Rooney បញ្ចេញ​វោហារ​ប្រៀប​ធៀប Sanchez នឹង​អតីត​កីឡាករ​ Man Utd មួយ​រូប

  • 2018-02-06 12:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ វីរបុរស​ក្លឹប Manchester United ខ្សែ​ប្រយុទ្ធ Wayne Rooney ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Everton បាន​ហៅ​ Alexis Sanchez ជា​កីឡាករ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ក្លឹប​បិសាច​ក្រហម។ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ប្រៀប​ធៀប​ខ្សែ​ប្រយុទ្ធ​ស៊ីលី ទៅ​នឹង​ Carlos Tevez ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​ពី​ឆ្នាំ ២០០៧-០៩។

Rooney បាន​ថ្លែង​ក្នុង​កម្មវិធី Monday Night Football ថា៖ "ចំពោះ​ខ្ញុំ គេ(Sanchez) ជា​កីឡាករ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់ Manchester United។ គេ​មាន​បច្ចេកទេស​ប្រយុទ្ធ​ល្អ មាន​ទឹក​ចិត្ត​មោះមុត និង​ជា​ប្រភេទ​កីឡាករ​ដែល​លេង​ដើម្បី​ឈ្នះ"។ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​បាន​បន្ត៖ "ខ្ញុំ​គិត​ថា កីឡាករ​ប្រភេទ​ហ្នឹង​ហើយ ដែល Manchester United ខ្វះ​កាល​ពី​មុន។ ក្លឹប​ខ្វះ​កីឡាករ​ដែល​ជួយ​ជ្រោមជ្រែង​ឲ្យ Romelu Lukaku ស៊ុត​ចូល​ទី។ ដូច្នេះ វត្តមាន​របស់ Sanchez នឹង​ជួយ​ឲ្យ Lukaku រក​គ្រាប់​បាល់​បាន​កាន់​តែ​ច្រើន"។

វីរបុរស​ក្លឹប​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា៖ "Sanchez គឺ​ដូច Carlos Tevez អ៊ីចឹង ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​កីឡាករ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ជុំវិញ​ខ្លួន​ឡើង​ទម្រង់​លេងពី ១០ ទៅ ១៥​ភាគ​រយ បន្ថែម​ពី​លើ​សមត្ថភាព​ដែល​ពួក​គេ​មាន"។

កាល​ពី​ចុង​ខែ​មករា ខ្សែ​ប្រយុទ្ធ Sanchez បាន​ចាក​ចេញ​ពី​ក្លឹប Arsenal មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាច​ក្រហម។ រហូត​មក​ទល់​ពេល​នេះ កីឡាករ​ស៊ីលី​លេង​បាន ៣​ប្រកួត​ហើយ​ឲ្យ​ក្លឹប​ថ្មី​ខ្លួន ក្នុង​នោះ​ស៊ុត​ចូល​ទី​បាន ១ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​ចំនួន ១​គ្រាប់៕

ប្រភព៖ Metro   អត្ថបទ៖ សេរី មង្គល