Duterte ស្នើអាមេរិកឲ្យជួយរឿងប្រឆាំងការជួញដូរគ្រឿងញៀន

  • 2017-09-27 12:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte កាលពីពេលថ្មីៗនេះបានថ្លែងក្នុងន័យស្នើឲ្យសហរដ្ឋអាមេរិកជួយប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ រឿងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ដែលលោកសង្កត់ធ្ងន់ថាកំពុងហូរចូលយ៉ាងសន្ធឹកសន្ធាប់ចូលមកក្នុងប្រទេស។

លោក Rodrigo Duterte

ក្នុងការថ្លែងទៅកាន់បណ្ដាសមាជិកនៃសមាគមរដ្ឋធម្មនុញ្ញហ្វីលីពីន លោក Duterte បាននិយាយថា៖ "ប្រទេសហ្វីលីពីន បានក្លាយជាកន្លែងដឹក Shabu (ភាសាហ្វីលីពីនសម្រាប់ហៅម៉ាទឹកកក ឬ Methamphetamine) នាំយកទៅសហរដ្ឋអាមេរិក។ វាជារឿងចាំបាច់ណាស់ ដែលសហរដ្ឋអាមេរិក និងហ្វីលីពីន សហការ និងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហា ជាពិសេសលើបញ្ហាមួយនេះ"។

ប្រធានាធិបតីហ្វីលីពីនរូបនេះបានបន្តទៀតថា៖ "ប្រទេសយើងកំពុងតែមានការហូរចូលយ៉ាងសន្ធឹកសន្ធាប់នៃគ្រឿងញៀន"។ លោកក៏បានបញ្ជាក់អំពីក្រុមឧក្រិដ្ឋជនពីរដែលកំពុងប្រើប្រាស់ប្រទេសហ្វីលីពីនធ្វើជាទីតាំងដឹកគ្រឿងញៀន ក្នុងនោះមានក្រុម 14-K ដែលមានមូលដ្ឋាននៅទឹកដី Hong Kong និង ក្រុម Bamboo ដែលតាំងមូលដ្ឋាននៅកោះតៃវ៉ាន់។

តាំងពីឡើងកាន់អំណាចជាប្រធានាធិបតីប្រទេសហ្វីលីពីនកាលពីឆ្នាំ ២០១៦មក លោក Duterte បានបើកយុទ្ធនាការមួយថាឈ្មោះថា "សង្គ្រាមប្រឆាំងទៅលើគ្រឿងញៀន" ក្នុងន័យកម្ចាត់គ្រឿងញៀនឲ្យអស់ពីប្រទេស។ យុទ្ធនាការនេះនាំឲ្យមានការបាញ់សម្លាប់មនុស្សជាច្រើន ដែលត្រូវបានប៉ូលិសចោទ ឬសង្ស័យថាជាប់ពាក់ព័ន្ធគ្រឿងញៀន។

សង្គ្រាមបង្ក្រាបគ្រឿងញៀននៅហ្វីលីពីន

បើតាមរបាយការណ៍រដ្ឋាភិបាលហ្វីលីពីនចំនួនអ្នកស្លាប់មានជាង ៣៨០០នាក់ ប៉ុន្តែអង្គការសិទ្ធិមនុស្សជាច្រើនថាចំនួនអ្នកស្លាប់មានលើសពីនេះ។ ប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់លោក Rodrigo Duterte មិនសូរមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនោះទេ ដោយកន្លងមកលោកបានប្រើពាក្យសម្ដីប្រមាថជាច្រើនទៅលើអាមេរិក ហើយហ៊ានទាំងជេរអតីតប្រធានាធិបតី លោក អូបាម៉ា ទៀតផង៕

ប្រភព៖ Reuters   ប្រែសម្រួល៖ ហ៊ីម រស្មី