របរ​ត្បាញ​ហូល​របស់​អ្នក​ភូមិ​មួយ​ នៅ​ខេត្ត​តាកែវ ​ប្រឈម​នឹង​ការ​បាត់​បង់

  • 2017-11-15 02:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​តម្លៃ​ហូល​ធ្លាក់​ចុះ​ខ្លាំង​មួយ​រយៈ​ពេល​ ធ្វើ​ឱ្យ​កសិករ​ត្បាញ​ហូល​នៅ​ភូមិ​ដុង​ ឃុំ​ព្រៃ​ផ្ដៅ​ ស្រុក​ព្រៃ​កប្បាស​ ស្ទើរ​តែ​ទាំង​អស់​បាន​ទុក​កី​តម្បាញ​របស់​ខ្លួន​ចោល​ ហើយ​ងាក​ទៅ​ប្រកប​របរ​ជា​កម្មករ-​កម្មការិនី​រោង​ចក្រ​វិញ​ ដែល​ធ្វើ​របរ​ដូនតា​មួយ​នេះ​ហាក់​បាត់​ស្រមោល​បន្តិច​ម្ដងៗ។

អ្នក​ស្រី​ អែ​ យ៉េង​ អ្នក​តម្បាញ​ជើង​ចាស់​មួយ​រូប​បាន​លើក​ឡើង​ថា​ អ្នក​ស្រី​ចាប់​ផ្ដើម​ត្បាញ​ហូល​ដំបូង​តាំង​ពី​អាយុ​ជាង​១០​ឆ្នាំ​ ហើយ​ក៏​ចេះ​តែ​បន្ត​មុខ​របរ​នេះ​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

«កាល​ពី​មុន​ម៉ា​ភូមិ ​(មួយ​ភូមិ) ត្បាញ​ស្ទើរ​ទាំង​អស់​គ្នា​ហ្នឹង​ ផ្ទះ​ខ្លះ​កី​ ២-៣​ ក៏​មាន​ តែ​ម៉ា​រយៈ​(មួយរយៈពេល)​ ដែល​ហូល​ចុះ​ថោក​ខ្លាំង​មក​ បង​ប្អូន​យើង​ឈប់​អស់​ច្រើន​គ្នា​ដែរ​ ឥលូវ​សល់​ប្រហែល​១០​កី​អី​ហ្នឹង​។» អ្នក​ស្រីអែ យ៉េង និយាយ។

ស្ត្រី​ដែល​ប្រឡូក​ក្នុង​ការងារ​ត្បាញ​ហូល​ជាង ​៤០​ឆ្នាំ​បន្ថែម​ថា​ ក្រោយ​ហូល​ធ្លាក់​ថ្លៃ​ខ្លាំង​ ប្រជា​កសិករ​ភាគ​ច្រើន​ងាក​ទៅ​ធ្វើ​ការ​ងារ​រោងចក្រ​ជំនួស​វិញ​ ពិសេស​ក្មេងៗ​យុវវ័យ​ជំនាន់​ក្រោយ​ក៏​ពុំ​សូវ​ចូល​ចិត្ត​ការងារ​តម្បាញ​ហូល​នេះ​ដែរ​ ព្រោះ​ហូល​ខ្លះ​មាន​គោម​ឬ​ក្រឡា​ស្មុគស្មាញ​ ពិបាក​ក្នុង​ការ​ត្បាញ​។

ស្ត្រី​មេម៉ាយ​ខាង​លើ​បន្ត​ថា៖ «បើ​ឥលូវ​វា​អត់​បាត់​បង់​ទេ​ ព្រោះ​អ្នក​ចេះ​ត្បាញ​ចេះ​តែ​ត្បាញ​ទៅ​ ព្រោះ​របរ​យើង​អា​ហ្នឹង​ទៅ​ហើយ​ ប៉ុន្តែ​ទៅ​មុខ​ពិបាក​ថា​ដែរ​ ព្រោះ​អី​ក្រែង​លោ​ក្មេង​ៗ​ក្រោយៗ​គេ​អត់​ចង់​ត្បាញ​អី​ទៅ​ វា​អាច​បាត់​បង់​ដែរ។»

ពី​មុន​អ្នក​ស្រី​ទិញ​សូត្រ​យក​មក​ត្បាញ​លក់​ខ្លួន​ឯង​ ដោយ​មួយ​កី​ចំណាយ​ជាង ​២០០​ដុល្លារ​ ប៉ុន្តែ​មិន​សូវ​ចំណេញ​ ទើប​បច្ចុប្បន្ន​អ្នក​ស្រី​សុខ​ចិត្ត​ស៊ី​ឈ្នួល​គេ​ដោយ​ក្បិន​ធម្មតា​មួយ​ក្បិន​ (ប្រវែង​៤​ម៉ែត្រ)​ ទទួល​បាន ​៨​ម៉ឺន​រៀល​ រីឯ​ក្បិន​ដែល​មាន​គោម​ក្រឡា​ច្រើន​មួយ​ក្បិន​ទទួល​បាន​ ២៦​ម៉ឺន​រៀល៕

អត្ថបទ៖ សូទ្រី

អត្ថបទពេញនិយម