កម្ពុជា​ឈ្នះ​មេដាយមាស​ចំនួន​៣ ក្នុង​ការ​ប្រកួត​ពាន​រ​ង្វាន់ ICT អាស៊ាន ២០១៧

  • 2017-12-01 08:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួតប្រជែង​ដណ្តើមពាន​រ​ង្វាន់ ICT អាស៊ាន​ ដែល​ឆ្នាំ ២០១៧ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រុម​តំណាង​កម្ពុជា​ ៣ ក្រុម​បាន​ទទួល​បាន​មេដាយ​មាស

​ការ​ប្រកួត​យកពាន​រ​ង្វាន់​ឆ្នាំ​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​សៀមរាប នា​ថ្ងៃទី​២៩-៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​មាន​វិទ្យា​សា្ថន​ជាតិ NIPTICT ជា​អ្នកទទួលបន្ទុក​រៀបចំ​។

ការ​ប្រកួត​នេះ មាន​ពីរ​ដំណាក់កាល​គឺ​៖ វ​គ្គ​ជម្រុះ និង​វ​គ្គ​ផ្តាច់ព្រ័ត្រ​។ វ​គ្គ​ជម្រុះ មាន​ក្រុមហ៊ុន​/​ស្ថាប័ន​ចំនួន​១១៣ មកពី​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ចូលរួម​ប្រកួតប្រជែង ដែល​ជា​ចំនួន​ច្រើន​បំ​ផុត​មិន​ធ្លាប់មាន ចាប់តាំងពី​ឆ្នាំ​២០១២​មក​។

នៅ​វ​គ្គ​ផ្តាច់ព្រ័ត មាន​ក្រុមហ៊ុន​/​ស្ថាប័នតែ​១៨​ប៉ុណ្ណោះ​ដែល​ត្រូវ​បានជ្រើសរើស​ ដើម្បី​ប្រកួត​ដណ្តើម​យក​មេដាយមាស មេដាយ​ប្រាក់ និង​មេដាយ​សំរិទ្ធ ក្រោម​ការវាយតម្លៃ​ពី​គណៈមេប្រយោគ​ចំនួន​១២​រូប​មកពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ព្រម​ទាំង​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​។​

​ជាល​ទ្ធ​ផល ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​ដែល​បាន​ចូលរួម​ប្រកួត មាន​តែ​ប្រទេស​ចំនួន​៦​ប៉ុណ្ណោះ​ដែលបាន​ទទួល​មេដាយ​គឺ​៖​

​ទី​១.​កម្ពុជា​ ​ទទួលបាន​មេដាយមាស ចំនួន​៣

​ទី​២.​ថៃ​ ​ ​ទទួលបាន​មេដាយមាស ចំនួន​១, មេដាយ​ប្រាក់ ចំនួន​២, មេដាយ​សំរិទ្ធ ចំនួន​៤​

​ទី​៣.​សឹង្ហ​បុរី​ ​ទទួលបាន​មេដាយមាស ចំនួន​១, មេដាយ​ប្រាក់ ចំនួន​១​

​ទី​៤.​ឥណ្ឌូនេស៊ី​ ​ទទួលបាន​មេដាយមាស ចំនួន​១​

​ទី​៥.​វៀតណាម​ ​ទទួលបាន​មេដាយ​ប្រាក់ ចំនួន​២, មេដាយ​សំរិទ្ធ ចំនួន​១​

​ទី​៦.​ឡាវ​ ​ទទួលបាន​មេដាយ​ប្រាក់ ចំនួន​១, មេដាយ​សំរិទ្ធ ចំនួន​១​

​ក្រុមកម្ពុជា​ដែល​ទទួលបាន​មេដាយមាស​រួមមាន​៖ ក្រុមហ៊ុន Camtasia Technology ដោយ​យក​សេវា​កក់​សំបុត្រ​ឡានក្រុង​តាម​ប្រ​ព័​ន្ធ​អ៊ីនធឺណិត “BookMeBus” មក​ប្រកួត​, អង្គការ Open Institute ជាមួយនឹង​សេវា រក​ការងារ​ធ្វើ​តាម​ប្រព័ន្ធទូរ​សព្ទ “​បង​ភក្ត្រ​”, និង ក្រុមហ៊ុន Codingate ជាមួយនឹង​កម្មវិធី​ទូរ​ស័​ព្ទ​ឆ្លាត​វៃ​បម្រើសេវា​សុខភាព Sokhakrom​។​ ​ ​គួរ​រំលឹកថា កម្ពុជា​បានចាប់ផ្តើម​ចូលរួម​ការ​ប្រកួត​នេះ​ជារៀង​រាល់​ឆ្នាំ​និង​តែងតែ​ទទួលបាន​មេដាយ​ចាប់តាំងពី​ឆ្នាំ​២០១៤ ដោយ​ទទួលបាន​មេដាយមាស​១​គ្រឿង​ក្នុង​ឆ្នាំ​២០១៤ និង​១​គ្រឿង​ទៀត​ក្នុង​ឆ្នាំ​២០១៥​។ ដោយឡែក​នៅ​ឆ្នាំ​២០១៦ កម្ពុជា​ដណ្តើមបាន​មេដាយ​ប្រាក់​១ គ្រឿង និង​មេដាយ​សំរិទ្ធិ​១​គ្រឿង​។

ការ​ប្រកួត​ឆ្នាំ​២០១៧​នេះ កម្ពុជា​ឈ​រ​លំដាប់​លេខ​១ ដោយ​ទទួលបាន​មេដាយមាស​ច្រើនជាងគេ ដែល​ល​ទ្ធ​ផល​នេះ​បង្ហាញ​ពី​ការរីក​ចំ​រើ​ន​ក្នុង​វិ​ស័​យ​ធុរកិច្ច​បច្ចេកវិទ្យា (Tech Startup) ក្នុង​ប្រទេស​កម្ពុជា​យើង​។​

គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​អាស៊ាន​ស្របពេល​នឹង​កិច្ច​ប្រជុំ​ថ្នាក់រដ្ឋ​ម​ន្ត្រី​ទូរ​គមនាគ​មន៍​អាស៊ាន ក្នុង​គោល​បំណង​លើកកម្ពស់​ការ​អភិ​វ​ឌ្ឍ​បច្ចេកវិទ្យា​គមនាគ​មន៍​និង​និង​ព័​ត៌មាន ជំរុញ​ការច្នៃប្រឌិ​តនិ​ង​នវានុវត្តន៍ តាម​រយៈ​ការ​ទទួលស្គាល់​នូ​វ​ស្នាដៃ​របស់​ក្រុមហ៊ុន ICT ដែល​ឆ្នើម​បំផុត​នៅ​ទូទាំង​តំ​បន់​អាស៊ាន​។

​ ​ ​

អត្ថបទ៖ ប៊ុណ្ណារ៉ា

រូបថត៖ ICT Award