មក​ស្គាល់​​មីស៊ីល​ ៤ ​ប្រភេទ​អាច​បាញ់​បាន​ឆ្ងាយ​ជាង​គេ​ក្នុង​លោក​

  • 2017-10-03 04:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ YouTube របស់​សារព័ត៌មាន​ Business Insider បាន​បង្ហាញ​ចេញ​វីដេអូ​ខ្លី​មួយ​ ដែល​មាន​រៀប​រាប់​ពី​មីស៊ីល​ចំនួន​ ៤ ប្រភេទ​អាច​បាញ់​បាន​ឆ្ងាយ​ជាង​គេ​ក្នុង​លោក។ មីស៊ីល​ទាំង​ ៤ នោះ​រួម​មាន ៖​

មីស៊ីល​ Jericho 3 របស់​ប្រទេស​អ៊ីស្រាអែល ​៖

អាច​បាញ់​បាន​ចម្ងាយ​​ឆ្ងាយ​បំផុត​ ១១​ ៤០០ គីឡូម៉ែត្រ។ មីស៊ីល​តែ​មួយ​គត់​របស់​ប្រទេស​អ៊ីស្រាអែល​នេះ​ជឿ​ថា​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​ ២០១១ ហើយ​មាន​ល្បឿន​លឿន​​ដល់​ថ្នាក់​អាច​គេច​ផុត​​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​ទៀត​ផង​​​​

​មីស៊ីល​ RS-26 Rubezh របស់​ប្រទេស​រុស្សី ៖

មីស៊ីល​នេះ​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​ ២០១៦ ហើយ​អំពី​សមត្ថភាព​របស់​វា​មិន​ត្រូវ​បាន​គេ​ដឹង​ច្រើន​ប៉ុន្មាន​នោះ​ទេ។ ក្នុង​អំឡុង​ពេល​បាញ់​សាក​ល្បង​វា​អាច​ហោះ​បាន​ចម្ងាយ​ត្រឹម​ ៥ ៨០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​រុស្សី​អះអាង​ថា​វា​អាច​ហោះ​បាន​ដល់​ចម្ងាយ​ ១២ ៥០០ គីឡូម៉ែត្រ។

មីស៊ីល​ LGM-30 Minuteman III របស់​សហរដ្ឋអាមេរិក ៖

សហរដ្ឋអាមេរិក​មាន​​ដំឡើង​មីស៊ីល​ប្រភេទ​នេះ​ប្រមាណ​ ​៤៥០ គ្រឿង​ឯណោះ ហើយ​វា​នឹង​បំពេញ​ប្រតិបត្តិការ​រហូត​ដល់​ឆ្នាំ​ ២០៣០។ មីស៊ីល​នេះ​មាន​សមត្ថភាព​ហោះ​បាន​ចម្ងាយ​ដល់​ ១២ ៨០០ គីឡូម៉ែត្រ។

មីស៊ីល​ Dongfeng 41​​ របស់​ប្រទេស​ចិន ៖

​តាម​របាយការណ៍​​ឲ្យ​ដឹង​ថា​មីស៊ីល​ DF-41 មាន​លឿន​ហោះ​ហើរ​ដល់​ ៣០ ៥០០ គីឡូម៉ែត្រ​/ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ​ដល់​ ១៤ ៤៨០ គីឡូម៉ែត្រ​ឯណោះ៕​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង