បាតុកម្ម​អាច​នឹង​បង្ខំ​ឱ្យ​លោក Duterte ដាក់​ច្បាប់​អាជ្ញា​សឹក​ទូទាំង​ប្រទេស

  • 2017-09-16 02:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន អាច​ដាក់​ច្បាប់​អាជ្ញា​សឹក នៅ​ទូទាំង​ប្រទេស​ប្រសិន​បើ​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ នៅ​សប្ដាហ៍​ក្រោយ​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា ឬ បញ្ហា​រំខាន។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP ចុះ​ផ្សាយ​ល្ងាច​មិញ។

Renato Reyes មេ​បាតុករ ​​បាន​ប្រកាស​ផែនការ​មហា​បាតុកម្ម​តាម​ដង​ផ្លូវ​សំខាន់​ៗ​នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា​ខាង​មុខ ដែល​ជា​ការ​រំលឹក​ដល់​​ខួប​​លើក​ទី​៤៥​ នៃ​ច្បាប់​អាជ្ញាសឹក​ របស់​អតីត​មេ​ដឹកនាំ​ផ្ដាច់ការ ហ្វីលីពីន​ Ferdinand Marcos ក្នុង​ឆ្នាំ​១៩៧២។ ប៉ុន្តែ​ប្រសិន​បើ​បាតុករ​ធ្វើ​ឲ្យ​​បាតុកម្ម​នោះ​កាន់​តែ​ធំ រដ្ឋាភិបាល​នឹង​ប្រើ​កាំភ្លើង​បាញ់​រះ​លើ​ដង​ផ្លូវ​ជា​ពុំខាន។ ប្រភព​ខាង​លើ​បន្ត។

"មហា​បាតុកម្ម​​ដើម្បី​រំលឹក​​ខួប​លើក​ទី ៤៥ នៃ​ច្បាប់​អាជ្ញាសឹក ធ្វើ​ឡើង​គឺ​ជា​រឿង​ត្រឹមត្រូវ ពី​ព្រោះ​តែ​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់​តែ​អាក្រក់​ទៅៗ និង​ខិត​ជិត​ទៅ​រក​របប​ផ្ដាច់​ការ"។ Renato Reyes បាន​និយាយ។ ​

បាតុកម្ម ប្រឆាំង​លោក Duterte

លោក Duterte បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក​នៅ​រដ្ឋ​ មីនដាណាវ​ កាល​ពី​ខែ​ឧសភា ហើយ​សហរដ្ឋអាមេរិក និង អូស្ត្រាលី បាន​ដាក់​ពង្រាយ​យន្ត​ហោះ​ស៊ើបការណ៍​ដើម្បី​ជួយ​ដល់​កងទ័ព​ហ្វីលីពីន​ ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​​ក្រុម​សកម្ម​ប្រយុទ្ធ​ IS ដែល​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៨៦០​នាក់ រួម​ទាំង​សកម្ម​ប្រយុទ្ធ​ជាង​ ៦០០នាក់ ត្រូវ​បាន​សម្លាប់​នៅ​នៅ​ភាគ​ខាងត្បូង ទីក្រុង​ Marawi ដែល​ជា​សហគមន៍​សាសនា​ឥស្លាម​តូច​មួយ​ក្នុង​ចំណោម​អ្នក​កាន់​សាសនា​រ៉ូម៉ាំង​កាតូលិក រាប់​សិប​លាន​នាក់​​ក្នុង​ប្រទេស ហ្វីលីពីន។

​​​​ដោយឡែក បាតុកម្ម​កាល​ពី​ថ្ងៃ​​ម្សិលមិញ​ជិត​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល សកម្មជន​រាប់​រយ​នាក់​​ រួម​ទាំង​ក្រុម​កុលសម្ព័ន្ធ​មូស្លីម​ បាន​ដុត​រូប​ប្រធានាធិបតី​អាមេរិក​ Donald Trump ជិះ​លើ​មីស៊ីល​ ហើយ​និង​រូប​លោក Duterte ដើម្បី​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​អាមេរិក ក្នុង​សង្គ្រាម​ដែល​កំពុង​បន្ត​នៅ​រដ្ឋ​ មីនដាណាវ​ និង ក្រុង​ Marawi​ ចម្ងាយ​ប្រមាណ​៨០០គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ានីល៕

ប្រភព៖ AP   ប្រែសម្រួល៖ សុខ លាងហ៊ត