រឿងខ្មែរដែលទទួលបានពានដល់ទៅ៤ ត្រៀមចាក់បញ្ចាំងក្នុងឱកាសមហោស្រពភាពយន្តអាស៊ាន
- 2017-08-31 07:37:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងខ្មែរដែលទទួលបានពានដល់ទៅ៤ ត្រៀមចាក់បញ្ចាំងក្នុងឱកាសមហោស្រពភាពយន្តអាស៊ាន
ចន្លោះមិនឃើញ
ក្នុងចំណោមភាពយន្តទាំង៨រឿង ដែលត្រូវបានទូតនៃបណ្ដាប្រទេសអាស៊ាន រៀបចំចាក់បញ្ចាំងក្នុងកម្មវិធីមហោស្រពភាពយន្តអាស៊ាន ដើម្បីអបអរខួប៥០ឆ្នាំ នៃការបង្កើតសមាគមន៍អាស៊ាន រឿង"តម្លៃស្នេហ៍" របស់កម្ពុជាត្រូវបានជ្រើសរើសចាក់បញ្ចាំងផងដែរ។ នេះបើតាមការបង្ហាញក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងព័ត៌មានកាលពីរសៀល ម្សិលមិញ ដោយមានវត្តមានទូតនៃបណ្ដាប្រទេសអាស៊ានជាច្រើនរូបចូលរួម។
ភាពយន្តទាំង៨រឿង ដែលបានរៀបរាប់ខាងលើ ជាប្រភេទរឿងខុសគ្នា ដូចជា និយាយពីជីវិតគ្រួសារ ស្នេហា មនោសញ្ចេតនា រឿងល្ខោន ភ័យរន្ធត់ ជីវប្រវត្តិជាដើម។ ការចាក់បញ្ចាំងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៧ នៅលើកញ្ចប់ទូរទស្សន៍២ គឺទូរទស្សន៍ជាតិកម្ពុជា (ទទក) និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ ចាប់ពីម៉ោង១០យប់តទៅ។
រឿង “តម្លៃស្នេហ៍” ជាខ្សែភាពយន្តខ្នាតធំមួយនិយាយទាក់ទងនឹងការផ្សំផ្គុំ គូស្រករ ដោយក្នុងសាច់រឿងមានលាយឡំមនោសញ្ចេតនា កំប្លែង ការស្រលាញ់ ជំទាស់ វាយឬក ប្រកាន់វណ្ណៈជាដើម។ សាច់រឿងនេះ សរសេរដោយលោក ស្ទូអាត ឈីឆាម សរសេរប៉ារ៉ូលដោយលោក ម៉ាធ្យូ រ៉ូប៊ីនសុន។
ភាពអស្ចារ្យនៃខ្សែភាពយន្តនេះ មិនទាន់បានដាក់បញ្ចាំងផ្លូវការនៅក្នុងស្រុកផង រឿង"តម្លៃស្នេហា" បានឈ្នះពានរង្វាន់រហូតដល់ទៅ៤ ពីមហោស្រពភាពយន្តនៅហូលីវូដ ឬ Hollywood International Moving Pictures Film Festival (HIMPFF)ផងដែរ។
រឿងនេះផលិតដោយផលិតកម្ម «ខ្មែរមេគង្គ» និងចូលរួមសម្តែងដោយ ស្រីស្អាត ស៊ីន យូប៊ីន យិម សម្បត្តិ អែន យ៉ាដាវ សាវិន ហ្វីលីព សុខ មុនីរក្សា ជាដើម៕