ភ្ញាក់ផ្អើល! ថតវីដេអូដោយចៃដន្យ ជាប់ដំរីមួយហ្វូងធំនៅខេត្តកោះកុង
- 2017-09-02 02:29:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ថតវីដេអូដោយចៃដន្យ ជាប់ដំរីមួយហ្វូងធំនៅខេត្តកោះកុង
ចន្លោះមិនឃើញ
ក្នុងពេលចុះល្បាតព្រៃ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិបុទុមសាគរ បានថតវីដេអូដោយចៃដន្យ ជាប់ដំរី១ហ្វូងប្រមាណជាង២០ក្បាល ឆ្លងកាត់ផ្លូវជាតិ ឯកឧត្ដម សាយ ប៊ូថង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងខេត្តកោះកុង។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។
តាមប្រភពដដែលបានឱ្យដឹងថា សត្វដំរីទាំងនោះ តែងតែឆ្លងកាត់នៅត្រង់កន្លែងនោះ ដើម្បីទៅរកចំណីរបស់វាដោយសន្តិភាព គ្មានការរំខានអ្វីឡើយ។ បន្ថែមលើពីនេះទៀត លោក អ៊ឺង វុនី នាយកឧទ្យានជាតិបុទុមសាគរ បានបញ្ជាក់ថា ដំរីជាង២០ក្បាល ដែលមន្ត្រីឧទ្យានុរក្សថតបាន គឺជារឿងពិតប្រាកដ ហើយហ្វូងដំរីទាំងនោះតែងធ្វើដំណើរជាង២០គីឡូម៉ែត្រ ក្នុងរយៈពេលពី០២ ទៅ០៣ខែ ពីជម្រកនៅតំបន់ក្បាលព្រែកដំបង ឆ្ពោះទៅរកចំណីនៅលើភ្នំហ្វីលីពីន។
ទស្សនាវីដេអូថតដោយចៃដន្យជាប់ហ្វូងដំរី៖
លោក អ៊ឺង វុនី បានបន្ថែមថា ដោយមានការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈក្រុមល្បាតនៃឧទ្យានជាតិបុទុមសាគរ របស់ក្រសួងបរិស្ថាន សហការជាមួយប្រជាសហគមន៍ ថនិកសត្វមួយចំនួនមានវត្តមានច្រើន ដូចជាដំរី និងសត្វខ្ទីងជាដើម។ ដោយឡែក នៅក្នុងតំបន់ឧទ្យានជាតិបុទុមសាគរមានដំរីសរុបចំនួនចន្លោះពី៣០ទៅ៤៥ក្បាលកំពុងរស់នៅ។
ទន្ទឹមនឹងនោះដែរ លោក គីម ស្រេង ប្រធាននាយកដ្ឋានអភិរក្សធនធានធម្មជាតិខាងត្បូងបឹងទន្លេសាប ក្រសួងបរិស្ថាន បានបញ្ជាក់ថាយោងតាមការស្រាវជ្រាវថ្មីៗ រកឃើញថា នៅទូទាំងប្រទេសកម្ពុជា មានដំរីសរុបចំនួន ពី២០០ ទៅ៣០០ក្បាល៕