ប្រវត្តិត្រួសៗរបស់ស្ថាបត្យករល្បីឈ្មោះខ្មែរ វណ្ណ ម៉ូលីវណ្ណ
- 2017-09-28 04:38:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិត្រួសៗរបស់ស្ថាបត្យករល្បីឈ្មោះខ្មែរ វណ្ណ ម៉ូលីវណ្ណ
ចន្លោះមិនឃើញ
លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងឆ្នាំ១៩២៦ នៅខេត្តកំពត។ ក្នុងឆ្នាំ១៩៤៦ លោកបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ដោយសិក្សាលើមុខវិជ្ជាស្ថាបត្យកម្ម ហើយបានវិលមកកម្ពុជាវិញនៅឆ្នាំ១៩៥៦។
ពេលលោកមកដល់កម្ពុជាភ្លាម សម្តេចព្រះនរោត្តម សីហនុ បានតែងតាំងលោកជាស្ថាបត្យករជាតិ ហើយលោកបានរចនាប្លង់ និងកសាងសមិទ្ធផលសាធារណៈជាច្រើននៅក្នុងសម័យសង្គមរាស្រ្តនិយម ដែលគេចាត់ទុកថានេះជាផ្នែកមួយនៃទំនើបកម្មក្នុងសម័យនោះ។
ក្រៅពីការងាររាជការ លោកក៏បានរចនា និងសង់ផ្ទះសម្រាប់ឯកជន និងគម្រោងតូចៗផ្សេងទៀតផងដែរនៅពេលនោះ។ សំណង់របស់លោកដែលបន្សល់ទុកដល់បច្ចុប្បន្នមានដូចជាស្តាតអូឡាំពិក អគារក្នុងសាកលវិទ្យាល័យភូនមិន្ទភ្នំពេញ និងអគារវិទ្យាស្ថានភាសាបរទេស និងសាលមហោស្របចតុមុខជាដើម។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោក វណ្ណ ម៉ូលីវណ្ណ បានចាកចេញពីកម្ពុជាទៅរស់នៅប្រទេសស្វីស និងបាន ធ្វើការជាមួយស្ថាប័នសិទ្ធិមនុស្សរបស់ង្គការសហប្រជាជាតិនៅតាមប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន។
លោកបានវិលមកកម្ពុជាវិញនៅឆ្នាំ១៩៩១ និងបានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ហើយលោកក៏ជាស្ថាបនិកម្នាក់ចូលរូមបង្កើតអាជ្ញាធរជាតិអប្សរា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រគម្រោងវណ្ណ ម៉ូលីវណ្ណ។
លោកបានរស់នៅខេត្តសៀមរាប និងស្លាប់នៅទីនោះ។ បើតាមអគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង្ស ពៅ ដែលស្និទ្ធនឹងគ្រួសារលោក វណ្ណ ម៉ូលីវណ្ណប្រាប់Sabay នៅព្រឹកនេះថា លោក វណ្ណ ម៉ូលីវណ្ណ បានស្លាប់ហើយនៅព្រឹកថ្ងែទី២៨ ខែកញ្ញានេះដោយជំងឺចាស់ជរាដែលមិនអាចព្យាបាលបាន។ បើតាមឯកឧត្តម ហង្ស ពៅ សពលោក វណ្ណ ម៉ូលីវណ្ណ នឹងត្រូវតម្កល់ទុកធ្វើបុណ្យនៅវត្តស្ទឹង និងថាគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិជាអ្នករៀបចំពិធីបុណ្យសពនេះ។
ចំណែកអ្នកនាំពាក្យគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ ឯកឧត្តម ឈិន កេតនា ប្រាប់ Sabay តាមទូរស័ព្ទ ថាគណៈកម្មការនឹងជួយរៀបចំបុណ្យសពលោក វណ្ណ ម៉ូលីវណ្ណ ពិតមែន តែលោកមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតបានទេ៕