មកស្គាល់ប្រវត្តិកំពូលជើងខ្លាំងគុនខ្មែរទាំង ៤ តំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ Khmer-Thai Fight
- 2017-11-10 05:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រវត្តិកំពូលជើងខ្លាំងគុនខ្មែរទាំង ៤ តំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ Khmer-Thai Fight
ចន្លោះមិនឃើញ
កំពូលអ្នកប្រដាល់គុនខ្មែរកំពុងលេចធ្លោបំផុតប្រចាំឆ្នាំ២០១៧ ចំនួន៤រូប រួមមាន ឃីម ឌីម៉ា, ពេជ្រ ម្ទេសខ្មាំង, ឡៅ ចិត្រា និង ម៉ឺន សុភា កំពុងបង្កើនការហ្វឹកហាត់ត្រៀមបញ្ចេញសមត្ថភាពបង្ហាញគុនខ្មែរឱ្យពិភពលោកស្គាល់កាន់តែច្បាស់ តាមរយៈព្រឹត្តិការណ៍ប្រដាល់លំដាប់អន្តរជាតិធំបំផុតមិនធ្លាប់មាននៅកម្ពុជា Khmer-Thai Fight ដ៏កក្រើក។
តារាឆ្នើមគុនខ្មែរតំណាងកម្ពុជាទាំង ៤ រូបនេះនឹងត្រូវតតាំងជាមួយជើងខ្លាំងលំដាប់អន្តរជាតិមកពី ២ទ្វីបក្នុង៤ប្រភេទទម្ងន់ផ្សេងគ្នានៅក្នុងវិមានពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) នាថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ២០១៧ ចាប់ពីម៉ោង ៦ល្ងាចតទៅ ដែលទស្សនិកជនជាច្រើនកំពុងរង់ចាំទស្សនា មិនថាក្នុង ឬក្រៅប្រទេស។
Pic .. ពេជ្រ ម្ទេសខ្មាំង ជាអ្នកខេត្តកណ្ដាលវ័យ ២៣ ឆ្នាំ ពេជ្រ ម្ទេសខ្មាំង នឹងប្រកួតក្នុងប្រភេទទម្ងន់ ៥៦ គីឡូក្រាម ជាមួយកីឡាករមកពីប្រទេសប្រេស៊ីល Jonathan Silva នៅក្នុងព្រឹត្តិការណ៍ Khmer-Thai Fight ខាងលើ។ កីឡាករល្អគ្រប់ក្បាច់រូបនេះ មានឈ្មោះដើមថា ណាត សៀកនិន ។ រូបគេត្រូវបានជ្រើសរើសជាកីឡាករតំណាងកម្ពុជាម្នាក់ក្នុងចំណោម៤ ដោយសាររូបគេជាម្ចាស់មេដាយមាសកីឡាជាតិឆ្នាំ២០១៦ និងជាម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម២០១៧ វិញ្ញាសាប្រដាល់សកល។ បន្ថែមពីលើនេះ ម្ទេសខ្មាំង ក៏ជាម្ចាស់ខ្សែក្រវាត់គុនខ្មែរក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមប្រចាំសង្វៀនសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់របស់ភីអិនអិន រួមទាំងម្ចាស់ជើងឯកជាច្រើនទៀតផង។
ឡៅ ចិត្រា
អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា មកពីខេត្តកំពង់ស្ពឺ ក៏មិនធម្មតាដែរ ព្រោះថាប្អូនបង្កើត ឡៅ ចន្ទ្រា វ័យទើប ១៨ ឆ្នាំរូបនេះក៏ជាម្ចាស់មេដាយមាសកីឡាជាតិឆ្នាំ២០១៦ និងជាជ័យលាភីមេដាយសំរឹទ្ធស៊ីហ្គេម ២០១៧ វិញ្ញាសាប្រដាល់សេរី ថ្វីបើទើបចូលប្រឡូកក្នុងពិភពក្បាច់គុនមរតកដូនតាកម្ពុជាយើងរយៈពេលតិចឆ្នាំក្ដី។ ចិត្រា នឹងប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមទល់នឹងកីឡាករមកពីប្រទេសរុស្សី Kazbek Alisultanov។
ម៉ឺន សុភា
ដូចគ្នានេះដែរ កីឡាករគីឡូធ្ងន់គ្មានគូប្រៀបរបស់កម្ពុជានាពេលបច្ចុប្បន្ន ម៉ឺន សុភា ក៏មានសាវតាប្រដាល់មិនធម្មតាដែរ។ អ្នកលេងគុនខ្មែរទម្ងន់ ៧១ គីឡូក្រាមរូបនេះ ទើបតែឈ្នះមេដាយប្រាក់មកពីស៊ីហ្គេម២០១៧លើវិញ្ញាសាប្រដាល់សេរី ខណៈឆ្នាំ២០១៦កន្លងទៅរូបគេក៏ជាម្ចាស់មេដាយមាសកីឡាជាតិលើកទី១ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំឡើងរៀងរាល់២ឆ្នាំម្ដងដើម្បីត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣ឱ្យបានល្អប្រសើរ។ កូនសិស្សលោក ធន់ សុភា វ័យ២៥ឆ្នាំរូបនេះបានផ្ដួលគូបដិបក្ខឱ្យសន្លប់ចំនួន ៣០ លើកក្នុងចំណោមការឡើងសង្វៀនគុនខ្មែរ ៨៧ លើករបស់គេកន្លងមក។ សុភា នឹងប្រកួតក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ជាមួយកីឡាករមកពីប្រទេសន័រវេសន៍ Mohammed Khalil។
ឃីម ឌីម៉ា
កាន់តែពិសេសទៀតនោះ ឃីម ឌីម៉ា ដែលជានិមិត្តរូបក្នុងដួងចិត្តអ្នកស្នេហាគុនខ្មែរយ៉ាងលើសលប់នោះ នឹងឡើងមកសម្ញែងឫទ្ធិរបស់ខ្លួនលើសង្វៀន Khmer-Thai Fight ជាលើកដំបូងដើម្បីផ្ដល់មោទនភាពដល់ជាតិម្ដងទៀត តាំងពីដណ្ដើមបានមេដាយមាសស៊ីហ្គេម២០១៧ក្នុងខែសីហាមក។ អ្នកអភិរក្សគុនខ្មែរមកពីខេត្តបន្ទាយមានជ័យរូបនេះបានឈ្នះខ្សែក្រវាត់ជាច្រើនក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម និងកាន់តែអស្ចារ្យនោះគឺមេដាយមាសស៊ីហ្គេមនៅម៉ាឡេស៊ីថ្មីៗនេះ។ ឌីម៉ា នឹងត្រូវតតាំងជាមួយកីឡាករមកពីប្រទេសរុស្សី Dmitri Mordvinov។ កីឡាករទាំង ៤ រូបនេះ ពិតណាស់នឹងអង្រួនសង្វៀន Khmer-Thai Fight នៅថ្ងៃទី២៥ ខែ វិច្ឆិកាឆ្នាំ២០១៧ ចាប់ពីម៉ោង៦ល្ងាចតទៅ នៅវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមិនធ្លាប់មាននៅកម្ពុជានេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN និងផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ រួមទាំងស្ថានីយទូរទស្សន៍អន្តរជាតិមួយចំនួនទៀតផងដែរ៕
https://www.facebook.com/PNNTVCambodia/videos/1710697349001980/