នឹងមិនមានការដូរគ្រូទេ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល
- 2018-07-26 11:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹងមិនមានការដូរគ្រូទេ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល
ចន្លោះមិនឃើញ
ក្នុងថ្ងៃនេះ សហព័ន្ធបាល់ទាត់ប្រេស៊ីល បានបញ្ជាក់ថា គ្រូបង្វឹក Tite នឹងបន្តដឹកនាំក្រុមជម្រើសជាតិក្នុងដំណើរឆ្ពោះទៅកាន់កម្មវិធី World Cup ឆ្នាំ ២០២២ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសកាតា។
សហព័ន្ធក៏នឹងបន្តទុកលោក Edu Gaspar ឲ្យធ្វើជាអ្នកសម្របសម្រួលក្រុមជម្រើសជាតិផងដែរ ក្នុងរយៈពេលដូចគ្នា។
ក្នុងឱកាសនៃការប្រកាសមួយនេះ នាយកប្រតិបត្តិនៃសហព័ន្ធបាល់ទាត់ប្រេស៊ីល លោក Rogerio Caboclo បាននិយាយ៖ "ពួកគេ (លោក Tite និង Gaspar) បានបង្ហាញយ៉ាងច្បាស់នូវការគោរពគុណតម្លៃនៃសហព័ន្ធ តាមរយៈការបង្ហាញទេពកោសល្យ សមត្ថភាព និងការប្ដេជ្ញាចិត្តរបស់ពួកគេ"។
លោក Tite បានបង្ហាញចំណាប់អារម្មណ៍ខ្លី ទាក់ទងនឹងដំណឹងនេះ។ លោកបានអរគុណចំពោះសហព័ន្ធចំពោះសេចក្ដីសម្រេចចិត្តនេះ និងថាលោករីករាយក្នុងការប្រឈមនឹងការលំបាកផ្សេងៗដែលនឹងកើតឡើងក្នុងប្រកួតបន្តបន្ទាប់។
លោក Tite បានចូលមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលកាលពីឆ្នាំ ២០១៦។ លោកបានបង្ហាញនូវទម្រង់នៃការដឹកនាំក្រុមបានយ៉ាងល្អ។ ក្នុង ២៦ ប្រកួត លោកអាចយកឈ្នះដល់ទៅ ២០ លើក ស្មើ ៤ ដង និងចាញ់ ២ដងប៉ុណ្ណោះ។
ក្នុង World Cup ២០១៨ ប្រេស៊ីលត្រូវបានមជ្ឈដ្ឋានជាច្រើនរំពឹងថានឹងអាចឈ្នះកម្មវិធីមួយនេះ។ ទោះជាយ៉ាងណា ការរំពឹងបែបនេះ ត្រូវបានបញ្ចប់ក្រោយក្រុមជម្រើសជាតិអាមេរិកខាងត្បូង បានចាញ់ក្រោមថ្វីជើងបែលហ្សិកក្នុងលទ្ធផល ២-១ នៅវគ្គ ៨ក្រុមចុងក្រោយ៕