អ៊ុំ វិចិត្រ ធ្លាក់ស្ទើរដល់សូន្យ តែតស៊ូឡើងដល់ចំណុចកំពូលវិញ
- 2018-08-08 02:46:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ វិចិត្រ ធ្លាក់ស្ទើរដល់សូន្យ តែតស៊ូឡើងដល់ចំណុចកំពូលវិញ
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ក្លឹបក្រសួងការពារជាតិ អ៊ុំ វិចិត្រ បានតស៊ូឡើងដល់កម្រិតល្អប្រសើរបំផុតរបស់ខ្លួនវិញហើយ បន្ទាប់ពីបានរបួសដៃរហូតនៅក្រៅទីលានប្រកួតរាប់ឆ្នាំដែលធ្វើឲ្យស្ទើរអស់សង្ឃឹមទៅហើយ។
កាលពីអាយុ២០ឆ្នាំ អ៊ុំ វិចិត្រ ជាអ្នកចាំទីដ៏ល្អម្នាក់ក្នុងក្រុមជម្រើសជាតិកម្ពុជា និងក្លឹបក្រសួងការពារជាតិ ប៉ុន្តែរបួសឆ្អឹងដៃឆ្វេងបានកើតមានឡើងចំពេលដែលវិស័យកីឡាបាល់ទាត់កំពូលទទួលបានការគាំទ្រខ្លាំងពីមហាជន។ របួសបានកើតលើអ្នកចាំទីរូបនេះនៅពេលដែលហ្វឹកហាត់សមជាមួយក្រុមជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពជាមួយប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្រោយពេលត្រឡប់មកពីប្រកួតពានរង្វាន់ស្តេចប្រ៊ុយណេ Hassanal Bolkiah Trophy កាលពីឆ្នាំ២០១៤។ ពេលនោះហើយជាឱកាសប្អូនរបស់ខ្លួនគឺអ្នកចាំទី អ៊ុំ សេរីរ័ត្ន បង្ហាញសមត្ថភាពរហូតទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត។
របួសដៃឆ្វេងនោះត្រូវបង្ខំ អ៊ុំ វិចិត្រ ឲ្យនៅក្រៅទីលានបាល់ទាត់រាប់ខែគិតចាប់តាំងពីឆ្នាំ២០១៤ដើម្បីព្យាបាលរបួស។ ពេលវេលាដ៏វែងឆ្ងាយនេះបានធ្វើឲ្យសមត្ថភាពចាំទីរបស់គេស្ទើរធ្លាក់ដល់កម្រិតសូន្យហើយជាពេលដែលរូបគេស្ទើរអស់សង្ឃឹមក្នុងអាជីពចាំទី។
ព្រឹកថ្ងៃទី៨ ខែសីហា ២០១៨នេះ អ៊ុំ វិចិត្រ បានប្រាប់ Sabay ថា ៖«បាទបង! អំឡុងពេលព្យាបាលហ្នឹងប្រើពេលយូរ ខ្ញុំពិតជាអស់សង្ឃឹមមែន»។ តើកត្តាអ្វីបានជំរុញឲ្យរូបគេតស៊ូឡើងវិញរហូតឈានឡើងកម្រិតល្អប្រសើររបស់ខ្លួនវិញ?
វិចិត្របាននិយាយថា ៖«ទី១គឺខ្ញុំអត់បាក់ទឹកចិត្ត។ អ្វីដែលខ្ញុំស្រលាញ់តាំងពីតូច គឺមិនបោះបង់ចោល។ ទោះរបួសធ្វើឲ្យបាត់បង់អ្វីៗទាំងអស់ តែខ្ញុំត្រូវយកវាមកវិញ។ ទី២ ខ្ញុំបានព្យាយាមរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យក.ដៃរបស់ខ្ញុំមានចលនាដូចដើមវិញ។ ខ្ញុំអត់ចេះលេងហ្គីតាទេ តែខ្ញុំបានទិញហ្គីតា និងព្យាយាមលេងហ្គីតារហូតចេះ ហើយដៃខ្ញុំក៏កាន់តែល្អប្រសើរជាលំដាប់»។
«ម្យ៉ាងទៀត មានការលើកទឹកចិត្តច្រើនពីមនុស្សជុំវិញខ្លួន មានគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្របានធ្វើឲ្យខ្ញុំប្រឹងប្រែងតស៊ូចូលទីលានវិញ»។
បន្ទាប់ពីដៃល្អប្រសើរវិញតាមរយៈការព្យាបាលជិត៣ឆ្នាំ អ៊ុំ វិចិត្របានវិលចូលទីលាននៅចុងឆ្នាំ២០១៦។ ចុងឆ្នាំនោះរូបគេលេងបាន២ប្រកួតឲ្យក្រសួងការពារជាតិ ហើយប្រឹងប្រែងបន្តបន្ទាប់ នៅឆ្នាំ២០១៧ រូបគេលេងបាន៥ប្រកួតទៀត និងឆ្នាំ២០១៨នេះចូលលេងជាញឹកញាប់ទាំងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគបាល់ទាត់កំពូលកម្ពុជា។ ជាពិសេស កាលពីខែកញ្ញា ឆ្នាំ២០១៦ រូបគេក៏ត្រូវបានអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Lee Tae Hoon កោះហៅចូលក្រុមជម្រើសជាតិកម្ពុជាវិញក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុង។
បច្ចុប្បន្ន អ្នកចាំទី អ៊ុំ វិចិត្របានក្លាយជាតួដ៏សំខាន់ម្នាក់ជួយដល់ក្លឹបក្រសួងការពារជាតិទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងលីគកំពូលកម្ពុជាដែលជារឿយៗត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងឆ្លាស់គ្នាជាមួយប្អូនប្រុសបង្កើត អ៊ុំ សេរីរ័ត្ន៕