ១៥០ ក្រាម ស្ដើង​ជាង​ និង​ស្រាល​ជាង​ iPhone 7 Plus ដែល​មាន​វិមាត្រ​ ១៥៨,២x៧៧,៩x ៧,៣ ម.ម និង​ មាន​ទម្ងន់​ ១៨៨ ក្រាម។

@ អេក្រង់ ៖

iPhone 7 Plus Red មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080 x 1920 ភីកសែល ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៤០១ ភីកសែល​ក្នុង​មួយ​អ៊ីញ។ ចំណែក​ Oppo R11 វិញ​មាន​អេក្រង់​​ទំហំ​ ៥,៥ អ៊ីញ​​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080 x 1920 ភីកសែល ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៤០១ ភីកសែល​ក្នុង​មួយ​អ៊ីញ​ដូច​គ្នា។

@ កាមេរ៉ា ៖

Oppo R11 មាន​​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង​ក្រោយ​ដោយ​មួយ​មាន​ទំហំ​ ២០ MP កម្រិត​ Aperture f/2.6 និង​មួយ​គ្រាប់​ទៀត​ទំហំ​​ ១៦ MP Aperture f/1.7 ដែល​មាន​មុខងារ​ Auto-Focus ដូច​គ្នា។ កាមេរ៉ា​ភ្លោះ​​នេះ​មាន​ប្រយោជន៍​ជំនួយ​ដល់​ការ​ Zoom មិន​ឲ្យ​បែក និង មាន​មុខងារ​​ថត​ព្រាល​ក្រោយ​ Portrait Mode ដូច​ iPhone 7 Plus ដែរ​គ្រាន់​តែ​សមត្ថភាព​ខុស​គ្នា។ វីដេអូ​អាច​ថត​បាន​ក្នុង​កម្រិត​ 4K ជា​មួយ​ល្បឿន​ ៣០ ប្លង់/​វិនាទី។ ចំពោះ​កាមេរ៉ា​ខាង​មុខ​របស់​ Oppo R11 មាន​ទំហំ​ដល់​ ២០ MP អាច​ថត​វីដេអូ​កម្រិត​ Full HD។

ដោយ​ឡែក​ចំពោះ​ iPhone 7 Plus វិញ​ចំណុច​ពិសេស​របស់​វា​គឺ​ត្រង់​កាមេរ៉ា​ភ្លោះ​នេះ​ឯង​ដោយ​អាច​ថត​រូបភាព​ព្រាល​ក្រោយ​ច្បាស់​មុខ​បាន​ស្អាត​មិន​ចាញ់​កាមេរ៉ា​ DSLR និង​មាន​ថត​ Zoom ពេល​ថត​ដោយ​មិន​បាត់​បង់​គុណភាព​រូបថត​ឡើយ។ កាមេរ៉ា​ភ្លោះ​របស់​ 7 Plus មាន​កម្រិត​ ១២ MP ដូច​គ្នា​ដែល​មាន​មុខងារ​រក្សា​លំនឹង​​ OIS និង ​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត 4K។ កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​ ៧ MP អាច​ថត​ Selfie បាន​ភ្លឺ​ស្អាត​ដោយ​មាន​ Aperture f/2.2 និង​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ Full HD។

@ Software ៖

iPhone 7 Plus Red ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ហើយ​នឹង​អាច​អាប់ដេត​ឡើង​ទៅ​កាន់​ iOS 11 ដែល​នឹង​បញ្ចេញ​ឲ្យ​ប្រើ​​ផ្លូវ​ការ​ក្នុង​អំឡុង​ខែ​កញ្ញា​ខាង​មុខ​បាន។ 7 Plus Redនេះ​មាន​ប្រើ​បន្ទះ​ឈីប​ A10 Fusion ​ដែល​មាន​ RAM ៣ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​​ទំហំ​ ១២៨ GB/ ២៥៦ GB។

Oppo R11 វិញ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.1.1 Nougat និង​មាន​ប្រើ​បន្ទះ​ឈីប​​ស៊េរី​ទាប​ Snapdragon 660, មាន​ RAM ទំហំ​ ៤ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB អាច​បន្ថែម​ទំហំ​បាន។

@ ទំហំ​ថ្ម ៖

Oppo R11 មាន​ទំហំ​ថ្ម​ ៣០០០ mAh ដែល​មាន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ Quick Charge​ហើយ​ទំហំ​ថ្ម​ប៉ុណ្ណេះ​អាច​ទ្រាំទ្រ​នឹង​ការ​ប្រើ​ប្រាស់​បាន​មួយ​ថ្ងៃ​ឯណោះ។ ដោយ​ឡែក​ iPhone 7 Plus Red វិញ​មាន​ទំហំ​​ ២៩០០ mAh អាច​ប្រើ​ប្រាស់​បាន​ពេញ​មួយ​ថ្ងៃ។ ថ្ម​ទូរសព្ទ​ទាំង​ពីរ​សុទ្ធ​តែ​មិន​អាច​ដោះ​ចេញ​បាន។

@ តម្លៃ​ ៖

iPhone 7 Plus Red នៅ​ទីផ្សារ​ប្រទេស​មាន​តម្លៃ​ចាប់​ពី​ ៨៧០ ដុល្លារ​ ចំណែក​ឯ​ Oppo R11 វិញ​មាន​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល​ត្រឹម​តែ​ប្រមាណ​ ៤៤០ ដុល្លារ​ប៉ុណ្ណោះ។

@ សេចក្ដី​សម្រេច ៖

ឆ្លង​កាត់​តាម​ការ​ប្រៀប​ធៀប​ខាង​លើ​ឃើញ​ថា​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន​ ដោយ​ iPhone 7 Plus Red ​បាន​យក​ឈ្នះ​លើ​​ផ្នែក​ Software ជា​ពិសេស​ត្រង់​បន្ទះ​ឈីប​​តែ​ម្ដង ចំណែក​ Oppo វិញ​យក​ឈ្នះ​ត្រង់​តម្លៃ​ដោយ​មាន​សមត្ថភាព​ខ្លាំង​គួរ​សម​ដែរ​តែ​មាន​តម្លៃ​ទាប​ជាង​ iPhone ពាក់​កណ្ដាល។ ចំពោះ​ចំណុច​ដទៃ​ទៀត​វិញ​ដូច​ជា​រូបរាង​ អេក្រង់​ និង កាមេរ៉ា​អាច​ប្រកួត​ប្រជែង​គ្នា​បាន៕​

​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី