៥ កន្លែង​ល្អ​បំផុត​សម្រាប់​អ្នកចង់​ស្រែក​ខ្លាំងៗរំសាយទុក្ខ ចំណែក​ទេសភាព​ស្អាត​កប់

  • 2017-08-19 03:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​រូប​នៅ​ពេល​មិន​សប្បាយ​ចិត្ត តែង​ចង់​ទៅ​កន្លែង​មួយ​ដ៏​ស្រស់​ស្អាត​ និង​ស្រែក​ខ្លាំង​ៗ​ដើម្បី​រំសាយ​ទុក្ខ​កង្វល់​ឱ្យ​រសាត់​ឆ្ងាយ​ពី​ក្នុង​ចិត្ត។ ថ្ងៃ​នេះ​ Sabay សូម​ណែនាំ​ប្រិយ​មិត្ត​ទៅ​តំបន់​ទេសចរណ៍​ ៥​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​សម​ប្រកប សម្រាប់​អ្នក​កើត​ទុក្ខ​ស្អិត​ទ្រូង គួរ​ទៅ​លេង​កម្សាន្ត​ធានា​ថា​សប្បាយ​ចិត្ត​ឡើង​វិញ​មិន​ខាន។

១. សមុទ្រ​ឈើ​ខេត្ត​មណ្ឌល​គីរី

សមុទ្រ​ឈើ​ ដែល​ស្ថិត​នៅ​ភូមិ​ឡៅកា ​ឃុំ​សុខដុម​ ​ក្រុង​សែន​មនោរម្យ​ ​​ខេត្ត​មណ្ឌល​គិរី​ ​ជា​កន្លែង​​ដែល​​មាន​​ទេសភាព​​ស្រស់​ត្រកាល​ ​ដោយ​​អាច​មើល​ព្រៃ​ឈើ​​​​​​ដ៏​ក្រាស់​ឃ្មឹក​ ដាច់​កន្ទុយ​ភ្នែក​​ជាប់​ជើង​មេឃប្រៀប​ដូច​ជា​សមុទ្រ។ អ្នក​ដែល​ចង់​រំសាយ​ទុក្ខ​កង្វល់​អាច​ទៅ​ស្រែក​ខ្លាំង​ៗ​នៅ​ទីនោះ នឹង​ធ្វើ​ឱ្យ​ទុក្ខ​កង្វល់​ទាំង​ឡាយ​រសាត់​ឆ្ងាយ​ជាក់​ជា​មិន​ខាន។

សមុទ្រ​ឈើ​ ​ស្ថិត​នៅ​​ខាង​ជើង​ឆៀង​ខាង​លិច​​ក្រុង​សែន​មនោរម្យ​ និង​នៅ​ជិត​ភ្នំ​ដោះ​ក្រមុំ។ ​​ភ្ញៀវ​ទេសចរ​ទៅ​លេង​នៅ​មណ្ឌល​គិរី​ មិន​សូវ​រំលង​​តំបន់​នេះ​ទេ ​ព្រោះ​​វា​ពិត​ជា​មាន​ទេសភាព​ស្រស់​ស្អាត​ណាស់ ​​ជា​ពិសេស​គឺ​ពេល​ថ្ងៃ​រះ និង​ថ្ងៃ​​​​លិច។ ​ជាមួយ​នឹង​អាកាស​ធាតុ​​ត្រជាក់ដ៏​​រ៉ូមែនតិក វា​ក៏​ជា​ទី​កន្លែង​​​អំណោយ​ទាន​សម្រាប់​គូ​ស្នេហ៍​​ក្នុង​ការ​សាសង​ ឬ​លក្ខណៈ​គ្រួសារ​ក៏​ទទួល​បាន​អារម្មណ៍​រីករាយ​ប្លែក​​ផង​ដែរ។

២.ឋានសួគ៌​បូកគោ

រមណីយដ្ឋាន​ ឋាន​សួគ៌​បូកគោ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត គឺជា​រមណីយដ្ឋាន​ដ៏​ស្រស់​ត្រកាល​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី។ ជា​ពិសេស​មាន​អាកាស​ធាតុ​ដ៏​ត្រជាក់​ខុស​ពី​តំបន់​ដទៃ​មាន​តែ​មួយ​គត់​នៅ​កម្ពុជា គ្រប​ដណ្ដប់​ដោយ​ដុំ​ពពក​ដេរដាស និង​មាន​កន្លែង​លេង​កម្សាន្ត​ជា​ច្រើន​នៅ​លើ​កំពូល​ភ្នំ។ ចំណែក​ឯ​ផ្លូវ​ធ្វើ​ដំណើរ​វិញ​កាន់​តែ​ងាយ​ស្រួល បត់​បែន​តាម​ជម្រាល​ភ្នំ​កាច់​កុង​ប្រៀប​ដូច​ជា​អន្ទង់​អាំង​យ៉ាង​ដូច្នោះ។ ទៅ​ដល់​កំពូល​ភ្នំ​ភ្ញៀវ​ទេសចរណ៍​នឹង​រំសាយ​អស់​នូវ​រាល់​ទុក្ខ​កង្វល់ មិន​ថា​កើត​ទុក្ខ​ប៉ុន​ណា​ក៏​ត្រូវ​តែ​សប្បាយ​ចិត្ត​ដែរ ហើយ​បើ​ចង់​ស្រែក​ប្រាប់​ធម្មជាតិ​ថា​កំពុង​ពិបាក​ចិត្ត​ក៏​មិន​មាន​អ្នក​ឃាត់​ដែរ។

៣. ឧទ្យាន​រាម​ ​ខេត្ត​ព្រះសីហនុ

មាន​មនុស្ស​ជា​ច្រើន​ហាក់​មើល​រំលង​ឧទ្យាន​រាម​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​នៅ​ទីនោះ​ជា​ទី​តាំង​ដ៏​ស្រស់​ស្អាត​បំផុត មាន​លក្ខណៈ​ស្ងប់​ស្ងាត់​សម្រាប់​អ្នក​ចង់​សង្រួម​ចិត្ត​សង្រួម​​អារម្មណ៍ ធ្វើ​សមាធិ​​ឱ្យ​ស្ងប់​ចិត្ត​ គេច​ចេញ​ពី​បញ្ហា​ទាំង​ឡាយ។ ទៅ​ដល់​ទីនោះ មិន​យូរ​ប៉ុន្មាន​ប្រិយ​មិត្ត​ហាក់​ភ្លេច​អស់​ថា​ខ្លួន​កំពុង​កើត​ទុក្ខ តែ​បែរ​ជា​សើច​កក្អាកកក្អាយ​ជា​មួយ​សម្រស់​ឆ្នេរ​សមុទ្រ​កំពុង​មាន​រលក​គ្រាំគ្រេង​ទៅ​វិញ។

៤. ទឹក​ជ្រោះ​ចំបក់​ខេត្ត​កំពង់ស្ពឺ

ចំបក់ ស្ថិត​ក្នុង​ទឹក​ដី ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ​ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ ជា​តំបន់​ទេសចរណ៍​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត​បំផុត ជា​ពិសេស​មាន​លក្ខណៈ​ស្ងប់​ស្ងាត់ ឭ​តែ​សំឡេង​ទឹក​ធ្លាក់ និង​បក្សា​បក្សី​ស្រែក​ច្រៀង​ទ្រហឹង​អឺង​កង​គួរ​ជា​ទី​មនោរម្យ។ ដូច្នេះ​ហើយ​សំឡេង​ទឹក បូក​ផ្សំ​និង​សំឡេង​សត្វ ព្រម​ទាំង​ទេសភាព​ដ៏​ប្រណិត​គ្មាន​២ អាច​ធ្វើ​ឱ្យ​ប្រិយ​មិត្ត​លួច​ញញឹម​ភ្លេច​អស់​រលីង​រឿង​ហ្មង​សៅ។

៥. ពើង​តានន់​ខេត្ត​សៀមរាប

​ផ្ទាំង​សិលា​ធំៗ ជា​ច្រើន​បង្គរ​បណ្ដាក់​លើ​គ្នា​ជា​ច្រើន​រាប់​មិន​អស់ រួម​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ប្រៀប​ដូច​សម្រស់​ក្រមុំ​ព្រហ្មចារី ​អម​ដោយ រុក្ខជាតិ​ខៀវ​ខ្ចី កំពុង​រីក​លូត​លាស់ បញ្ចេញ​សម្រស់​ផ្កា​ធម្មជាតិ និង ខ្យល់​អាកាស​បរិសុទ្ធ ធ្វើ​ឱ្យ​ពើង​តានន់​ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ ប្រៀប​ដូច​ឋានសួគ៌​​លើ​ដី​អ៊ីចឹង​។

តំបន់​ទេសចរ​ដ៏​ប្រណិត​នេះ​ មាន​ទីតាំង ស្ថិតនៅ ភូមិ គោកដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ចម្ងាយ​ប្រមាណ​តែ ៨៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​សៀមរាប​។ ​ ​កាល​ពី​មុន​ទីតាំង​ខាង​លើ​ពិបាក​ធ្វើ​ដំណើរ​ដោយសារ​ផ្លូវ​ធ្វើ​មិន​ទាន់​រួច ប៉ុន្តែ​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល មិន​ពិបាក​ទៀត​ទេ​។

ក្រៅ​ពី​មាន​ដំ​ថ្ម​ជា​ច្រើន​ត្រួត​លើ​គ្នា​ជា​ច្រើន​ហើយ​ខ្ពស់ បញ្ចេញ​រូបរាង​ដូច​នឹង​ប្រាសាទ​បុរាណ​ហើយ​នោះ ​នៅ​ទី​នោះ​មាន​អាស្រម​របស់​ព្រះសង្ឃ​ដែល​គង់​នៅ​លើ​ភ្នំ ​មើល​ថែ​រក្សា​កន្លែង​ដ៏​ស្ងប់ស្ងាត់​នោះ​ទៀត​ផង​៕ ​

អត្ថបទថ្មី