មិនធម្មតា ខោខ្លីរបស់ ហ៊ីត្លែ ដាក់​លក់ដេញថ្លៃបាន​ខ្ពស់មិននឹកស្មាន

  • 2017-09-25 02:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខោ​ខ្លី​របស់​អតីត​មេដឹកនាំ​ផ្ដាច់​ការ​អាល្លឺម៉ង់ អាដូហ្វ ហ៊ីត្លែ ត្រូវ​បាន​គេ​ដាក់​លក់​ដេញ​ថ្លៃ ​និង​មាន​អ្នក​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ជាង ៦ ៧៦០​ដុល្លារ​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

លោក Bill Panagopoulos ​ជា​ម្ចាស់​​​ក្រុមហ៊ុន​ដាក់​លក់​ដេញ​ថ្លៃ Alexander Historical Auctions  ​នៅ​ទីក្រុង​ Chesapeake រដ្ឋ​ម៉ារីលែន សហរដ្ឋ​អាមេរិក​ បញ្ជាក់​ថា អ្នក​ទិញ​នោះ​ជា​បុរស​រស់​នៅ​សហរដ្ឋ​អាមេរិក តែ​លោក​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ។

លោក​បន្ត​ថា ​មនុស្ស​ជា​ច្រើន​ចង់​ទិញ​របស់​របរ​ដែល ហ៊ីត្លែ បាន​ប្រើ​ប្រាស់​កាល​នៅ​រស់​សូម្បី​តែ​ខោ​ក្នុង​មួយ​នេះ។ បុរស​វ័យ ៥៨​ឆ្នាំ​ដដែល​ប្រាប់​ថា ចង្កេះ​ខោ​ក្នុង​របស់​ហ៊ីត្លែ ទំហំ ៣៩​អ៊ីញ និង​មាន​ប៉ាក់​អក្សរ ​ A.H ដែល​ជា​ឈ្មោះ​កាត់​របស់​ហ៊ីត្លែ (Adolf Hitler)។

តាម​ប្រភព​ខាង​លើ​​អះអាង​ថា ខោ​ខ្លី​នេះ​ត្រូវ​បាន​ទុក​ចោល​នៅ​សណ្ឋាគារ​ប្រណីត​មួយ​ឈ្មោះ Parkhotel Graz ក្នុង​ប្រទេស​អូទ្រីស បន្ទាប់​ព​ី​មេដឹកនាំ​រូប​នេះ​សម្រាក​លំហែ​នៅ​ខែ​មេសា ​ឆ្នាំ ១៩៣៨។ អ្នក​ដាក់​ដេញ​ថ្លៃ ​គឺ​ជា​ចៅ​ប្រុស​របស់​ម្ចាស់​សណ្ឋាគារ​​កាល​សម័យ​នោះ។

ខោ​នេះ​​ត្រូវ​បាន​រក្សា​ទុក​ក្នុង​គ្រួសារ​ម្ចាស់​សណ្ឋាគារ ដោយ​ខ្ចប់​ក្នុង​ប្រអប់​ក្រដាស​យ៉ាង​ល្អ ពេល​នេះ​វា​មាន​អាយុ​កាល​ជិត ៨០​ឆ្នាំ​ហើយ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ