រឿង​ពិត​ពី​ពាន​ World Cup ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​

  • 2018-07-19 07:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ World Cup បាន​បញ្ចប់​ទៅ​ជិត​មួយ​សប្ដាហ៍​ហើយ​ខណៈ​ជើង​ឯក​បាន​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​​បារាំង។​ ទោះ​​ឈ្នះ​ពាន​មែន​ តែ​ក្រុម​មាន់​គក​បាន​ត្រឹម​យក​ពាន​សិប្បនិមិត្ត​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ប៉ុណ្ណោះ​ ដោយ​ពាន​ពិត​ត្រូវ​រក្សា​ទុក​ជាមួយ​ FIFA។

ក្រៅ​ពី​រឿង​ខាង​លើ​​មាន​រឿងរ៉ាវ​ចាប់​អារម្មណ៍​​ជា​ច្រើន​ទៀត​ដែល​ប្រិយ​មិត្ត​អាច​មិន​ដឹង​ពី​ពាន​ World Cup។​ ​ Sabay សូម​ជម្រាប​ជូន​​ការ​ពិត​មួយ​ចំនួន​​ដូច​ខាង​ក្រោម៖​

១. ពាន​ World Cup ប្រហោង​ក្នុង​

បើ​សិន​ជា​ពាន​មាស​នេះ​មិន​ប្រហោង​ក្នុង​ទេ​ វា​អាច​មាន​ទម្ងន់​រហូត​ដល់​ ៧០​គីឡូក្រាម​ដូច្នេះ​ កីឡាករ​ពិត​ជា​ពិបាក​ក្នុង​ការ​លើក​ពាន​ពេល​ឈ្នះ​ម្ដងៗ។ ពាន​ដែល​កីឡាករ​លើក​ដែល​យើង​ឃើញ​នោះ​គឺ​ត្រឹម​ ៦,១​គីឡូក្រាម​ប៉ុណ្ណោះ​។​

២. ក្រុម​ឈ្នះ​គ្មាន​សិទ្ធ​រក្សា​ពាន

ដូច​ជម្រាប​ជូន​ពី​ខាង​លើ​ ក្រុម​ឈ្នះ​អាច​លើក​ពាន​ពិត​នៅ​លើ​ទីលាន​ ប៉ុន្តែ​បាន​ត្រឹម​យក​ពាន​សិប្បនិមិត្ត​ប៉ុណ្ណោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ មូលហេតុ​​ FIFA មិន​ឲ្យ​ពាន​ពិត​ ព្រោះ​ស្ថាប័ន​មួយ​នេះ​បារម្ភ​ពី​សុវត្ថិភាព​ពាន​ និង​គ្មាន​ជំនឿ​ថា​ប្រទេស​ដែល​យក​ទៅ​អាច​រក្សា​វា​ឲ្យ​គង់វង្ស។

៣. ពាន​ចម្លង​មាន​តម្លៃ​ថោក​ជាង​ពាន​ពិត​

ពាន​ចម្លង​ដែល​ FIFA ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​យក​ទៅ​ទុក​គឺ​ស្រោប​មាស​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ដោយ​ការ​ចំណាយ​លើ​ការ​ធ្វើ​ពាន​គឺ​មាន​តម្លៃ​ថោក​ជាង​ពាន​ពិត។

៤. ពាន​ World Cup បច្ចុប្បន្ន​មិន​មែន​ជា​ពាន​ដំបូង​ទេ

ពាន​ World Cup ដំបូង​បំផុត​គឺ​មាន​រូប​រាង​ខុស​ពី​ពាន​បច្ចុប្បន្ន​ ដែល​វា​មាន​ឈ្មោះ​ថា Jules Rimet Cup។ ពាន​នោះ​បាន​ប្រគល់​ដាច់​ទៅ​ឲ្យ​ប្រេស៊ីល ក្រោយ​ប្រទេស​នេះ​ឈ្នះ​ World Cup លើក​ទី​៣​ក្នុង​ឆ្នាំ​ ១៩៧០។​

៥. ពាន​ World Cup ធ្លាប់​ត្រូវ​ចោរ​លួច​

នៅ​ក្នុង​ឆ្នាំ​ ១៩៨៣​ ពាន​ World Cup ត្រូវ​លួច​ពី​ទីក្រុង​ Rio de Janiero ប្រទេស​ប្រេស៊ីល​ ហើយ​គេ​ជឿ​ថា​ចោរ​បាន​រំលាយ​វា​ និង​លក់​ឲ្យ​ឈ្មួញ។​ មុន​ការ​លួច​ខាង​លើ​ ពាន​ដដែល​នេះ​ធ្លាប់​បាត់​ម្ដង​ដែរ​ក្នុង​ឆ្នាំ​១៩៦៦​ ក្នុង​ការ​តាំង​ពិពរណ៍​នៅ​ទីក្រុង​ Westminster ប្រទេស​អង់គ្លេស​តែ​ត្រូវ​រក​ឃើញ​វិញ។​ ប្រហែល​ជា​មូលហេតុ​ទាំង​នេះ​ ទើប​ FIFA លែង​ទុក​ចិត្ត​ឲ្យ​ប្រទេស​ដែល​ឈ្នះ​រក្សា​ពាន​ពិត។

៦. ការ​អស់​ចន្លោះ​សរសេរ​ក្រុម​ឈ្នះ​ជើង​ឯក​

តាម​ការ​ប៉ាន់​ស្មាន​ ក្រោយ​ចារ​ឈ្មោះ​បារាំង​ដែល​ជា​ជើង​ឯក​ថ្មី​ៗ​នេះ​រួច​ ពាន​ World Cup សល់​ចន្លោះ​សរសេរ​ឈ្មោះ​ជើង​ឯក​នៅ​បាត​ពាន តែ​៣​ទៀត​ប៉ុណ្ណោះ​ ដូច្នេះ​ក្រោយ​ World Cup ឈ្នះ​ ២០៣០​ពាន​នេះ​នឹង​អស់​ចន្លោះ​ចារ​ឈ្មោះ​ជើង​ឯក។​

៧. ការ​ប្រាសចាក​ពី​ពាក្យ​ថា​ "Cup”

ប្រិយ​មិត្ត​ដឹង​ទេ​ថា​ភាសា​អង់គ្លេស​ហៅ​ពាន​រង្វាន់​ក្នុង​កីឡា​បាល់​ទាត់​ថា “Cup” ព្រោះ​វា​អាច​ដាក់​ទឹក​បាន​ ដូចជា​​ពាន​ Champions league, FA Cup, Premier League និង​ League Cup ជា​ដើម​។ ប៉ុន្តែ​ពាន World Cup គឺ​មាន​រាង​ ដុំ​តាន់​គ្មាន​ប្រហោង​ ខុស​ពី​ពាន​ភាគ​ច្រើន​ក្នុង​កីឡាករ​បាល់ទាត់ ដូច្នេះ​វា​មិន​សក្ដិសម​នឹង​ហៅ​ថា​ Cup ឡើយ​៕

ប្រភព៖ Wikipedia | FIFA   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី