រំលឹក​ឡើង​វិញ ​កម្ពុជា​ចំណាយ​ជាង​១​ម៉ឺន​ដុល្លារ​​យក​ Leo មក​ដឹក​នាំ​គឺ​ដើម្បី​ឈ្នះ​​ការប្រកួត

  • 2017-10-20 01:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២​ខែ​មីនា​ឆ្នាំ​២០១៧​កន្លង​ទៅ ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ចុះ​កុងត្រា​យក​លោក Leonardo Vitorino ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ជំនួស​លោក Lee Tae Hoon ​ដែល​អស់​កុងត្រា។

ក្នុង​ឱកាស​នោះ​ដែរ លោក សៅ សុខា ​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​លើក​ឡើង​ដូច្នេះ​ថា​៖ “ថ្ងៃនេះ​អាច​និយាយ​បាន​ថា ជា​ប្រវត្តិសាស្ត្រ​របស់ខ្ញុំ និង​បាល់ទាត់​កម្ពុជា ដែល​យើងយក​គ្រូ​បាល់ទាត់​មកពី​ប្រទេស​ប្រេស៊ីល ជា​កន្លែង​ល្បី​ខាង​បាល់ទាត់​នៅលើ​ពិភពលោក មក​ធ្វើជា​គ្រូបង្វឹក​ក្នុងក្រុម​ជម្រើសជាតិ​របស់​យើង។ ការ​យក​គាត់​មក​ធ្វើជា​គ្រូបង្វឹក​នេះ ក្នុង​គោលដៅ​ដើម្បី​ឈ្នះក្នុង​ការប្រកួត​ជាមួយ​គេ ព្រោះ​កីឡាករ​របស់​យើង​បច្ចុប្បន្ន​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៣ ឆ្នាំមុន គឺយើង​មានការ​រីកចម្រើន និង​ប្រែប្រួល អ៊ីចឹង​គ្រូ​បង្វឹក​របស់​យើងក៏​ប្រែប្រួល​ដែរ គឺមាន​ន័យថា ជាគ្រូ​ដែល​មាន​បទពិសោធ​ច្រើន និង​ល្បីឈ្មោះ​ដើម្បី​មកបង្ហាត់​ក្រុម​ជម្រើសជាតិ​របស់​យើង ទើបការ​លេង​របស់​យើង​កាន់តែ​មាន​គុណភាព​ល្អ”។

ក្នុង​ការ​ចុះ​កុងត្រា​នោះ​ដែរ ​លោក​ Leonardo ​នឹង​ទទួល​បាន​១២ ០០០​ដុល្លារ​ក្នុង​១​ខែ ​សម្រាប់​គ្រូ​ទាំង​បី​នាក់​ដែល​ជា​ក្រុម​ការងារ​របស់​លោក។ លើស​ពី​នេះ​ទៅ​ទៀត សហព័ន្ធ​បាន​ផ្ដល់​កន្លែង​ស្នាក់​នៅ​ហូបចុក និង​មធ្យោបាយ​ធ្វើដំណើរ ជាពិសេស​អនុញ្ញាត​ឲ្យ​ទៅលេង​ស្រុកកំណើត​១​ឆ្នាំ​មួយដង​ទៀត​ផង​។

យ៉ាងណាមិញ ​ក្ដី​រំពឹង​របស់​សហព័ន្ធ​ចំពោះ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​ហាក់​មិន​បាន​ដូច​ចិត្ត​ឡើយ ពោល​គឺ​តាំង​ពី​ចូល​ដឹក​នាំ​មក​ភាគ​ច្រើន​កម្ពុជា​មិន​ទទួល​បាន​ជោគជ័យ​ឡើយ (​ដឹក​នាំ​ក្រុម​ធំ​៧​ប្រកួត ចាញ់​៦​ប្រកួត​) ខណៈ​ដែល​ទៅ​ស៊ី​ហ្គេម​នោះ ​៥​ប្រកួត ចាញ់​ទាំង​៥​ប្រកួត ​មិន​ទទួល​បាន​ពិន្ទុ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ថែម​ទាំង​មាន​បញ្ហា​កីឡាករ​បញ្ឈរ​ជើង​ដល់​ទី​២​នាក់​ថែម​ទៀត។

ដូច្នេះ​ហើយ​កាល​ពី​យប់មិញ​នេះ ​សហព័ន្ធ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ជាមួយ​អតីត​គ្រូ​​បង្វឹក​យុវជន​ថ្នាល​របស់ Buriram United ​ខាង​លើ​នេះ​ហើយ ដោយ​យក​លោក​ Kazunori Ohara ​ជន​ជាតិ​ជប៉ុន​មក​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ជា​បណ្តោះ​អាសន្ន៕

អត្ថបទ៖ មុន្នីរម្យ