មេដឹកនាំផ្ដាច់ការសាហាវបំផុតទាំង ៥រូប ក្នុងប្រវត្តិ​សាស្ត្រ

  • 2017-09-12 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទួល​បាន​​​យុត្តិធម៌ ​មនុស្ស​ធម៌ ការ​គោរព ការ​ស្រលាញ់ និង​ភាព​រឹង​មាំ​ចំពោះ​ប្រទេស​ខ្លួន ​តែង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ខ្លួន​ឯង​ក្នុង​នាម​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់។

ប៉ុន្តែ​​ប្រសិន​បើ​មេដឹកនាំ​មាន​ភាព​​​ឃោរឃៅ ​លំអៀង រើសអើង រំលោភ​បំពាន​សិទ្ធិ​មនុស្ស ​​ល្មោភ​អំណាច ឬ​មិន​មាន​ប្រជាធិបតេយ្យ អ្នក​​ទាំង​​នោះ​ត្រូវ​គេ​ហៅ​ថា​​មេ​ដឹក​ផ្ដាច់​ការ។ ឥឡូវ​មក​ស្គាល់​មេ​ដឹក​នាំ​សាហាវ​ទាំង ៥រូប​​​ល្បី​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ដូច​ខាង​ក្រោម៖

១. អាដូហ្វ ហ៊ីត្លែ អតីតមេ​ដឹក​នាំ​អាល្លឺម៉ង់

ហ៊ីត្លែ ​កើត​នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ១៨៨៩ នៅ​ប្រទេស​អូសទ្រីស រួច​ផ្លាស់​ទៅ​រស់​​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៩១៣។ ​លោក​បាន​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​ទី ៣០​មេសា ឆ្នាំ ១៩៤៥ នៅ​​អាយុ ៥៦​ឆ្នាំ​ក្នុង​ទីក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​គេច​ចេញ​ពី​ការ​​តាម​ចាប់​ខ្លួន​ទាំង​រស់​របស់​​កងទ័ព​សូវៀត។ ក្រោយ​បាញ់​សម្លាប់​ខ្លួន ភរិយា​របស់​លោក​ Eva Braunក៏​បាន​លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួន​តាម​ក្រោយ​ដែរ។

ហ៊ីត្លែ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជា​ច្រើន ហើយ​លោក​រើស​​អើង​ជាតិ​សាសន៍​ គឺ​ស្អប់​ជនជាតិ​ជ្វីហ្វ​ខ្លាំង​ណាស់។ ​លោក​បាន​បញ្ជា​ឲ្យ​ទាហាន​សម្លាប់​មនុស្ស​ជាង ១១​លាន​នាក់ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ជ្វីហ្វ ៦​លាន​នាក់។ គាត់​បាន​ក្លាយ​ជា​​មេដឹកនាំ​ផ្ដាច់​ការ​​​ទាំង​ស្រុង​នៅ​​ឆ្នាំ ១៩៣៤។ លោក​បាន​បិទ​ផ្លូវ​​គណបក្ស​នយោបាយ​នានា​​ក្នុង​ឆ្នាំ ១៩៣៣ និង​​បិទ​សេរីភាព​បញ្ចេញ​មតិ​ទាំង​អស់។ ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ត្រូវ​បង្ខំ​ឲ្យ​និយាយ ឬ​សរសេរ​សរសើរ​លោក​ជា​ដាច់​ខាត។

គាត់​បាន​ធ្វើ​ឲ្យ​ប្រទេស​អាល្លឺម៉ង់​​ជា​រដ្ឋ​ផ្ដាច់​ការ​ណាហ្ស៊ី។ ហ៊ីត្លែ បាន​ចូល​ប្រឡូក​សង្គ្រាម​លោក​លើក​ទី ២ រួច​បញ្ជា​ឲ្យ​សម្លាប់​កុមារ និង​ស្ត្រី​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ​លោក​បាន​រៀបការ​ជាមួយ​នាង Eva Braun ​បាន ២៤​ម៉ោង ​រួច​ក៏​បាន​ធ្វើ​អត្តឃាត ​ហើយ​ភរិយា​ក៏​បាន​លេប​ថ្នាំ​ពុល​តាម​ក្រោយ​។

២. សាដាម ហ៊ូសេន អតីត​មេដឹកនាំ​អ៊ីរ៉ាក់

​លោក ហ៊ូសេន បាន​​ឡើង​ជា​ប្រធានាធិបតី​អ៊ីរ៉ាក់​ចាប់​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ២០០៣ ហើយ​​ធ្វើ​ឲ្យ​គាត់​មាន​អំណាច​យ៉ាង​ច្រើន​ក្នុង​ដៃ​។ ​ភាព​ផ្ដាច់​ការ​​របស់​លោក​បាន​ចាប់​ផ្ដើម​នៅ​​ឆ្នាំ ១៩៧៩ ដោយ​លោក​បាន​សម្លាប់​មនុស្ស​ស្លាប់​ជាង ១លាន​នាក់ ក្នុង​នោះ​ជនជាតិ​​ឃឺដ ​ចំនួន ៣០​ម៉ឺន​នាក់។

លោក​ធ្លាប់​ប្រើ​ប្រាស់​អាវុធ​គីមី WMD ​លើ​ប្រជាជន​​​ឃឺដ និង​ធ្វើ​ឲ្យ​ប្រទេស​លោក​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ។ លោក​បាន​ចូល​ឈ្លាន​​ពាន​ប្រទេស​ក្បែរ​ខាង​ចំនួន​ពីរ​ និង​​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​ខូច​ខាត​យ៉ាង​ខ្លាំង។ សាដាម ហ៊ូសេន ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ថ្ងៃ​ទី ៣០​ធ្នូ ឆ្នាំ ២០០៦ ដោយ​ព្យួរ​ក​នៅ​ទី​សាធារណៈ។

៣. ប៉ុលពត អតីត​មេ​ដឹកនាំ​ខ្មែរ

​ប៉ុលពត បាន​កាន់​អំណាច​ចាប់​ពី​ឆ្នាំ ១៩៧៥ ​ដល់​ឆ្នាំ ១៩៧៩។ ​លោក​បាន​សម្លាប់​​រង្គាល​ជាតិ​សាសន៍​ខ្លួន​ឯង​​រាប់​លាន​នាក់​តាម​រយៈ​ការ​ចាប់​ដាក់​គុក បាញ់​សម្លាប់ បង្អត់​អាហារ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ទាំង​គ្មាន​អាហារ​គ្រប់​គ្រាន់។ មូល​ហេតុ​ស្លាប់​ក្រៅ​ផ្លូវការ គឺ​ដោយ​សារ​គាំង​បេះ​ដូង​នៅ​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​ទី ១៥​មេសា ​ឆ្នាំ ២៩៨៨។ ឯ​ប្រភព​ខ្លះ​ថា គាត់​ធ្វើ​អត្តឃាត​ផឹក​ថ្នាំ​ពុល។

៤. គីម ជុងអ៊ីល អតីត​មេ​ដឹក​នាំ​កូរ៉េខាងជើង

គីម ជុង​អ៊ីល កើត​នៅ​ថ្ងៃ​ទី ១៦​​កុម្ភៈ ឆ្នាំ ១៩៤១ និង​ស្លាប់​នៅ​ថ្ងៃ​ទី ១៧ ធ្នូ ឆ្នាំ ២០១១ នៅ​អាយុ ៧០​ឆ្នាំ​ដោយ​សារ​គាំង​បេះ​ដូង​លើ​រថភ្លើង។ លោក​ជា​ឪពុក​របស់​មេដឹកនាំ​ គីម ជុងអ៊ុន បច្ចុប្បន្ន។ លោក​ត្រូវ​គេ​ចាត់​ទុក​ថា ជា​មេ​ដឹក​នាំ​អាក្រក់​ជាង​ស្ដាលីន និង​ហ៊ីត្លែ​​ទៅ​ទៀត។ លោក​តែងតែ​បញ្ជា​ឲ្យ​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស​​ដោយ​ បង្អត់​អាហារ ទម្លាក់​ទឹក ​ឬ​បាញ់​សម្លាប់​ជា​ដើម​។

ក្នុង​​ជុំរុំ​អាថ៌កំបាំង​មួយ​របស់​គាត់​គេ​ដឹង​ថា ​កុមារ​តូច​ៗ​​ជា​ច្រើន​ត្រូវ​កប់​ទាំង​រស់ ​​ឬ​ចាក់​ថ្នាំ​ឲ្យ​ហើម​សាច់ ​និង​ពិការ​អវយវៈ។ ​អ្នក​ទោស​ទន់​ខ្សោយ​អាច​​ត្រូវ​កាត់​អវយវៈ​ដើម្បី​យក​មក​ពិសោធន៍។ វិធី​ទណ្ឌកម្ម​របស់​លោក​ភាគ​ច្រើន​អមនុស្ស​ធម៌​ខ្លាំង​ណាស់​។

៥. ចូសេប ស្តាលីន អតីត​មេដឹកនាំ​​សូវៀត

ស្តាលីន ​កើត​នៅ​ថ្ងៃ​ទី ១៨​ធ្នូ ឆ្នាំ ១៨៧៨ និង​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ៥​មិនា​ឆ្នាំ ១៩៥៣ នៅ​អាយុ ៧៣​ឆ្នាំ។ លោក​ប្រើ​មនោគមន៍​បញ្ចុះ​បញ្ចូល​រហូត​មនុស្ស ២៧​លាន​នាក់ ក្នុង​ចំណោម ៧៥​លាន​នាក់​​ហ៊ាន​បូជា​ជីវិត​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មេដឹកនាំ​សាហាវ​​ព្រៃផ្សៃ​។ ​ក្នុង​ជុំរុំ​​ទណ្ឌកម្ម​ការងារ​មួយ​មាន​មនុស្ស​ប្រមាណ ២០​លាន​បាន​បាត់​បង់​ជីវិត​។ ក្នុង​​ឆ្នាំ ១៩៣០ នៅ​តំបន់ Great Purge មនុស្ស​រាប់​លាន​​នាក់​ត្រូវ​បាន​ជម្លៀស៕

ចុចអាន៖

ប្រភព៖ Teninsider   ប្រែ​សម្រួល៖ ឡេង ភារុណ