ដើម្បីបរិស្ថាន សាលាមួយបណ្តុះសិស្សឲ្យចេះកែច្នៃកាកសំណល់ជារបស់ប្រើប្រាស់
- 2018-01-06 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីបរិស្ថាន សាលាមួយបណ្តុះសិស្សឲ្យចេះកែច្នៃកាកសំណល់ជារបស់ប្រើប្រាស់
ចន្លោះមិនឃើញ
ស្ថិតក្រោមដើមចាមរី ក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ឈូក ក្នុងស្រុកឈូក ខេត្តកំពត សិស្សជាច្រើននាក់កំពុងញញឹមញញែមត្រេកអរទៅនឹងស្នាដៃដែលខ្លួនទើបផលិតបាន បន្ទាប់ពីប្រើពេលអស់ជាច្រើនសប្តាហ៍។
ស្នាដៃដែលសិស្សានុសិស្សទាំងនោះផលិតបាន មានដូចជា ធុងសំរាម តុ កៅអី សាឡុង អំបោស ទូកជាដើម។ សម្ភារៈទាំងអស់នេះសុទ្ធតែផលិតចេញពីសំបកដបទឹកសុទ្ធដែលគេចោល។
គំនិតច្នៃប្រឌិតនេះ ត្រូវបានគណៈគ្រប់គ្រងសាលាលើកឡើងថា ដើម្បីបណ្តុះចិត្តសិស្សឲ្យចេះស្រឡាញ់បរិស្ថាន និងមានគំនិតច្នៃប្រឌិត។
យុវសិស្សថ្នាក់ទី១០ ណាន់ តុងអឺ ដែលបានចូលរួមជាមួយមិត្តភក្តិដទៃទៀតក្នុងការងារនេះ បានឲ្យដឹងថាកញ្ញា និងមិត្តភក្តិបានសហការគ្នាយកដបទឹកសុទ្ធច្នៃធ្វើធុងសំរាម និងបានប្រើរយៈពេលជិតមួយខែដើម្បីសម្រេចកិច្ចការនេះ។ ប្រើរយៈពេលជិតមួយខែ ព្រោះថាក្រុមកញ្ញាឆ្លៀតធ្វើតែនៅម៉ោងទំនេរពីការសិក្សាប៉ុណ្ណោះ។
ដើម្បីផលិតធុងសំរាមបានមួយ ក្រុមកញ្ញាបានដើរប្រមូលដបទឹកសុទ្ធដែលគេបោះចោលចំនួន១០០ដប និងប្រើប្រាស់ស្តុត លួស និងកាវ ដែលបានចំណាយប្រាក់ទិញអស់មួយម៉ឺនរៀល។ កញ្ញាបញ្ជាក់។ កញ្ញាបន្ថែមថាៈ « ខ្ញុំទទួលបានចំណេះដឹងច្រើនពីការធ្វើកិច្ចការនេះ ដូចជាយើងអាចយកកាកសំណល់ផ្សេងៗមក មកច្នៃជាវត្ថុដែលអាចប្រើប្រាស់បាន»។
ប្រហាក់ប្រហែលគ្នាទៅនឹងក្រុមរបស់កញ្ញា ណាន់ តុងអឺ ដែរ សិស្សដដទៃទៀតក៏បានបង្កើតក្រុមកែច្នៃរបស់ប្រើប្រាស់ពីដបទឹកសុទ្ធនេះ ដែរ មានដូចជាអំបោស កៅអី ជាដើម។
លោក រស់ វណ្ណៈ ជាគ្រូបង្រៀនភាសាអង់គ្លេស ដែលបានចូលរួមទស្សនាស្នាដៃសិស្ស បានលើកឡើងថា នេះជាគំនិតល្អមួយដែលបំផុសចំណេះដឹងដល់សិស្សឲ្យបានស្គាល់ពីអត្ថប្រយោជន៍ពីការកែច្នៃកាកសំណល់ទៅជារបស់ប្រើប្រាស់។
លោកបន្ថែមទៀតថាៈ «មានន័យថាវត្ថុទាំងអស់មិនមែនយើងប្រើតែម្តង ហើយបោះវាចោលទេ យើងអាចច្នៃវាជាវត្ថុផ្សេងៗទៀត ដែលប្លែកនិងជួយសំអាត បរិស្ថានសាលា... មានគំនិតសន្សំសំចៃលើសម្ភារៈប្រើប្រាស់»។
ចំណែកលោក ឡុង សម្បត្តិ ជានាយកវិទ្យាល័យហ៊ុនសែនឈូក បានគាំទ្រលើសកម្មភាពកែច្នៃកាកសំណល់ឲ្យក្លាយជាសម្ភារៈដែលអាចប្រើប្រាស់បាន ដោយថាវាបានបង្ហាញពីការយកចិត្តទុកដាក់ថែរក្សា និងស្រលាញ់បរិស្ថាន។ លោកបញ្ជាក់ថាលោកគាំទ្រឲ្យមានការប្រកួតប្រជែងក្នុងការច្នៃសម្ភារៈនៅឆ្នាំក្រោយៗទៀត ដើម្បីសិស្សទាំងអស់កាន់តែមានគំនិតច្នៃប្រឌិត។
ទោះយ៉ាងណា ការប្រកួតស្នាដៃច្នៃប្រឌិតនេះ សិស្សមិនបានរង្វាន់លើកទឹកចិត្តជាសម្ភារៈណាមួយនោះទេ តែសិស្សបានពីន្ទុប្រចាំខែទៅតាមគុណភាពស្នាដៃដែលខ្លួនផលិតបាន៕