ទន្លេ​បាទី​ គ្រោង​រៀបចំ​ពិធី​បុណ្យ​អុំទូក ​នៅ​ឆ្នាំ​នេះ

  • 2017-10-04 08:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​តាកែវ ​គ្រោង​នឹង​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​ប្រពៃណី​ជាតិ​​ នៅ​ក្នុង​ទន្លេ​តូច​បរិវេណ​រមណីយដ្ឋាន​ទេសចរណ៍​ទន្លេ​បាទី​ ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ លោក​ លន់​ ប្រធាន​សហគមន៍​ទេសចរណ៍​ទន្លេ​បាទី។

បើ​តាម​ប្រធាន​សហគមន៍​ទេសចរណ៍​ខាង​លើ​បាន​លើក​ឡើង​ថា​ សហគមន៍​ទេសចរណ៍​ទន្លេ​បាទី​នៅ​ឆ្នាំ​នេះ​ មាន​បំណង​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​​ ក្នុង​ពេល​តំណាល​គ្នា​ជាមួយ​នឹង​ការ​ប្រារព្ធ​នៅ​រាជ​ធានី​ភ្នំពេញ​ដែរ​ ដើម្បី​ចូលរួម​អបអរ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ និង​ធ្វើ​ឱ្យ​រមណីយដ្ឋាន​ទន្លេបាទី​កាន់​តែ​សប្បាយ​ក្នុង​អំឡុង​ពិធី​បុណ្យ​អុំ​ទូក។

លោក​ ហ៊ូ​ លន់​ បញ្ជាក់​ថា​ លោក​បាន​ធ្វើ​សំណើ​ទៅ​កាន់​ឯកឧត្ដម​អ្នក​តំណាង​រាស្ត្រ​ចុះ​ជួយ​ខេត្ត​តាកែវ​រួច​ហើយ​ តាមរយៈ​លោក​អភិបាល​ស្រុក​បាទី​ ដើម្បី​ស្នើ​សុំ​បង្គោល​ឈើ​ និង​ឫស្សី​ ធ្វើ​ជា​រនាំង​បាំង​កុំ​ឱ្យ​ត្រកៀត​អណ្ដែត​ចូល​ក្នុង​ទន្លេ​តូច​ ដែល​ជា​ទីតាំង​គ្រោង​នឹង​ប្រារព្ធ​ពិធី​អុំទូក​ ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​ចម្លើយ​តប​មក​វិញ​យ៉ាង​ណា​នោះ​ទេ។

លោក​បន្ថែម​ថា​ សហគមន៍​ត្រូវ​ការ​បង្គោល​ឈើ​ទាំង​តូច​ទាំង​ធំ​យ៉ាង​តិច​ចំនួន​ ១៣៤​បង្គោល​ និង​ឫស្សី​ចំនួន ​៤០​ដើម​ ដែល​គិត​ជា​ថវិកា​ប្រមាណ​ជិត​៤​លាន​រៀល។ នៅ​ពេល​ដែល​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន​សហគមន៍​នឹង​រៀប​ចំ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​បច្ចុប្បន្ន​ត្រកៀត​បាន​រសាត់​ចូល​មក​ខ្លះ​ហើយ​ ក្នុង​ទន្លេ​តូច​ដែល​ជា​ទីតាំង​គ្រោង​ប្រារព្ធ​ពិធី។

បញ្ជាក់​ថា​ សហគមន៍​បាន​ចំណាយ​ថវិកា​របស់​ខ្លួន​រួច​មក​ហើយ​ក្នុង​ការ​យក​ត្រកៀត​ចេញ​ពី​ទន្លេ​តូច​ ប៉ុន្តែ​ដោយ​ពុំ​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​របាំង​រាំង​ត្រកៀត​ នៅ​ពេល​នេះ​ត្រកៀត​បាន​រសាត់​វិល​មកវិញ​បន្តិច​ម្ដងៗ​ហើយ​ ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក៕

អត្ថបទ៖ សូទ្រី

អត្ថបទពេញនិយម