តារា​​​ល្បីៗ ច្រៀង​មិន​យក​កម្រៃ​ ដើម្បី​​​​​​អង្គាស​ប្រាក់​ជួយ​ដល់​កុមារ​គរ​ថ្លង់ និង ពិការ​ភ្នែក​

  • 2017-12-17 02:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​មាន​តារា​ចម្រៀង​ល្បីៗ​ប្រុស​ស្រី​ជាង​១០រូប និង​សិស្ស​សាលា ជា​ច្រើន​​រូប​ផ្សេង​ទៀត បាន​​ស្ម័គ្រចិត្ត​ រួម​គ្នា​សម្ដែង​សិល្បៈ​ក៏​ដូច​ជា​ការ​ច្រៀង ឲ្យ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​មួយ​កាល​ពី​​រសៀល​ម្សិល​មិញ​រ៉ៃ​អង្គាស​ប្រាក់ ដើម្បី​​ជួយ​ដល់ អង្គការ​ ​មួយ​ចំនួន​​ទទួល​ចិញ្ចឹម​កុមារ​គរ​ថ្លង់ ពិការ​ភ្នែក ជា​ដើម។

ការ​ប្រគំតន្ត្រី​សប្បុរសធម៌​​នៅ​សាលា​បង្រៀន​ខាង​លើ បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​ការ​អបអរ​បុណ្យ​ណូអែល​ និង ឆ្លង​​ឆ្នាំ​សាកល ​ដែល​រៀបចំ​ដោយ​សាលា ​ELT។ តារា​ចម្រៀង ដែល​បាន​ចូល​រួម​ច្រៀង ក្នុង​កម្មវិធី​សប្បុរសធម៌​​ មាន​កញ្ញា សុខ ពិសី ចិត្ត​ ​កញ្ចនា ​លោក ម៉ា ចន្ទ័បញ្ញា កញ្ញា វិរៈ និច្ច កញ្ញា អាវី ​ កញ្ញា រ៉ាប៊ី កុមារី សុខ សុជាតា កុមារី អ៊ុក សុវណ្ណារី កញ្ញា វី ដាណែត លោក តូនី វិនស៊ិន លោក អហ្វិត លោក ឃ្លើន លោក និមិត្ត ​កញ្ញា សេថា ក្រុម​រាំ​សម័យ និង​​ក្រុម​សិល្បៈ ប្រចាំ​សាលា​ជា​ច្រើនទៀត​។

តារា​ចម្រៀង​ទាំង​អស់​ដូច​ដែល​មាន​រៀប​រាប់​លើ មិន​បាន​យក​តម្លៃ​ខ្លួន​សម្រាប់​ការ​សម្ដែង​នេះ​ឡើយ​​​ពោល​តម្លៃ​ខ្លួន​របស់​ពួក​គេ ត្រូវ​បាន​ដាក់​បញ្ចូល ក្នុង​មូលនិធិ ដើម្បី​​ជួយ​ដល់​អង្គការ​​ទាំង​អស់។ ទោះ​បី​ជា ការ​ច្រៀង​ខាង​លើ មិន​ទទួល​បាន​ប្រាក់​បែប​នេះ​ក្ដី ប៉ុន្តែ​ពួក​គេ បាន​សម្ដែង​ការ​​សប្បាយ​រីក​រាយ​ជា​ខ្លាំង​នៅ​ពេល​ដែល បាន​ចូល​រួម​ជួយ​ដល់ ក្មេងៗ​គរ​​ថ្លង់​បែប​នេះ។

​​​លោក ម៉ា ចន្ទ័បញ្ញា ដែល​ជា​តារា​ចម្រៀង​ម្នាក់ បាន​លើក​ឡើង​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​​ពេល​បាន​ចូល​រួម​ការ​ប្រគំតន្ត្រី​ខាង​លើ ត្បិត​អី​ការ​ចូល​រួម​របស់​លោក ក្រៅ​ពី​​ផ្ដល់ ភាព​សប្បាយ​រីករាយ​ដល់​សិស្សានុសិស្ស វត្ត​មាន​របស់​លោក​ក៏​​បាន​ជួយ​ដល់​កុមារ​មក​ពី​អង្គការ​ផ្សេង​ទៀត ដូច​ជា​​កុមារ​គរ​ថ្លង់ និង ពិការ​ភ្នែក ជា​ដើម។

ស្រដៀង​គ្នា​នោះ​ដែរ កញ្ញា វិរៈនិច្ច តារា​ចម្រៀង​មក​ពី​ផលិតកម្ម​សាន់ដេ បាន​ថ្លែង​ថា ខ្លួន​មក​ច្រៀង​ក្នុង​ការ​ប្រគំតន្ត្រី​នេះ គឺ​ជា​ការ​​ស្ម័គ្រចិត្ត​មិន​គិត​ប្រាក់ ប៉ុន្តែ​​ពិត​នាង​ពេញ​ចិត្ត​ធ្វើ ព្រោះ​បាន​ជួន​អ្នក​គាំទ្រ​នាង​ច្រើន ហើយ​ជា​ពិសេស គឺ​បាន​ជួយ​ដល់​ក្មេង​ក្រីក្រ​ ជា​ពិសេស​បាន​ជួយ​ដល់ កុមារ​គរ​ថ្លង់ និង ពិការ​ភ្នែក ជា​ដើម។

កាន់​តែ រំភើប​ជាង​នោះ ទៅ​ទៀត​នោះ កញ្ញា សុខ ពិសី ត្រូវ​បាន​អ្នក​គាំទ្រ​ របស់​នាង​ធ្វើពិធី​ខួប​កំណើត​​ឲ្យទាំង​ខ្លួន​មិន​ទាន់​ដល់​ថ្ងៃ​ខួប​កំណើត​នៅ​ឡើយ។ ជា​មួយ​និង ការ​ងារ​មនុស្សធម៌​ខាង​លើ សុខ ពិសី បាន​សម្ដែង​អារម្មណ៍​សប្បាយ​រីក​រាយ មិន​ខុស​ពី​តារា​ចម្រៀង​​​ទាំង​២រូប​ខាង​លើ​ឡើង។

អ្នក​ស្រី ជា នាង​អេង សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យELT បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ សាលា​របស់​អ្នក​ស្រី រៀបចំ​ ការ​ប្រគំតន្ត្រី​សប្បុរសធម៌​ ចំ​ថ្ងៃ​ដែល សាលា​ជប់​លៀង​ឆ្លង​ឆ្នាំ ក៏​ដូច​ជា ចូល​រួម​បុណ្យ​ណូអែល​បែប​នេះ​ក៏​ព្រោះ​តែ​ក្រៅ​ពី​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ដល់​សិស្សានុសិស្ស សាលា​ចង់​ឲ្យ​សិស្ស​​ក៏​ដូច​ជា​មាតាបិតា បាន​ចូល​ជួយ​ដល់​សង្គម​ជាតិ ជា​ពិសេស គឺ​ចង់​ជួយ​ដល់​អង្គការ​ដែល​កំពុង​ខ្វះ​ខាត​តែ​ម្ដង។

អ្នក​ស្រី ជា នាង​អេង

មិន​ទាន់​ដឹង​ថា ទឹក​ប្រាក់​សរុប​ពី​ការ​ប្រគំតន្ត្រី​នោះ​ឡើយ។ តាម​ការ​លើក​ឡើង​របស់ សកល​វិទ្យាធិការ​ ​ខាង​លើ ការ​ប្រគំតន្ត្រី​សប្បុរសធម៌​នេះ មិន​មែន​ជា​លើក​ទី១​ឡើយ​ដែល​សាលា​បាន​ធ្វើ ពោល​គឺ​​សាលា​តែង​តែ​ធ្វើ​ កិច្ចការ​​សប្បុរសធម៌ បែប​នេះ​ជា​ញឹកញាប់​មក​ហើយ ៕

អត្ថបទ៖ ស៊ុនហួត