មន្ត្រីថា​ភ្ញៀវទេសចរទៅ​លេងបុណ្យអុំទូក នៅសៀមរាបជិត៣០ម៉ឺននាក់

  • 2017-11-04 07:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ខេត្ដសៀម​រាប ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរជាតិ​និង​អន្ដរ​ជាតិ​មក​ទស្សនាពិធីបុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អកអំបុក និងសំពះព្រះខែ នៅ​ខេត្ដសៀមរាបឆ្នាំនេះ មានចំនួន​ជិត​៣០​ម៉ឺន​នាក់ កើន​ឡើង​៣៦,២៨% ​បើធៀបកាល​ពីឆ្នាំ២០១៦​។

ឯកឧត្តម ឃឹម ប៊ុនសុង អភិ​បាល​ខេត្ដសៀមរាប​ បាន​ថ្លែង​នៅ​ក្នុង​ពិ​ធីបិទ​ពិធី​ប្រណាំង​ទូក​ងនៅ​ខេត្ដសៀមរាប​ កាល​ពីម្សិលថា​ ព្រះរាជពិធី​បុណ្យអុំ​ទូក​ រយៈពេលពីរថ្ងៃ​ ចាប់​ពីថ្ងៃទី២​ដល់ថ្ងៃទី៣​ខែវិច្ឆិកា​ ឆ្នាំ២០១៧ នេះ មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជាង​២៨​ម៉ឺននាក់​ ក្នុង​នោះមានភ្ញៀវ​ជាតិ ​ប្រមាណ​ជាង​២៥ម៉ឺននាក់​ និងភ្ញៀវ​អន្ដរជាតិ ​មានប្រមាណ​បីម៉ឺន​នាក់​។ ​ឯកឧត្តម​ថា​ បើ​ប្រៀប​ធៀប កាល​ពីឆ្នាំ២០១៦ ចំនួននេះ​កើនឡើង​៣៦,២៨%​។

(ទូកបុរសកំពុង​ប្រ​ណាំង​ក្នុង​ស្ទឹងខេត្ត​សៀម​រាប)

ឯកឧត្តម​​បានបន្ដទៀត​​ថា ​ព្រះរាជពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប និងសំពះព្រះខែ​ អក​អំបុក​ ជា​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ដ៏ធំបំផុត​មានលក្ខណៈប្រវត្តិសាស្រ្ត និង​មានចរិក​ជាបេតិកភណ្ឌជាតិ​ ដែល​បុព្វបុរស​ខ្មែរ​បានបន្សល់​ទុក​ជាកេរតំណែល​សម្រាប់​ប្រតិបត្តិតរៀង​មក​រហូត​ដល់បច្ចុប្បន្ន។

(កីឡាករប្រ​ណាំងទូក​ជួបជុំ​ក្នុង​កម្មវិធីបិទ​ការប្រណាំងទូកនៅ​សៀម​រាប)

ឯកឧត្តម​ក៏បាន​អំពាវ​នាវ​ដល់​ថ្នាក់​ដឹកនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ស្ថាប័នសាធារណៈ ឯកជន​ទាំងអស់​ ឲ្យ​បង្កើន​ការចូល​រួមដោយ​បង្កើន​ចំនួន​ទូក​ឲ្យបាន​ច្រើន​ជាង​ឆ្នាំនេះ​ ហើយ​សំរិត​សំរាំង​ពីគុណភាព​ឲ្យកាន់​តែបាន​ល្អប្រសើរ​ថែមទៀត​ ដើម្បី​ឲ្យការ​ប្រកួត​ប្រជែង​ ក្នុង​ពិធីប្រណាំង​ទូករនេះ​កាន់តែមានស​ភាពគគ្រឹក​គគ្រេង​ អធិកអធម​សប្បាយ​រីក​រាយទ្វេ​ឡើង​ថែម​ទៀត។

សម្រាប់ការ​ប្រ​ណាំងទូក​ឆ្នាំនេះ មាន​ទូក​ចូល​រួម​ប្រ​កួត​ចំនួន​៣០គ្រឿង ក្នង​នោះមាន​ទូកនារី​ចំនួន​៥គ្រឿង៕

អត្ថបទដោយ៖ រស់ សុជាតិ

អត្ថបទថ្មី