សៅ សុខា៖ ​នៅ​ស៊ីហ្គេម ​ប្រយ័ត្ន​បាល់ទាត់​នារី​បាន​មេដាយ ​បុរស​ៗ​ធ្លាក់​វគ្គ​ជម្រុះ ខ្មាស​គេវ៉ើយ

  • 2017-12-14 08:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម សៅ សុខា ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​មើល​ឃើញ​ថា​វិស័យ​បាល់ទាត់​នារី​នៅ​កម្ពុជា​នឹង​មាន​ភាព​រីក​ចំរើន​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ​ដោយ​អាច​នឹង​ប្រជែង​ជាមួយ​ក្រុម​ប្រទេស​ដទៃ​ទៀត​បាន។ ដូច្នេះ​ហើយ ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣ ​លោក​រំពឹង​ថា​នឹង​អាច​ដាក់​បាល់ទាត់​នារី​បាន ​ហើយ​អាច​ទទួល​លទ្ធផល​ល្អ​ជាង​បុរស​ផង​មិន​ដឹង។

កាល​ពី​ព្រឹកមិញ​នេះ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ទទួល​ទឹក​ប្រាក់​ឧបត្ថម្ភ​ពី​សមាគម​កូរ៉េ​ចំនួន​៤​ម៉ឺន​ដុល្លារ ​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​តាម​ខេត្ត​នៅ​កម្ពុជា។ ក្នុង​ឱកាស​នោះ ឯកឧត្ដម សៅ សុខា ​មើល​ឃើញ​ថា​នេះ​ជា​ដំណឹង​ល្អ​មួយ​ទៀត ដែល​មាន​បរទេស​ចូល​ជួយ​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ​បាល់ទាត់​តាម​ខេត្ត ​ដើម្បី​បណ្ដុះ​ថ្នាល​ល្អ​ៗ​បាន។

មួយ​វិញ​ទៀត ​ការ​បង្កើត​សាលា​បាល់ទាត់​តាម​បណ្ដា​ខេត្ត​នេះ ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​មាន​យុវជន យុវនារី ​ចូល​លេង​បាន​ច្រើន​ដែរ ​ជា​ផ្នែក​មួយ​ក្នុង​ការ​ស្វែង​រក​ជើង​ខ្លាំង​តំណាង​ប្រទេស​នា​ថ្ងៃ​អនាគត។ ​តួយ៉ាង​ដូចជា​ការ​ប្រកួត​បាល់ទាត់​នារី​ដែល​កំពុង​ដំណើរការ​ស្រាប់ ​គឺ​ពួកគេ​មាន​សមត្ថភាព ​លេង​ល្អ ​និង​អាច​បណ្ដុះបណ្ដាល​បន្ថែម​បាន ​ដើម្បី​ក្លាយ​ជា​អនាគត​ក្រុម​បាល់ទាត់​នារី​តំណាង​ប្រទេស​កម្ពុជា។

និយាយ​រឿង​បញ្ចូល​បាល់ទាត់​នារី​ចូល​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​វិញ ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​មាន​ក្រុម​នារី​យើង​ហើយ ពួកគេ​នឹង​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក​នៅ​ឆ្នាំ​ក្រោយ... តាម​ការ​អភិវឌ្ឍ​នេះ ខ្ញុំ​មើល​ឃើញ​ពួកគេ​មាន​គុណភាព​ល្អ។ អីចឹង​ខាង​ប្រុស​ៗ​នោះ ​ក៏​ត្រូវ​គិត​ដែរ ប្រយ័ត្ន​ខាង​ស្រី​បាន​មេដាយ ​ខាង​ប្រុស​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ខ្មាស​គេ”៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម